លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន សប្បុរសជនជាតិនិងសប្បុរសជនអន្តរជាតិ ចុះសួរសុខទុក្ខជនភៀសសឹក និងកុមារៗជា សិស្សានុសិស្សកំពុងស្នាក់នៅមណ្ឌលភៀសសឹក ស្រុកអូរជ្រៅ
11-01-2026 20:23
(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនជាតិនិងសប្បុរសជនអន្តរជាតិមួយចំនួន នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខជនភៀសសឹក និងកុមារៗជា សិស្សានុសិស្សកំពុងស្នាក់នៅមណ្ឌលភៀសសឹក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នៅក្នុងឱកាសនោះ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍សំណេះសំណាល និងលួងលោមលេីកទឹកចិត្តកុមារៗជាសិស្សានុសិស្សភៀសសឹកនៅមណ្ឌលភៀសសឹកដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញឱ្យមានអារម្មណ៍ល្អ តាមរយៈការបង្កេីតកម្មវិធីសប្បាយៗដូចជាសំណួរចម្លេីយ និងច្រៀងរាំជាដេីម ដោយភ្ជាប់នឹងការរំលឹកដាស់តឿនឱ្យកុមារប្រឹងយកចិត្តទុកដាក់សិក្សារៀនសូត្រ ដេីម្បីយកចំណេះដឹងធ្វេីជាដេីមទុនសម្រាប់ការអភិវឌ្ឍជីវិតឱ្យក្លាយជាធនធានយុវជនបន្តវេនដ៏រឹងមាំប្រកបដោយចំណេះដឹង និងសមត្ថភាព ដេីម្បីចូលរួមអភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត។ ទោះបីជាពេលនេះក្មួយៗកុមារកំពុងឋិតក្នុងកាលៈទេសៈភៀសសឹកយ៉ាងណាក្តីក៏រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តបន្ទាយមានជ័យផ្ទាល់នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងផ្តល់ភាពកក់ក្តៅដល់ក្មួយៗកំពុងបន្តស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលភៀសសឹកមួយរយៈទៀតខណៈដែលមូលដ្ឋានមិនទាន់រៀបចំរួចរាល់។
ជាមួយគ្នានោះ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងសប្បុសជនបាននាំយកសម្ភារសិក្សារួមមាន កាតាប សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប បន្ទាត់ និងថវិកា ចែកជូនក្មួយៗកុមារសិស្សានុសិស្សាជាង១ពាន់នាក់ នៅក្នុងមណ្ឌលភៀសសឹក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផ្ទាល់៕

























