FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ៖ គិតពីម៉ោង៦ព្រឹកថ្ងៃទី១១ ដល់ម៉ោង៦ព្រឹកថ្ងៃទី១២ ខែមករា ពលរដ្ឋភៀសសឹកប្រមាណ៤សែន ៩ម៉ឺននាក់ បានវិលត្រឡប់ ទៅលំនៅឋានវិញ (Video inside)

12-01-2026 16:11

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា សកម្មភាពរំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការខូចខាតក្នុងខេត្តចំនួន៧ រួមមាន៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។

ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានប្រមាណ៤សែ ន៩ម៉ឺននាក់ បានវិលត្រឡប់ ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៥៩ ៥៩២នាក់ ក្នុងនោះស្ត្រីមាន៨៣.២៤៩នាក់ និង កុមារ៥១.៩៩៧នាក់។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ១ ៨៨០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១៥៩ ៥៩២នាក់ ក្នុងនោះស្ត្រីមាន ៨៣ ២៤៩នាក់ និងកុមារ ៥១ ៩៩៧នាក់។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាពសាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឱ្យព្រួយបារម្ភ។ ជាងនេះទៅទៀត ពលរដ្ឋភៀសសឹកខ្លះវិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរំបណ្តោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ។

ក្រសួងមហាផ្ទៃ បានបន្តថា ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន២២២ មន្ទីរពេទ្យ/មណ្ឌលសុខភាព៣៤ រដ្ឋបាលខេត្ត១ មន្ទីរអង្គភាពជុំវិញខេត្ត៣៣ រដ្ឋបាលស្រុក៥ អង្គភាពកងកម្លាំងមានសមត្ថកិច្ច ថ្នាក់ក្រុង ស្រុក១០ រដ្ឋបាលឃុំសង្កាត់២៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២៣ បានបើកដំណើរការឡើងវិញ ខណៈសាលារៀន៤០ មន្ទីរពេទ្យ/មណ្ឌលសុខភាព៧ រដ្ឋបាលនៅថ្នាក់សង្កាត់១ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បន្តបិទផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទផ្អាក ខណៈស្ថាប័នផ្តល់ សេវាសាធារណៈនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានបើកដំណើរការឡើងវិញ។ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក ខណៈសាលារៀន១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និង ស្ថាប័នផ្តល់សេវាសាធារណៈនៅថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការឡើងវិញ៕