FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ក្រៅពីកិច្ចការងារផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស, គ្រូបង្រៀន ត្រូវពង្រឹង និងគិតគូរពីការដឹកនាំចលនារៀបចំបរិស្ថានសិក្សាឱ្យបានស្អាតល្អ

11-01-2026 17:35

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ក្រៅពីកិច្ចការងារផ្ទេរចំណេះដឹងដល់សិស្សានុសិស្សហើយនោះ, ត្រូវពង្រឹង និងគិតគូរពីការដឹកនាំចលនារៀបចំបរិស្ថានសិក្សាឱ្យបានស្អាតល្អ ព្រោះថាការរៀបចំបរិស្ថានសិក្សា គឺជាកត្តាជម្រុញដ៏សំខាន់ ដែលធ្វើឱ្យសិស្សចង់រៀន និងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចបណ្តុះបំនិន ដល់សិស្សបានកាន់តែប្រសើរឡើង។

លោកបានអំពាវនាវបែបនេះ នៅបរិវេណស្នាក់ការគណបក្សស្រុក ភូមិរោងម៉ាស៊ីន ឃុំស្វាយលួង ក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទួន និងបុគ្គលិកអប់រំ ទូទាំងស្រុកកណ្តៀង ចំនួន៦០៦នាក់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត, លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, លោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។

លោក ខូយ រីដា បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់បំផុត ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងស្រុកកណ្តៀងទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងបង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងសីលធម៌ដ៏ល្អប្រសើរ។

លោកបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ បានកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាអាទិភាពខ្ពស់បំផុត ក្នុងចំណោមអាទិភាពទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយគោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺបង្កើតនូវ «សាលារៀនគំរូ» ដែលមានគុណភាពពិតប្រាកដ ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ មានចំណេះដឹង និងជំនាញច្បាស់លាស់ អាចប្រកួតប្រជែងក្នុងទីផ្សារការងារ និងឈានទៅចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនបាន។

លោកអភិបាលខេត្ត បានលើកឡើងថា គ្រូបង្រៀន គឺជាវិស្វករនៃព្រលឹងដ៏មានតម្លៃបំផុត, បើគ្រូបង្រៀនមានគុណភាព មានផ្នត់គំនិតស្រលាញ់ និងសាមគ្គីភាពជាតិខ្មែរតែមួយដ៏រឹងមាំ នោះសិស្សដែលជាសសរទ្រូងជាតិ ក៏នឹងរឹងមាំដូចគ្នា។ ក្រៅពីកិច្ចការងារផ្ទេរចំណេះដឹងដល់សិស្សហើយនោះ លោកគ្រូ អ្នកគ្រូ ត្រូវពង្រឹង និងគិតគូរពីការដឹកនាំចលនារៀបចំបរិស្ថានសិក្សាឱ្យបានស្អាតល្អ ព្រោះថាការរៀបចំបរិស្ថានសិក្សា គឺជាកត្តាជម្រុញដ៏សំខាន់ ដែលធ្វើឱ្យសិស្សចង់រៀន និងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចបណ្តុះបំនិន ដល់សិស្សបានកាន់តែប្រសើរឡើង។

លោក ខូយ រីដា បានលើកឡើងទៀតថា ក្នុងអាណត្តិដឹកនាំខេត្ត បានរយៈពេលជាង៣ឆ្នាំមកនេះ លោកបានប្តេជ្ញាចិត្តខ្ពស់ ជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ថានឹងធ្វើឱ្យខេត្តពោធិ៍សាត់ ប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ។ ជាក់ស្តែងលោកគ្រូ អ្នកគ្រូបានឃើញហើយថា សមិទ្ធផលថ្មីៗបានកើតមានជាហូរហែរ ដូចជាភ្លើងបំភ្លឺផ្លូវសាធារណៈ តាមទីប្រជុំជនក្រុង ស្រុក ក៏ដូចជាផ្លូវជាតិ ផ្លូវជនបទ, ការដឹកនាំចលនារៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន, ការដោះស្រាយ និងចាក់ពង្រីកច្រាំងស្ទឹង...។ល។ ចំពោះការអភិវឌ្ឍខេត្តនេះទៀតសោធ មិនមែនជាភារកិច្ចផ្ទាល់ខ្លួនតែម្នាក់ឯងនោះទេ ប៉ុន្តែវាគឺជាការរួមគ្នារវាង រដ្ឋ និងរាស្ត្រ, ដូច្នេះលោកសូមឱ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ចូលរួមគាំទ្រដើម្បីឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនឈានឡើង។

លោកអភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកកិច្ចការការពារ បូរណភាពទឹកដី និងស្ថិរភាពតាមព្រំដែន គឺជាអាទិភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការសន្តិវិធីជាចម្បង ដើម្បីការពារបូរណភាពទឹកដីផង និងរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផង។ ក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរមួយរូប លោកសូមឱ្យលោកគ្រូ អ្នកគ្រូ ត្រូវពួតដៃគ្នា រួបរួមជាតិ ឯកភាពជាតិ ជាកម្លាំងមហាសាល និងគាំទ្រប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិយើង៕