FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចព្រះឧត្ដមមុនី ជា សំអាង និមន្តសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាស្បៀង សម្ភារ និងបច្ច័យ ជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកចំនួន ៥១៩គ្រួសារ (Video inside)

12-01-2026 20:15

(កណ្ដាល)៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ នៅវត្តស្លាកែត បានរៀបចំពិធីចែកអំណោយជាស្បៀង សម្ភារ និងបច្ច័យ ជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកចំនួន ៥១៩គ្រួសារ ដែលបានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព សម្ដេចព្រះឧត្ដមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណខេត្តកណ្ដាល និងមានការនិមន្តចូលរួមពីព្រះអនុគណ ព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះរាជាគណៈកិត្ដិយស ជាព្រះធម្មធរគណខេត្ដកណ្ដាល និងជាព្រះអនុគណស្រុកកៀនស្វាយព្រមទាំងព្រះចៅអធិការគ្រប់វត្តនៅស្រុកកៀនស្វាយ។

ក្នុងឳកាសនោះព្រះពោធិវង្សា ពៅ រតនា រាជាគណៈកិត្ដិយស និងជាព្រះសមុហ៍គណខេត្តកណ្តាល ព្រះវិន័យធម៌អនុគណស្រុកកៀនស្វាយ និងជាព្រះចៅអធិការវត្តកៀនស្វាយក្រៅ បានមានសង្ឃដីកាថា «ក្រោមការដឹកនាំ និងចង្អុលបង្ហាញអំពី សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់សម្ដេចព្រះឧត្ដមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណខេត្តកណ្ដាល បានឱ្យសាលាអនុគណខេត្ដកណ្ដាល រៀបចំនូវគ្រឿងឧបភោគបរិភោគ និងបច្ច័យ ជូនដល់គ្រួសារវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ដែលបានមករស់នៅស្រុកកៀនស្វាយ សរុបចំនួន ៥១៩គ្រួសារ ។

ព្រះពោធិវង្សា ពៅ រតនា បានមានសង្ឃដីកាបន្ដថា ការជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាស្បៀង សម្ភារចំាបាច់ និងបច្ច័យមួយចំនួន ជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកនាពេលនេះ គឺជាលើកទី៤ហើយ ។សម្រាប់គឿងឧបភោគបរិភោគ សម្ភារចាំបាច់មួយចំនួន រួមទាំងបច្ច័យជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក គឺព្រះអនុគណ ព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះរាជាគណៈកិត្ដិយស ជាព្រះធម្មធរគណខេត្ដកណ្ដាល និងជាព្រះអនុគណស្រុកកៀនស្វាយ បានដឹកនាំដល់ព្រះមន្ដ្រី សង្ឃ លោកគ្រូ ព្រះចៅអធិការគ្រប់វត្ដនៅក្នុងស្រុកកៀនស្វាយ និងមានការឧបត្ថម្ភពីបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លា ចូលរួមជាអំណោយជូនវីរកងទ័ពជួរមុខ គ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកយើង។
«លើសពីនោះក៏មានទិសដៅបន្ថែម ចន្លោះថ្ងៃទី១៤-១៥ខែមករា ខាងមុខនេះ គឺក្រោមការដឹកនាំរបស់ព្រះគ្រូអនុគណស្រុកកៀនស្វាយ និងមានការចាត់ចែងពីអាត្មាភាព ខ្ញុំព្រះករុណានឹងចុះទៅកាន់ព្រំដែនផ្ទាល់តែម្ដង នៅខេត្ដឧត្ដរមានជ័យ ដើម្បីយកអំណោយ ជូនដល់វីរកងទ័ពផ្ទាល់ ដែលមានគ្រឿងឧបភោគបរិភោគ សម្ភារចាំបាច់មួយចំនួនទៀត និងបន្តចុះទៅសួរសុខទុក្ខដល់ប្រជាជនភៀសសឹកផងដែរ។ ក្នុងគ្រាដ៏បាកមួយនេះ គឺជាពេលវេលាដែលត្រូវសាមគ្គីគ្នា និងជួយគ្នា ដោយយោងតាមទ្រីស្ដី «ព្រះពុទ្ធសាសនា គឺផ្សារភ្ជាប់នឹងសង្គម» ឬមួយទៀតហៅថា វប្បធម៌នៃការចែករំលែក»។ នេះបើតាមសង្ឃដីកាបន្ថែមរបស់ ព្រះពោធិវង្សា ពៅ រតនា។

ព្រះពោធិវង្សា ពៅ រតនា បានមានសង្ឃដីកាបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងសម្ដេចតេជោ ហ៊ុនសែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានស្ថានិកសន្ដិភាព គឺប្រជាជនមានភាពកក់ក្ដៅ មិនតក់ស្លុត ទោះក្នុងស្ថានភាពដ៏លំបាកនេះក៏ដោយ ក៏ប្រជាជនមានភាពជឿជាក់លើរាជរដ្ឋាភិបាល។

ក្នុងឱកាសនេះព្រះពោធិវង្សា ពៅ រតនា ក៏បានថ្លែងអំណរគុណដល់ប្រជាពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លា ដែលបានចូលរួមជួយឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកា ក្នុងនោះក៏មានព្រះសង្ឃទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ជួយទៅដល់វីរកងទ័ព ក្រុមគ្រួសារកងទ័ព និងប្រជាជនៅភៀសសឹកយើង។

ជាមួយគ្នានោះ ព្រះពោធិវង្សា ពៅ រតនា សូមបួងសួង ដល់វត្ថុស័ក្កសិទ្ធិក្នុងលោក ពិសេសបារមីគ្រប់ព្រះអង្គ បុព្វបុរសដូនតាយើង ជួយប្រោសព្រំដល់កូនចៅ និងទឹកដីកម្ពុជាដ៏ស័ក្កសិទ្ធ មាននូវសេចក្ដីសុខ សេចក្ដីចម្រើន សុខសន្ដិភាព ជាពិសេសសូមជួយផ្ដល់នូវកម្លាំងចិត្ដ បញ្ញា ស្មារតី កាន់តែខ្លាំងក្លា ដល់វីរកងទ័ពជួរមុខយើង យកឈ្នះអស់មាសត្រូវពីគ្រប់ទិសទី។ ជាងនេះទៅទៀតសូមយកឱកាសនេះ ឧទ្ទិសកុសលជូនចំពោះវីរកងទ័ពយើងដែលបានពលីកម្មដើម្បីការពារបូរណភាពទឹកដី កំឡុងមានបញ្ហាព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីនេះៗ និងបួងសួងចំពោះព្រះមហាក្សត្រគ្រប់ជំនាន់ ដល់ដូនតាបុព្វបុរសខ្មែរ មេទ័ពខ្មែរ ដែលបានពលីសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដីបន្សល់ទុកឱ្យកូនចៅរហូតមកដល់ពេលនេះ ហើយសូមដួងព្រលឹងដូនតាខ្មែរ បន្ដជួយថែរក្សាមាតុភូមិយើងទៅមុខទៀតឱ្យបានសុខសប្បាយ ហើយរាល់អស់និមិត្ដអាក្រក់ អព្វមង្គលឯណានិមួយ បច្ចាមិត្ដ ដែលប៉ុនប៉ុង រំលោភប្រមាថ ប្រៀតប្រៀនឈ្លានពានព្រះរាជាណាចក្រកម្ពុជា សូមឱ្យបច្ចាមិត្ដទាំងអស់នោះ ដល់នូវក្ដីវិនាសអន្ដរាយ បាក់បប ខ្លបខ្លាច និងបវៀសចៀសចេញឆ្ងាយ ចាប់ពីពេលនេះតរៀងទៅ។

សូមជម្រាបថា ចំពោះអំណោយដែលបានចែកជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកចំនួន ៥១៩គ្រួសារនាពេលនេះ រួមមាន៖ ទឹកក្រូច ចំនួន ៥១៩កេស, ខោអាវ, អំបុក ចំនួន១៥៤គីឡូ និងថវិកាមួយចំនួន ដែលចំណាយថវិកាសរុបទំាងអស់ចំនួន ៩៩,៤៦១,៩០០រៀល៕