ឆ្នាំ២០២៥ កម្ពុជាបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់
12-01-2026 11:57
(ភ្នំពេញ)៖ ឆ្នាំ២០២៥កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបណ្ដេញជនបរទេសចំនួន១៣,៥៥៧នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញជនបរទេសទាំងអស់នោះបានប្រព្រឹត្តអំពើល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា។
របាយការណ៍ដែលបានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានបានរកឃើញ និងបង្ក្រាបជនបរទេសប្រព្រឹត្តបទល្មើស សរុបចំនួន៥,០១១លើក មនុស្ស ចំនួន៩,៨៥៧នាក់ លើ៤,១៧១លើក មនុស្សចំនួន៨,៩៨៤នាក់។
ក្នុងចំណោមជនបរទេសទាំងអស់នោះ បានប្រព្រឹត្តបទល្មើសរួមមាន៖
* លួចឆ្លងដែនដោយខុសច្បាប់ ចំនួន៥៥៦លើក មនុស្ស ១,៣១៥នាក់ មាន៣៣សញ្ជាតិ
* ស្នាក់នៅ និងធ្វើការខុសច្បាប់ ចំនួន៤៦៥លើក មនុស្ស៣,១៧៦នាក់ មាន៤៣សញ្ញាតិ
* ស្នាក់នៅលើសទិដ្ឋាការកំណត់ ចំនួន៣,៥៦៧លើក មនុស្ស ៣,៥៦៧នាក់ មាន៦២សញ្ជាតិ
* រៀបអាពាហ៍ពិពាហ៍ខុសច្បាប់ ចំនួន៤លើក មនុស្ស៤នាក់ សញ្ជាតិចិន
* បទល្មើសព្រហ្មទណ្ឌ សរុប៤១៩លើក ជនល្មើស ១,៧៩៥នាក់។
ជនបរទេសទាំងអស់ដែលបានប្រព្រឹត្តបទល្មើសនានា ត្រូវបានឃាត់ខ្លួន និងរៀបចំតាមនីតិវិធី បណ្ដេញចេញពីកម្ពុជា សរុបចំនួន១,០០២លើក មនុស្សចំនួន១៣,៥៥៧នាក់ មាន៦៦សញ្ជាតិ (ច្រើនជាងគេ ជនជាតិចិន៤,៨០៦នាក់ វៀតណាម៣,៤៥៦នាក់ ឥណ្ឌូនេស៊ី១,៤៧៦នាក់ ប៉ាគីស្ថាន៩៦៣នាក់ ថៃ៥៣៤នាក់ ចិនតៃវ៉ាន់៣៨៣នាក់ ឥណ្ឌា៣៤៥នាក់ មីយ៉ាន់ម៉ា២៤៧នាក់ បង់ក្លាដែស២៤១នាក់ ហ្វីលីពីន២២៩នាក់ កូរ៉េខាងត្បូង២២២នាក់ ម៉ាឡេស៊ី១៩១នាក់ ជប៉ុន៤០នាក់ លីប៊ី៧៣នាក់ នេប៉ាល់៦៩នាក់ នីហ្សេរីយ៉ា៥៨នាក់ ម៉ាដាហ្គាស្កា២៤នាក់ យូហ្គង់ដា២១នាក់ កាមេរូន១៨នាក់ ស្រីលង្កា១៤នាក់ ហ្គាណា១៣នាក់ អង់គ្លេស១៣នាក់ អាមេរិក១១នាក់ អាហ្វ្រិកខាងត្បូង១០នាក់ រុស្សី៩នាក់ ឡាវ៨នាក់ លីបេរីយ៉ា៨នាក់ និង៤២សញ្ញាតិទៀត មានពី១ ដល់៦នាក់)។ ក្នុងចំណោមនោះអគ្គនាយកដ្ឋាន ក៏ទទួលបានកិច្ចសហការពីតំណាងស្ថានទូតនានាក្នុងដំណើរ ការបណ្តេញចេញពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសវិញ។
បើតាមអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ការបណ្តេញចេញជនបរទេសក្នុងឆ្នាំ២០២៥ មានចំនួន១៣,៥៥៧នាក់ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើង ៧,៧០៥នាក់ ស្មើនឹង ៥៦,៨៣%។
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអះអាងថា គិតចាប់ពីឆ្នាំ២០១៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបណ្ដេញចេញជនបរទេសខុសច្បាប់ សរុបចំនួន៤៧,១៣៤នាក់ មានចំនួន១១២សញ្ជាតិ៕














