ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា និងវៀតណាម ជួបពិភាក្សាគ្នាដើម្បីពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច និងការបង្កើតឱកាសកិច្ចសហប្រតិបត្តិការលើអាជីវកម្មនានាដែលជាប្រយោជន៍សម្រាប់អតីតយុទ្ធជនកម្ពុជា-វៀតណាម
11-01-2026 16:12
(វៀតណាម)៖ ក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលបន្ទុកធុរកិច្ច និងការងារវិនិយោគរបស់សមាគម បានដឹកនាំប្រតិភូជួបប្រជុំពិភាក្សាការងារធុរកិច្ចជាមួយលោកស្រី ង្វ្រៀន ធីបាវហៀន អនុប្រធានសមាគមសហគ្រិន និងអាជីវកម្មអតីតយុទ្ធជនវៀតណាម (AVEB) នៅទីស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជនវៀតណាម។
ដោយមានការអញ្ជើញចូលរួមពីបណ្ដាសហគ្រិនដែលជាអតីតយុទ្ធជនវៀតណាម និងម្ចាស់ក្រុមហ៊ុនតូច ធំ នៅក្នុងប្រទេសវៀតណាម រួមមានក្រុមហ៊ុនផលិតមី ក្រុមហ៊ុនចិញ្ចឹមគោ និងក្រុមហ៊ុុនកែច្នៃផលិតផលទឹកដោះគោជាដើម។
នៅក្នុងកិច្ចពិភាក្សាធុរកិច្ចនេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានថ្លែងថា គោលបំណងចម្បងនៃកិច្ចពិភាក្សាការងារនេះផ្ដោតសំខាន់លើពង្រីកកាលានុវត្តភាពសេដ្ឋកិច្ច និងការបង្កើតឱកាសកិច្ចសហប្រតិបត្តិការលើអាជីវកម្មនានាដែលជាប្រយោជន៍សម្រាប់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអតីតយុទ្ធជនវៀតណាម។
អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបន្តថាបច្ចុប្បន្នបើទោះបីជាកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបានមើលរំលងពីការកសាងសេដ្ឋកិច្ចជាតិនោះទេ ពោលគឺកម្ពុជានៅតែបន្តកៀរគរការវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ។
លោកស្រី ង្វ្រៀន ធីបាវហៀន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគោលបំណងនៃកិច្ចសហប្រតិបត្តិការវិនិយោគជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ជាមួយគ្នានេះ អនុប្រធានសមាគមសហគ្រិន និងអាជីវកម្មអតីតយុទ្ធជនវៀតណាម បានចែករំលែកពីបទពិសោធន៍ការងាររបស់សមាគមសហគ្រិន និងអាជីវកម្មអតីតយុទ្ធជនវៀតណាម ព្រមទាំងបានអញ្ជើញម្ចាស់សហគ្រាសឆ្នើមៗដែលជាអតីតយុទ្ធជនមកចែករំលែកបទពិសោធន៍លើវិថីអាជីវកម្ម ព្រមទាំងបង្ហាញគំរូអាវជីកម្មជាច្រើនដែលអាចបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
ឆ្លងតាមកិច្ចពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ឮអ្នកឧកញ៉ា ម៉ម វណ្ណឌី រំពឹងថា កម្ពុជា-វៀតណាម នៅតែបន្តជាមិត្តជិតស្និទ្ធ និងអាចពង្រឹង និងពង្រីកចំណងទាក់ទងគ្រប់ផ្នែកជាមួយគ្នា ទាំងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ និងជាពិសេក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជនដើម្បីធានាដល់លើកកម្ពស់អតីតយុទ្ធជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងជាលំដាប់។
សូមជម្រាបជូនថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាការងារ សមាគមសហគ្រិន និងអាជីវកម្មអតីតយុទ្ធជនវៀតណាម (AVEB) និងសហគ្រិនអតីតយុទ្ធជនវៀតណាមក៏បានអញ្ជើញប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅតាមបណ្ដាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងទីតាំងក្រុមហ៊ុនកែច្នៃផលិតផលទឹកដោះគោ ដែលស្ថិតនៅតំបន់ខាងលិចនៃទីក្រុងហាណូយផងដែរ។
បច្ចុប្បន្នតាមរយៈក្រុមហ៊ុនកែច្នៃផលិតផលទឹកដោះគោនេះ ក្រោពីមានកសិដ្ឋានចិញ្ចឹមដោយខ្លួនឯង ក្រុមហ៊ុនក៏បានចងបណ្ដាញចិញ្ចឹមគោជាមួយគ្រួសារកសិករជាង២០០គ្រួសារបន្ថែមទៀត ដែលនៅក្នុងនោះមានប្រមាណ៤០គ្រួសារ ជាអតីតយុទ្ធជនវៀតណាម៕




















