ក្រុមគ្រូពេទ្យបុរាណចិនចុះពិនិត្យសុខភាព ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ
11-01-2026 16:24
(តាកែវ)៖ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យបុរាណចិនដែលជាក្រុមទី៤មកបម្រើការងារនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានចុះអនុវត្តសកម្មភាពមនុស្សធម៌ដោយផ្តល់សេវាពិនិត្យ និងពិគ្រោះសុខភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមការគាំទ្រនិងសហការពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសហគមន៍ និងជួយបន្ថែមការយល់ដឹង អំពីការថែទាំសុខភាពប្រចាំថ្ងៃ។
លោក ណុប ទូច មេឃុំដូងបានថ្លែងថា សកម្មភាពមនុស្សធម៌នាថ្ងៃនេះទទួលបានការចូលរួមយ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងភូមិតានន និយាយដោយឡែក នៅក្នុងឃុំដូងនិយាយរួម ដោយបានមកទទួល សេវាពិនិត្យសុខភាពទូទៅ ពិនិត្យសម្ពាធឈាម ពិនិត្យជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង និងប្រព័ន្ធរំលាយអាហារ ព្រមទាំងទទួលការពិគ្រោះ និងណែនាំអំពីការព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិន ហើយក្នុងនាមលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី និងប្រជាជននៅឃុំដូង លោកមេឃុំក៏បានថ្លែងអំណរគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្រាប់ការសម្របសម្រួលដល់សកម្មភាពមនុស្សធម៌នាថ្ងៃនេះផងដែរ។
លោកស្រី ចាង យៀន (Zhang Yan) ប្រធានក្រុមគ្រូពេទ្យបុរាណចិន បានគូសបញ្ជាក់ថា ការពិនិត្យព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិន ជូនដល់ប្រជាជនក្នុងភូមិតានន ដែលមកពិនិត្យសុខភាពចំនួន១៧០រូប រួមមាន ការចាប់ជីពចរ ការវាយតម្លៃសុខភាពតាមសភាពរាងកាយ ការណែនាំអំពីអាហារូបត្ថម្ភ ការថែរក្សាសុខភាពតាម ស្ថានភាពអាកាសធាតុ និងការកែសម្រួលរបៀបរស់នៅឱ្យសមស្រប ដើម្បីជួយបង្ការជំងឺ និងរក្សាសុខភាពឱ្យមានស្ថិរភាព ក្នុងរយៈពេលវែង។
លោកស្រី វ៉ង យ៉ាហួយ (Wang Yahui) ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) បានរំលេចថា ការគាំទ្រសកម្មភាពពិនិត្យសុខភាពនៅតាមសហគមន៍មូលដ្ឋាន ដោយផ្តោតលើភូមិតាននដែលជាគម្រោងភូមិមិត្តភាពកម្ពុជា-ចិនក្រោមកិច្ចសហការរវាងមូលនិធិចិនCFPD និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ ដោយផ្តោតលើការយកចិត្តទុកដាក់ ដល់សុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងកិច្ចប្រឹងប្រែងពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាជនទាំងអស់របស់ភូមិតានន លោកស្រីក៏បានសាទរនឹងសមិទ្ធផលជាច្រើន ដែលភូមិតាននបាននិងកំពុងបង្កើនវឌ្ឍនភាព ក្នុងចរន្តនៃការអភិវឌ្ឍរបស់ខ្លួនស្របតាមទិសដៅដែលបានកំណត់ ហើយលោកស្រីក៏បានរីករាយនឹង ការកើនឡើងជាលំដាប់នៃជីវភាពកាន់តែប្រសើរ របស់ប្រជាជនភូមិតាននផងដែរ។
ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការ ក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានថ្លែងថា សកម្មភាពមនុស្សធម៌នេះបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយជំរុញដល់ការលើកកម្ពស់សុខុមាលភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាជន នៅនឹងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តមក៏បានបន្ថែមថា សកម្មភាពនាថ្ងៃនេះបានរួមចំណែកដល់ការពន្លាតកិច្ចសហប្រតិបត្តិការ រវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ព្រមទាំងជាការពង្រឹងនូវចំណងមិត្តភាព កាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍសង្គម ស្របតាមស្មារតីសន្តិភាព មនុស្សធម៌ និងការចែករំលែកប្រយោជន៍រួម ដោយអនុវត្តតាមទស្សនវិជ្ជា នៃថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
គួរបញ្ជាក់ផងដែរថា ទាំងអាជ្ញាធរមូលដ្ឋាន ទាំងប្រជាជននៅក្នុងសហគមន៍ភូមិមិត្តភាពកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពនេះ ដោយចាត់ទុកថា ជាការរួមចំណែកដ៏មានអត្ថន័យ ក្នុងការបំពេញបន្ថែមសេវាសុខាភិបាលសាធារណៈ និងជួយបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការថែទាំសុខភាព ហើយប្រជាពលរដ្ឋដែលបានចូលរួមទទួលសេវាពិនិត្យសុខភាព បានសម្តែងក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យបុរាណចិនមកពិនិត្យសុខភាពនៅភូមិតានន ដោយក្រុមគ្រូពេទ្យចិនបានយកចិត្តទុកដាក់ និងចំណាយពេលវេលាផ្ទាល់ ដើម្បីថែរក្សាសុខុមាលភាពរបស់ប្រជាជនភូមិតានន៕
វិទ្យុមិត្តភាពកម្ពុជាចិន





