Fresh Exclusive: សង្គ្រាមពាក្យ ឬ សង្គ្រាមឈាម៖ ពេលណាត្រូវនិយាយខ្លាំង ពេលណាត្រូវនិយាយតិច ដើម្បីការពារជាតិ?
12-01-2026 16:06
(ភ្នំពេញ)៖ នៅក្នុងសម័យដែលពាក្យមួយម៉ាត់អាចធ្វើឱ្យមនុស្សរស់ ឬស្លាប់បាន សង្គ្រាមមិនចាប់ផ្តើមត្រឹមតែពីសំឡេងស្នូរគ្រាប់បែកទៀតទេ ប៉ុន្តែចាប់ផ្តើមពីមាត់ ពីមីក្រូហ្វូន និងពីសេចក្តីថ្លែងការណ៍។ នៅពេលដែលពាក្យក្លាយជាអាវុធ សំណួរដែលគួរឱ្យខ្លាចបំផុតមិនមែនថា តើនិយាយអ្វីនោះទេ? ប៉ុន្តែគឺតើពាក្យនេះ នឹងនាំយើងទៅទីណា?
ក្នុងបរិបទសង្គ្រាមរវាងកម្ពុជា-ថៃ សំណួរដ៏ធ្ងន់ធ្ងរមួយបានលេចឡើង៖ តើគួរបន្តសង្គ្រាមពាក្យ រហូតឱ្យវាប្រែទៅជាសង្គ្រាមឈាម ដែរឬទេ? ឬតើគួរផ្លាស់ប្តូរទិស ដើម្បីរក្សាជីវិតមនុស្ស ខណៈដែលយើងមិនលះបង់សិទ្ធិ និងអធិបតេយ្យភាពយើងនោះទេ?
ការជ្រើសរើសប្រើប្រាស់ភាសា ក្នុងស្ថានភាពវិបត្តិវាមិនមែនជារឿងអារម្មណ៍ ឬមោទនភាពទេ ប៉ុន្តែជាការសម្រេចចិត្តផ្នែកយុទ្ធសាស្ត្រ ដែលអាចកំណត់ថា ប្រទេសមួយនឹងចូលទៅក្នុងសង្គ្រាម ឬរក្សាសន្តិភាព។ កម្ពុជាកំពុងឈរនៅចំណុចប្រសព្វដ៏លំបាកមួយ៖ រវាងការនិយាយខ្លាំង ដើម្បីបង្ហាញភាពមិនចុះចាញ់ និងការនិយាយតិច ដើម្បីការពារជីវិតប្រជាពលរដ្ឋ។ បញ្ហាមិនមែនថា តើមួយណាដែលត្រឹមត្រូវជាងទេ ប៉ុន្តែថាតើពេលណា ហើយគួរជ្រើសរើសមួយណា?
* តើគួរផ្លាស់ប្តូរ «សង្គ្រាមពាក្យ» ទៅជា «សង្គ្រាមឈាម» ដែរឬទេ?
ចម្លើយត្រង់ និងឈឺចាប់គឺមិនគួរឡើយ។ សង្គ្រាមឈាម មិនមែនជាការសាកល្បងមោទនភាពនយោបាយទេ ប៉ុន្តែជាតម្លៃជីវិតមនុស្សពិតប្រាកដ។ នៅក្នុងតុល្យភាពកម្លាំងយោធាបច្ចុប្បន្ន កម្ពុជាដឹងច្បាស់ថា ការបន្តឬពង្រីកសង្គ្រាមនឹងនាំឱ្យអ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺប្រជាពលរដ្ឋវាមិនមែនជាពេលវេលានៃមោទនភាពពាក្យទេ។ ប្រវត្តិសាស្ត្របង្ហាញថា ប្រទេសតូច ដែលប្តូរសង្គ្រាមពាក្យ ទៅជាសង្គ្រាមឈាម ដោយគ្មានអត្ថប្រយោជន៍យុទ្ធសាស្ត្រច្បាស់លាស់ ជាញឹកញាប់ត្រូវបាត់បង់ទាំងជីវិត និងអនាគត។ ការជៀសវាងសង្គ្រាម មិនមែនជាភាពទន់ខ្សោយទេ ប៉ុន្តែជាការទទួលខុសត្រូវ។
* ពេលណាត្រូវនិយាយខ្លាំង?
ក្នុងទ្រឹស្តីនៃភាសានយោបាយ និងច្បាប់អន្តរជាតិ ការនិយាយខ្លាំងមិនដូចនឹងការនិយាយឆេវឆាវ ឬការបាញ់ពាក្យសម្តីតាមអារម្មណ៍ឡើយ។ ការនិយាយខ្លាំងមានន័យថា និយាយដោយច្បាស់លាស់ ត្រឹមត្រូវ មានមូលដ្ឋានច្បាប់ មានភស្តុតាងគាំទ្រ និងមានគោលដៅយុទ្ធសាស្ត្រច្បាស់។ វាជាការប្រើភាសា ដើម្បីបង្កើតកំណត់ត្រា និងការទទួលខុសត្រូវមិនមែនដើម្បីបង្កការផ្ទុះក្ឌុងក្តាំងខឹងខូច ខឹងខុស ខឹងខាតឡើយ។
ក្នុងបរិបទនេះ ការនិយាយខ្លាំងមិនមានន័យថា ត្រូវប្រើពាក្យសម្តីញ៉ាំងៗ ឬប្រើភាសាផ្ទុះកំហឹងភ្លាមៗ ដែលអាចត្រូវគេយកធ្វើលេសបង្កសង្គ្រាមឡើយ ប៉ុន្តែមានន័យថា ត្រូវនិយាយអ្វីដែលមិនអាចបដិសេធបាន និយាយអ្វីដែលអាចកត់ត្រាបាន និងនិយាយអ្វីដែលអាចឈរជាភស្តុតាងនៅមុខសហគមន៍អន្តរជាតិ។ ការតវ៉ាផ្លូវការជាលាយលក្ខណ៍អក្សរ ការដាក់កំណត់ត្រាទៅកាន់អង្គការសហប្រជាជាតិ ការប្រើពាក្យច្បាប់តឹងរ៉ឺងដូចជា «ការរំលោភបំពាន» «ការកាន់កាប់ខុសច្បាប់» ឬ «ការផ្លាស់ប្តូរស្ថានភាពលើដីដោយឯកតោភាគី» គឺជាទម្រង់នៃការនិយាយខ្លាំង ដែលមានទម្ងន់ច្បាប់ខ្ពស់ និងមិនចាំបាច់បាញ់កាំភ្លើងសូម្បីតែមួយគ្រាប់ក៏អាចការពារសិទ្ធិជាតិបានដែរ។
និយាយខ្លាំងក្នុងន័យនេះ គឺជាការបាញ់ឯកសារជំនួសការបាញ់អាវុធ ជាការប្រើច្បាប់ជាខែល និងជាការបង្ហាញថា ប្រទេសមួយកំពុងការពារអធិបតេយ្យភាពរបស់ខ្លួនដោយប្រាជ្ញាមិនមែនដោយអារម្មណ៍។
* ពេលណាត្រូវនិយាយតិច? ហើយនិយាយតិចមានអត្ថន័យយ៉ាងណា?
ក្នុងទ្រឹស្តីនៃការការពារជាតិ និងការគ្រប់គ្រងវិបត្តិនិយាយតិច មិនមែនមានន័យថា ស្ងៀម ឬចុះចាញ់ នោះឡើយ។ និយាយតិច មានន័យថាកាត់បន្ថយសំឡេងសាធារណៈ និងភាសាផ្ទុះនៅពេលដែលពាក្យមួយ អាចក្លាយជាអាវុធបំផ្ទុះសង្គ្រាម ឬអាចត្រូវភាគីម្ខាងយកទៅធ្វើលេសបំប្លែងជនរងគ្រោះឱ្យក្លាយជាអ្នករំខានសន្តិភាព។ និយាយតិច គួរធ្វើនៅពេលដែលស្ថានភាពយោធា មានភាពតានតឹងខ្លាំង ហើយជីវិតប្រជាពលរដ្ឋស្ថិតនៅជួរមុខ។ ក្នុងបរិបទបែបនេះ ពាក្យខុសពេលតែមួយឃ្លាអាចបម្លែងជីវិតមនុស្សជាអ្នករងគ្រោះភ្លាមៗ។ ដូច្នេះការនិយាយតិច គឺជាវិធានការការពារជីវិតមុនគេវា មិនមែនជាពេលនៃមោទនភាពពាក្យឡើយ។
ការនិយាយតិច ក៏ចាំបាច់ណាស់ដែរ នៅពេលដែលត្រូវផ្តល់លំហដល់ភាសាការទូត និងការសម្របសម្រួល។ ការចរចាសន្តិភាព មិនដំណើរការល្អ នៅក្រោមសម្ពាធមុខកាមេរ៉ា ឬការបាញ់ពាក្យសម្តីប្រកួតគ្នានៅលើវេទិកាសាធារណៈទេ។ នៅពេលដែលមានមជ្ឈដ្ឋានមួយ កំពុងធ្វើការដោះស្រាយបញ្ហា សម្លេងខ្លាំងពេកអាចបិទច្រកដោះស្រាយដោយមិនចាំបាច់។ សំខាន់បំផុតនិយាយតិច មិនមានន័យថា មិនធ្វើអ្វីនោះទេ។ ផ្ទុយទៅវិញ វាមានន័យថា ខណៈដែលសំឡេងខាងមុខស្ងប់ សកម្មភាពខាងក្រោយ ត្រូវកាន់តែខ្លាំង៖ ការតវ៉ាផ្លូវការជាលាយលក្ខណ៍អក្សរ ការកត់ត្រាទៅ UN និងអាស៊ាន ការប្រមូលភស្តុតាង និងការត្រៀមផ្លូវច្បាប់។ នេះហើយជាគោលការណ៍ «ស្ងាត់តែមិនស្ងៀម»។
និយាយតិច ក្នុងន័យនេះ គឺជាការគ្រប់គ្រងពេលវេលា និងហានិភ័យ និងជាជម្រើសយុទ្ធសាស្ត្រវាមិនមែនជាការភ័យខ្លាចទេ។ វាជាការឱ្យគេយល់ថា ពេលខ្លះភាពស្ងប់ មានអំណាចខ្លាំងជាងសំឡេង ហើយការមិនបាញ់ពាក្យសម្តីឆេវឆាវមួយវិនាទី អាចសង្គ្រោះជីវិតមនុស្សដល់រាប់រយនាក់ ឬច្រើនជាងនោះផង។
ដូច្នេះការនិយាយតិច គួរធ្វើនៅពេលដែលភាសានោះ អាចរអិលឬបម្លែងទៅជាសង្គ្រាម ឬអាចត្រូវបានយកទៅធ្វើជាលេសនយោបាយ ដើម្បីទាញកម្ពុជាឱ្យក្លាយជាភាគីរំខានបទឈប់បាញ់ ជំនួសនូវភាពរងគ្រោះ។ វាក៏ចាំបាច់ដែរ នៅពេលដែលស្ថានភាពយោធាកំពុងតានតឹង ហើយជីវិតមនុស្ស កំពុងស្ថិតនៅក្នុងហានិភ័យភ្លាមៗ ដែលពាក្យខុសពេល តែមួយឃ្លាក៏អាចបង្កផលវិបាក មិនអាចត្រឡប់ក្រោយបានឡើយ។
យ៉ាងណាមិញនិយាយតិច មិនមានន័យថា ស្ងៀម ឬទទួលយកការបំពានឡើយ។ ផ្ទុយទៅវិញ វាជាការកាត់បន្ថយសម្លេងសាធារណៈដែលមិនចាំបាច់ ខណៈដែលសកម្មភាពច្បាប់ ការទូត និងការតវ៉ាផ្លូវការ ត្រូវធ្វើឱ្យខ្លាំងជាងមុន។ នេះហើយជាគោលការណ៍ដែលអាចសង្ខេបបានដោយពាក្យតែមួយឃ្លា គឺស្ងាត់តែមិនស្ងៀម។
* មោទនភាពពាក្យ ឬ ជីវិតមនុស្ស
នេះជាចំណុចសីលធម៌ដ៏សំខាន់បំផុត ក្នុងការសម្រេចចិត្តផ្នែកជាតិ។ គេមិនគួរត្រូវបានបង្ខំឱ្យជ្រើសរើសរវាងមោទនភាពពាក្យ និងជីវិតមនុស្ស ដូចជាជម្រើសដែលត្រូវទុកមួយ ឬចោលមួយឡើយ។ មោទនភាពពាក្យ អាចកែសម្រួលអាចសរសេរឡើងវិញ និងអាចប្តូរទម្រង់បានតាមបរិបទ ប៉ុន្តែជីវិតមនុស្សពេលបានបាត់បង់ទៅហើយ មិនអាចយកត្រឡប់មកវិញបានឡើយ។
ហេតុនេះហើយ យុទ្ធសាស្ត្រដែលមានមនុស្សធម៌ និងប្រាជ្ញា មិនមែនជាការជ្រើសរើសពាក្យខ្លាំងជាងគេនោះទេ ប៉ុន្តែជាការជ្រើសរើសជីវិតជាមុន ខណៈដែលរក្សាសិទ្ធិជាតិឱ្យបានពេញលេញ។ នេះមិនមែនជាការចុះចាញ់ ឬការបន្ទន់ចិត្តឡើយ ប៉ុន្តែជាការការពារអនាគតជាតិ និងការពារជីវិតប្រជាពលរដ្ឋក្នុងពេលតែមួយ។
អ្វីដែលសំខាន់ជាងមោទនភាពពាក្យដោយខ្លួនវា គឺអ្វីដែលត្រូវភ្ជាប់មកជាមួយពាក្យនោះ។ ដូច្នេះនៅពេលដែលភាសាច្បាប់ត្រូវបានប្រើប្រាស់ជាមួយពាក្យដ៏រឹងមាំ ហើយត្រូវបានផ្គូរផ្គងជាមួយភស្តុតាង និងឯកសារផ្លូវការ វាមិនមែនជាការអះអាងតាមមាត់ទៀតទេ ប៉ុន្តែបម្លែងខ្លួនវាទៅជាសំណុំឯកសាររឿង ដែលមានទម្ងន់ផ្លូវច្បាប់ពិតប្រាកដ អាចឈរប្រឈមមុខនឹងការត្រួតពិនិត្យអន្តរជាតិ និងការកាត់សេចក្តីតាមច្បាប់បាន។
សរុបមកសង្គ្រាមពាក្យ មិនគួរត្រូវបានអនុញ្ញាតឱ្យវាបម្លែងទៅជាសង្គ្រាមឈាម ដោយគ្មានការគិតគូរយ៉ាងជ្រាលជ្រៅនោះទេ។ ប្រទេសដែលមានប្រាជ្ញា មិនវាស់កម្លាំងខ្លួនឯង តាមសំឡេងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាស់តាមសមត្ថភាពក្នុងការរក្សាជីវិតប្រជាជន និងការពារសិទ្ធិជាតិពេលតែមួយ។ កម្ពុជា មិនគួរជ្រើសរើសរវាងមោទនភាពពាក្យ និង ជីវិតមនុស្សឡើយ។ ជម្រើសត្រឹមត្រូវគឺជ្រើសរើសជីវិត ប៉ុន្តែរក្សាសិទ្ធិ ដោយនិយាយខ្លាំងនៅពេលពេលវេលាត្រូវការ និងត្រូវនិយាយតិច នៅពេលដែលភាពស្ងៀមស្ងាត់ មានអំណាចជាងសំឡេង៕


















