ស្នងការនគរបាលខេត្តកំពង់ធំ ផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ ពាក់ព័ន្ធបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងដាក់ចេញទិសដៅ៦ចំណុ ដល់កងកម្លាំងនគរបាល
12-01-2026 15:01
(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានដឹកនាំពិធីគោរពទង់ជាតិ ដែលមានកងកម្លាំងចូលរួមប្រមាណ៤០០នាក់ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាមួយនឹងការដាក់ចេញទិសដៅ ៦ចំណុ ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
បន្ទាប់ពីពិធីគោរពទង់ជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងលើកឡើងអំពីស្នាដៃគុណបំណាច់ពលីកម្មរបស់កងកម្លាំងទូទាំងខេត្ត ដែលលះបង់ធនធានសម្ភារ សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមចំណែកបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តសម្រេចបានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៃការប្រព្រឹត្តិទៅរបស់ប្រទេសជាតិ និងអន្តរជាតិ រយៈពេលកន្លងមកនេះជាពិសេសជម្លោះព្រំដែន ដែលបង្កដោយការឈ្លានពានរបស់ កងទ័ពថៃ មកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។
លោកឧត្តមសេនីយ៍ទោ បានថ្លែងក្រើនរំលឹកលើការងារ ៦ចំណុចដល់បងប្អូនកងកម្លាំង ត្រូវអនុវត្តជាប្រចាំរួមមាន៖
*ទី១៖ ពង្រឹងវិន័យលេខ៨៧៣ របស់កងកម្លាំងនគរបាលជាតិកម្ពុជា សម្រាប់កិច្ចប្រតិបត្តិការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
*ទី២៖ ពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជា តាមតួនាទី ភារកិច្ចប្រចាំថ្ងៃ ត្រូវអនុវត្ត យ៉ាងមោះមុត ស្របតាមសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រង ប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រង់ប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ។
*ទី៣៖ បន្តការគ្រប់គ្រង ប្រមូលផ្តុំកងកម្លាំង ដើម្បីធ្វើការហ្វឹកហាត់ លំហាត់របៀប សណ្ដាប់ធ្នាប់ វិន័យកងជួររបស់កងកម្លាំងនគរបាលជាតិកម្ពុជា។
*ទី៤៖ ការងារប្រចាំបញ្ជា ផ្លាស់ប្ដូរវេនប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ក្នុងអង្គភាព ត្រៀមខ្លួនរួចជាស្រេច សម្រាប់ជួយបងប្អូនប្រជាពលរដ្ឋនាគ្រាចាំបាច់ និងចុះអន្តរាគមន៍ ដល់បងប្អូនជនភៀសសឹកដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងមូលដ្ឋានខេត្តកំពង់ធំយើង។
*ទី៥៖ ពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីឈានទៅសម្រេចបាន ស្នាដៃ ជោគជ័យថ្មីៗ បន្ថែមទៀត ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ ។
*ទី៦៖ បង្កើនកិច្ចសហការល្អ ជាមួយមហាជន មន្ត្រីរាជការ គ្រប់ស្រទាប់វណ្ណៈ មន្ទីរអង្គភាពជុំវិញខ្លួន៕
















