FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានធនាគារកណ្តាលអាមេរិក Jerome Powell ស្ថិតក្រោមការស៉ើបអង្កេត និងរងការគំរាមចោទប្រកាន់ផ្លូវច្បាប់ ពីសំណាក់រដ្ឋបាលលោក ត្រាំ (Video inside)

12-01-2026 15:29

(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ បានគំរាមចោទប្រកាន់ផ្លូវច្បាប់ ចំពោះប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ជុំវិញសក្ខីកម្មដែលលោកបានផ្តល់ឱ្យសភា កាលពីរដូវក្តៅមុន ពាក់ព័ន្ធគម្រោងសាងសង់ទីស្នាក់ការរបស់ធនាគារកណ្តាល ដោយកាលនោះ លោក Powell ចាត់ទុកគម្រោងនោះជាលេស ដើម្បីមានឥទ្ធិពលថែមទៀតលើធនាគារកណ្តាល និងគោលនយោបាយរូបិយវត្ថុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ ២០២៦។

សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក Thom Tillis និងជាសមាជិកនៃគណៈកម្មាធិការធនាគារព្រឹទ្ធសភា ទទួលបន្ទុកជ្រើសរើសបេក្ខជនប្រធានធនាគារកណ្តាលអាមេរិក បានលើកឡើងពីការចោទប្រកាន់ដែលអាចទៅរួច ចំពោះលោក Powell នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គម X។

លោក Powell បានឱ្យដឹងនាយប់ថ្ងៃអាទិត្យថា «ក្រសួងយុត្តិធម៌ បានឱ្យដីការបស់គណៈវិនិច្ឆ័យធំ ដោយគំរាមចោទប្រកាន់ពីបទព្រហ្មទណ្ឌ ទាក់ទងការផ្តល់សក្ខីកម្មរបស់ខ្ញុំ នៅចំពោះមុខគណៈកម្មាធិការធនាគារព្រឹទ្ធសភា កាលពីខែមិថុនា ឆ្នាំមុន។ ខ្ញុំគោរពយ៉ាងជ្រាលជ្រៅចំពោះនីតិរដ្ឋ ជាមួយការទទួលខុសត្រូវ។ ប៉ុន្តែសកម្មភាពមិនធ្លាប់មានពីមុនមកបែបនេះ គេគួរតែទើបបានឃើញក្នុងបរិបទ នៃការគំរាមកំហែងកាន់តែទូលំទូលាយ ដោយរដ្ឋបាលសហព័ន្ធ និងសម្ពាធដើម្បីជំរុញឱ្យទម្លាក់អត្រាការប្រាក់ រួមជាមួយបំណងផ្លាស់ប្តូរប្រធាន»។

គួរបញ្ជាក់ថា នៅក្រោមច្បាប់អាមេរិក ប្រធានាធិបតីអាចបណ្តេញប្រធានធនាគារកណ្តាលបាន លុះត្រាតែហេតុផលច្បាប់ ត្រូវបានបកស្រាយយ៉ាងទូលំទូលាយ សំដៅលើការប្រព្រឹត្តខុសជាក់លាក់ មិនមែនភាពខ្វែងគំនិតគ្នាខាងគោលនយោបាយនោះទេ។ ក្នុងបទសម្ភាសន៍ជាមួយ NBC News លោក ដូណាល់ ត្រាំ បានបដិសេធដឹងឮជុំវិញការស៉ើបអង្កេតលើលោក Powell៕