FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បងប្អូនអតីតពលករមកពីប្រទេសថៃ ទទួលបានការបណ្តុះបណ្តាលជំនាញត្រៀមចូលធ្វើការងារនៅរោងចក្រ T.S Sport ខេត្តកំពង់ស្ពឺ

12-01-2026 14:50

(កំពង់ស្ពឺ)៖ បងប្អូនអតីតពលករមកពីប្រទេសថៃ ទទួលបានការបណ្តុះបណ្តាលត្រៀមចូលទីផ្សារការងារ តាមរយៈគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ រោងចក្រ T.S Sport ស្ថិតក្នុងភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។

លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ បងប្អូនអតីតពលករមកពីប្រទេសថៃ នឹងទទួលបានការបណ្តុះបណ្តាលអំពីច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងនីតិវិធីនៃការរដោះស្រាយវិវាទការងារ ជំនាញទន់ ព្រមទាំងជំនាញផ្សេងៗទៀត មុននឹងចូលបំពេញការងារនៅតាមច្រវាក់ផលិតកម្ម។

លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បញ្ជាក់បន្ថែមថា ក្រៅពីសេវាទាំងអស់ខាងលើនេះ រាជរដ្ឋាភិបាល បាននិងកំពុងគិតគូរគ្រប់ជ្រុងជ្រោយជាច្រើនទៀត ដើម្បីជួយសម្រួលក្នុងការផ្តល់ចំណេះដឹង និងផ្តល់ការងារជូនបងប្អូនគ្រប់ៗគ្នាជាបន្តបន្ទាប់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកឱកាសការងារ ក៏ដូចជា ផ្តល់ជំនាញជូនដល់អតីតពលករខ្មែរដែលមកពីប្រទេសថៃ៕