សង្គមស៊ីវិលកម្ពុជា-ចិន គាំទ្រ CMAC លើការងារបោសសម្អាតមីន និង លើកទឹកចិត្តលើការប្រើប្រាស់ថាមពលបៃតង
11-01-2026 16:15
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅទីបញ្ជាការមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មូលនិធិចិន PEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នាផ្តល់ជំនួយ សម្ភារៈឧបករណ៍ផ្ទុកចរន្តអគ្គិសនី ដែលអាចសាកចរន្តអគ្គិសនីបានទាំងតាមប្រព័ន្ធអគ្គិសនី និងតាមរយៈបន្ទះសូឡា ជូនដល់ក្រុមការងារបោសសម្អាតមីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសង្គមស៊ីវិលទាំងពីរ ដែលជានិច្ចកាលបានចូលរួមចំណែកជាមួយ CMAC នៅក្នុងការងារបោសសម្អាតមីន និងការងារមនុស្សធម៌នានា។
ឯកឧត្តមបានបន្ថែមថា ជំនួយសម្ភារៈនេះមានគោលបំណងរួមចំណែកដល់ការគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាព នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាបេសកកម្មមនុស្សធម៌ដ៏សំខាន់របស់ CMAC ក្នុងការសង្គ្រោះជីវិត និងធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា ហើយឧបករណ៍ផ្ទុកចរន្តអគ្គិសនីដែលអាចសាកបាន តាមបន្ទះសូឡានឹងជួយដល់ក្រុមការងាររបស់ CMAC នៅតំបន់ដាច់ស្រយាល ឬតំបន់ដែលខ្លួនប្រតិបត្តិការ ដែលមិនអាចភ្ជាប់ប្រភពអគ្គិសនីបាន ដោយឧបករណ៍នេះនឹងជួយរួមចំណែកដល់ ការដោះស្រាយលក្ខខណ្ឌការងារ ដែលតម្រូវការចរន្តអគ្គិសនី។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសម្ដែងនូវក្តីអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ CMAC ដែលបានផ្តល់ឱកាសដល់សមាគមរួមជាមួយ បណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ដែលក្នុងនោះរួមមានមូលនិធិចិន PEACELAND និងមូលនិធិចិន SANY ក្នុងការរួមចំណែកផ្តល់ការគាំទ្រដល់កម្ពុជាក្នុងវិស័យមនុស្សធម៌ ជាពិសេសការងារបោសសម្អាតមីន និងជួយដល់ជនរងគ្រោះពីសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោកបណ្ឌិតបានបន្ថែមទៀតថា ជំនួយនាថ្ងៃនេះមិនត្រឹមតែចូលរួមចំណែកជួយបំពេញបាន នូវតម្រូវការបច្ចេកទេសដោយប្រើប្រាស់ អគ្គិសនីប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដល់ការបំពេញការងារ ប្រកបដោយគុណតម្លៃមហាសាលរបស់មន្ត្រី CMAC និងក្រុមការងារពាក់ព័ន្ធនានា ដែលបាននិងកំពុងចូលរួមបំពេញភារកិច្ច នៅក្នុងប្រទេសកម្ពុជាលើវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ។
លោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិន PEACELAND ប្រចាំកម្ពុជាបានថ្លែងថា អំណោយនាថ្ងៃនេះ ជាការរួមចំណែកដល់ផ្នែកតូចមួយនៃការគាំទ្រថាមពលបៃតង ដោយឧបករណ៍ផ្ទុកចរន្តអគ្គិសនី ដែលប្រើប្រាស់ថាមពលព្រះអាទិត្យត្រូវបានចាត់ទុកថា ជាដំណោះស្រាយបច្ចេកវិទ្យាសមស្រប ស្របតាមទិសដៅអភិវឌ្ឍ ប្រកបដោយចីរភាព និងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ជំនួយនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់មូលនិធិចិន PEACELAND ចំពោះការរួមបញ្ចូលបច្ចេកវិទ្យាបៃតង នៅក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា តាមរយៈកិច្ចគាំទ្រនិងផ្តល់ឱកាសពី CMAC។
លោកបានបន្ថែមថា ភាគីមូលនិធិចិន PEACELAND រួមជាមួយមូលនិធិចិន SANY ដោយមានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនជាស្ពាន បាននិងកំពុងចូលរួមយ៉ាងសកម្មបន្ថែមទៀត ដល់បេសកកម្មការងាររបស់CMAC។ លោកក៏បានបញ្ជាក់ថា អំណោយនាថ្ងៃនេះគឺជាការបន្តនិរន្តភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជនចិន និងប្រជាជនកម្ពុជា ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់មូលនិធិចិន និងបណ្តាសង្គមស៊ីវិលចិន ក្នុងការបន្តគាំទ្រកិច្ចការមនុស្សធម៌ ការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕
វិទ្យុមិត្តភាពកម្ពុជាចិន





