លោក ត្រាំ ប្តេជ្ញាថាអាមេរិកនឹងយកកោះហ្គ្រីនឡែន «ទោះតាមវិធីណាក៏ដោយ» (Video inside)
12-01-2026 19:49
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកនឹងយកកោះហ្គ្រីនឡែន (Greenland) «ទោះតាមវិធីណាក៏ដោយ» ដោយព្រមានថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនធ្វើសកម្មភាពទេ នោះរុស្ស៊ី និងចិននឹង «ចូលកាន់កាប់» មិនខាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងដែនដីដាណឺម៉ាកដ៏សម្បូរធនធានរ៉ែមួយនេះ មានសារៈសំខាន់បំផុតសម្រាប់សន្តិសុខជាតិអាមេរិក ចំពោះមុខសកម្មភាពយោធាកើនឡើងនៅតំបន់អាក់ទិក។ លោកបានថ្លែងថា «បើមិនមែនយើងទេ រុស្ស៊ី ឬចិននឹងយក ហើយខ្ញុំនឹងមិនបណ្តោយឱ្យរឿងនោះកើតឡើងទេ»។
លោកថែមទាំងបានចំអកឱ្យប្រព័ន្ធការពាររបស់ហ្គ្រីនឡែនថាមានត្រឹមតែ «រទេះឆ្កែអូសពីរ» ប៉ុណ្ណោះ ខណៈដែលរុស្ស៊ី និងចិនមាននាវាពិឃាត និងនាវាមុជទឹកពាសពេញ។
ទោះបីជានាយករដ្ឋមន្ត្រីដាណឺម៉ាកបានព្រមានថា ការប្រើកម្លាំងនឹងបំផ្លាញទំនាក់ទំនងសន្តិសុខ ៨០ឆ្នាំក៏ដោយ ក៏លោក ត្រាំ បានច្រានចោលដោយនិយាយថា «បើវាប៉ះពាល់ដល់ណាតូ ក៏ប៉ះពាល់ទៅចុះ។ ប៉ុន្តែអ្នកដឹងទេ ពួកគេត្រូវការយើងខ្លាំងជាងយើងត្រូវការពួកគេ»៕

