FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្ដមសេនីយ៍ឯក ដោក សុផា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសាកលវិទ្យាល័យការពារជាតិ ចុះពិនិត្យសុខភាពជូនពលរដ្ឋ និងជនភៀសសឹកកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីសុវត្ថិភាពឃុំមានជ័យ ស្រុកប្រាសាទបាគង

12-01-2026 12:01

(សៀមរាប)៖ ឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងជាប្រធានប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១០ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ និងបងប្អូនជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីសុវត្ថិភាពឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ពិធីនេះក៏មានការចូលរួមសម្របសម្រួលរក្សាសណ្តាប់ធ្នាប់ ពីកម្លាំងនគរបាលស្រុកប្រាសាទបាគង ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

ឧត្ដមសេនីយ៍ឯក ដោក សុផា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានបង្ហាញនូវស្មារតីស្នេហាជាតិខ្ពស់ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះស្ថានភាពចំពោះមុខ និងការជម្លៀសប្រជាពលរដ្ឋមកកាន់តំបន់សុវត្ថិភាពបានយ៉ាងរហ័ស ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងការស្នាក់នៅបានយ៉ាងសមរម្យ។

ឧត្ដមសេនីយ៍ឯក ដោក សុផា បានបន្តថា ការបន្តចុះពិនិត្យនេះ ក្នុងគោលបំណងជួយសម្របសម្រួលលើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋភៀសសឹកតាមមណ្ឌលសុវត្ថិភាព ដើម្បីធានាថាសំណូមពរ និងបញ្ហាប្រឈមរបស់បងប្អូនត្រូវបានដោះស្រាយទាន់ពេលវេលា។

បេសកកម្មរបស់ ឧត្ដមសេនីយ៍ឯក ដោក សុផា នាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែនៅកៀកជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ពិសេសក្នុងស្ថានភាពដែលជាតិកំពុងត្រូវការសាមគ្គីភាព ដើម្បីការពារអធិបតេយ្យភាព និងសុខសន្តិភាពរបស់ប្រជាជន៕