ក្រសួងសុខាភិបាល ទទួលកញ្ចប់សម្ភារបរិក្ខារពេទ្យ ដើម្បីសង្គ្រោះជីវិតទាក់ទងនឹងសុខភាពបន្តពូជ សម្រាប់សហគមន៍នៅតាមព្រំដែន
12-01-2026 16:34
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីជាមួយលោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំកម្ពុជា ក្នុងពិធីប្រគល់ និងទទួលកញ្ចប់សម្ភារបរិក្ខារពេទ្យ ដើម្បីសង្គ្រោះជីវិតទាក់ទងនឹងសុខភាពបន្តពូជ សម្រាប់សហគមន៍នៅតាមព្រំដែន។
ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNFPA ដែលបានផ្តល់ការគាំទ្រទាន់ពេលវេលា និងប្រកបដោយតម្លៃមិនអាចកាត់ថ្លៃបាន ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ស្ត្រី មាតា និងទារក ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន។
លោកសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់ត្រូវបានសម្រេចក៏ដោយ ប៉ុន្តែផលប៉ះពាល់ផ្នែកសុខភាពនៅតែបន្តកើតមាន។ កញ្ចប់សម្ភារទាំង ៧០ ដែលរួមមានឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិត និងឱសថសំខាន់ៗ នឹងត្រូវដាក់ពង្រាយដើម្បីធានានិរន្តរភាពនៃសេវាថែទាំមាតា និងទារក ការពារហានិភ័យនៃការស្លាប់របស់មាតា និងឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋដែលភៀសខ្លួន។
ប្រសាសន៍សំខាន់ៗរបស់ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងការបន្តការលើកកម្ពស់សុខភាពសាធារណៈ ដោយប្តេជ្ញាចិត្តមិនបោះបង់នរណាម្នាក់ចោល មិនទទួលបានការថែទាំនោះទេ ក្រសួងសុខាភិបាលផ្តល់អាទិភាពខ្ពស់ ក្នុងការធានាថា សេវាសុខភាពបន្តដំណើរការជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោកសាស្រ្តាចារ្យបន្ថែមថា ជំនួយនាថ្ងៃនេះ គឺស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ ឆ្លើយតបទៅនឹងសសរស្តម្ភគន្លឹះទាំង៤ រួមមាន ការពង្រឹងសុខភាពមាតា និងទារក ការបង្កើនភាពធន់នៃប្រព័ន្ធសុខាភិបាល ការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល និងការលើកកម្ពស់អភិបាលកិច្ច និងការសម្របសម្រួល។ ភាពជាដៃគូយូរអង្វែង ការគាំទ្រនេះមិនត្រឹមតែបង្ហាញពីសមត្ថភាពឆ្លើយតបសង្គ្រោះបន្ទាន់របស់ UNFPA ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការជាង ៣ ទសវត្សរ៍កន្លងមក។
លោកស្រី Sandra Bernklau ក៏បានថ្លែងអំណរគុណចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការបញ្ជូនក្រុមសុខភាពចល័តពីមន្ទីរពេទ្យជាតិ ទៅកាន់ខេត្តដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តជាប់ព្រំដែន។
ជាទីបញ្ចប់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានប្តេជ្ញាធានាឱ្យបាននូវការបែងចែកសម្ភារទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ទៅកាន់មូលដ្ឋានសុខាភិបាល និងសហគមន៍ដែលកំពុងត្រូវការចាំបាច់ ដើម្បីកសាងប្រព័ន្ធសុខាភិបាលកម្ពុជាមួយដ៏រឹងមាំ អាចការពារគ្រប់ជីវិតប្រជាជនក្នុងគ្រប់កាលៈទេសៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ដែរថា កញ្ចប់សម្ភារបរិក្ខារសម្រាប់សុខភាពបន្តពូជចំនួន ៧០កញ្ចប់ ដែលត្រូវបានបញ្ជូនទៅឃ្លាំងឱសថកណ្តាល រួមមានឧបករណ៍វេជ្ជសាស្រ្ត និងថ្នាំពេទ្យជាច្រើនប្រភេទដែលត្រូវការសម្រាប់ការសង្គ្រោះថែទាំផ្នែកសម្ភព និងទារកទើបនឹងកើត រួមមាន៖
១៖ កញ្ចប់សម្ភារសម្រាប់ការសំអាតនិងអនាម័យ (Kit-2B): ១៩ កញ្ចប់ដើម្បីគាំទ្រដល់ការសម្រាលកូនដោយសុវត្ថិភាពនៅជំរុំភៀសសឹក និងក្នុងសហគមន៍។
២៖ ឧបករណ៍ជំនួយក្នុងការបង្កើតកូន (Kit-6A & Kit-6B): ១៨ កញ្ចប់ (ប្រភេទនីមួយៗ មានចំនួន ៩) ផ្តល់ទាំងឧបករណ៍ដែលអាចប្រើឡើងវិញបាន និងឱសថសំខាន់ៗសម្រាប់គ្រឹះស្ថានសុខាភិបាល ៣) កញ្ចប់សម្រាប់សង្គ្រោះបន្ទាន់និងថែទាំផ្នែកសម្ភព (Kit-11A & Kit-11B): ៦ កញ្ចប់ (ប្រភេទនីមួយៗ មានចំនួន
៣៖ ដើម្បីគ្រប់គ្រងផលវិបាកនៃការវះកាត់នៃផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្ត។
៤៖ កញ្ចប់ឧបករណ៍ឯកទេសសំខាន់ៗ៖ រួមមានឧបករណ៍សម្រាប់គ្រប់គ្រងផលវិបាកនៃការរលូតកូន (៩ កញ្ចប់) ដេរបួសនៃការដាច់រហែកមាត់ស្បូននិងទ្វារមាស (៩ កញ្ចប់) និងឧបករណ៍បូមជប់សម្រាប់បង្កើតកូន (៩ កញ្ចប់)៕



























