FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ យកចិត្តទុកដាក់ ក្នុងការរំដោះដីចំណីផ្លូវ

12-01-2026 17:54

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោក ប្រធានសាលាដំបូងខេត្ត លោក ព្រះរាជអាជ្ញាអមសាលាដំបូង លោកអភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្តលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

លោក អភិបាលខេត្តបាន ណែនាំអាជ្ញាធរក្រុង-ស្រុក ដែលនៅជាប់ផ្លូវជាតិលេខ៥ មានក្រុងបាត់ដំបង ស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកថ្មគោល ជួយថែទាំសួនច្បារលើទ្រូវក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យបានល្អប្រសើរ ដើម្បីលើកសោភ័ណភាពតាមដងផ្លូវ។

លោក សុខ លូ បានជំរុញទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារវីរកងទ័ព និងវីរនគរបាលជួរមុខកំពុងឈរជើងការពារបូរណភាពទឹកដី ដូច្នេះក្រុមគ្រួសាររបស់កងកម្លាំងជួរមុខទាំងអស់មិនអាចជួបប្រទះបញ្ហាខ្វះខាតដោយអាជ្ញាធរមិនដឹងនោះទេ។

លោកសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ឧបត្ថម្ភទំនុកបម្រុងចំពោះគ្រួសារវីរកងទ័ព និងវីរនគរបាលជួរមុខជានិច្ច ដោយមិនទុកឱ្យជួបការខ្វះខាតឡើយ។

រដ្ឋបាលខេត្ត មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមរៀបចំពិធីបុណ្យបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង ព្រះឧបជ្ឈាយ៍ខេត្ត និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង នៅបរិវេណទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក សុខ លូ ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ យកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវ និងត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើនៅតាមទីប្រជុំជន និងទីសាធារណៈឱ្យបានច្រើនដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង។

បន្ថែមពីនេះ លោក សុខ លូ បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងមន្ទីរជំនាញត្រូវអប់រំផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ ក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយ មិនត្រូវដុតសំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន និងកាត់បន្ថយការប្រើឧបករណ៍រំពងសំឡេងខ្លាំងក្នុងភូមិឋានដែលបង្កការរំខានប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរ។

សូមបញ្ជាក់ថា ក្នុងរយៈពេលមួយខែកន្លងទៅនេះ ជារួមសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងខេត្ត និងនៅតំបន់ព្រំដែនពុំមានសកម្មភាពអ្វីគួរកត់សម្គាល់ ដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។

បញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ, សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវបង្ក្រាបជាបន្តបន្ទាប់ដូចភ្លៀងរលឹមដោយអនុវត្តតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើស និងធានាបានសន្តិសុខ សុវត្ថិភាពនៅគ្រប់មូលដ្ឋាន៕