មេស៉ីម៉ាក់កម្ពុជា បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលវិលត្រឡប់ទៅកាន់ភូមិឋានផ្ទះសំបែងវិញ សូមប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រាប់បែកចង្កោម
12-01-2026 14:41
(ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលវិលត្រឡប់ទៅកាន់លំនៅឋានវិញ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រាប់សំណល់សង្គ្រាមរបស់កងទ័ពថៃ ពិសេសគ្រាប់បែកចង្កោម។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងអង្គភាពស៉ីម៉ាក់ បានចុះបោសសម្អាតគ្រាប់សំណល់សង្គ្រាម រកឃើញគ្រាប់បែកចង្កោមយ៉ាងច្រើន។
លោកបានបង្ហោះក្នុង Facebook របស់ខ្លួនថា «សូមបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់ភូមិឋានផ្ទះសំបែងវិញ សុំមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាមឈ្លានពានរបស់សៀម ជាពិសេសគ្រាប់បែកចង្កោម»។
សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោម បានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ៕























