សមាជិកព្រឹទ្ធសភា និងសមាជិកសភាមណ្ឌលស្វាយរៀងចុះសួរសុខទុកនិងនាំថវិកា សម្តេច ម៉ែន សំអន ជូនដល់ក្រុមគ្រួសារ លោក នៃ សុភ័ក្រ ដែលកងទ័ពថៃចាប់ខ្លួនក្នុងចំណោម១៨នាក់
11-01-2026 15:27
(ស្វាយរៀង)៖ សមាជិកព្រឹទ្ធសភា និងសមាជិកសភាមណ្ឌលស្វាយរៀង រួមមាន លោកបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា, លោកបណ្ឌិត សម តារា សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា, លោកបណ្ឌិត ជ័យ សុន សមាជិកសភាមណ្ឌលស្វាយរៀង និងលោកស្រី ឯក សុវណ្ណភារៈ សមាជិកាសភាមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំថវិការបស់សម្តេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជូនដល់ក្រុមគ្រួសារលោក នៃ សុភ័ក្រ ដែលជាកងទ័ពជួរមុខថៃចាប់ខ្លួនក្នុងចំណោម១៨នាក់ បានបញ្ជូនមកប្រទេសកម្ពុជាវិញនាពេលថ្មីៗនេះ។
ការចុះសួរទុក្ខនេះ បានប្រព្រឹត្តិទៅនៅភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានការចូលរួមពីក្រុមការងារ និងអាជ្ញាធរដែនដីជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេច ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលតែងតែនឹករលឹកបងបងប្អូនគ្រួសារកងទ័ព ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង និងបានជំរុញដល់ក្រុមការងារចុះជួយខេត្តស្វាយរៀង ក៏ដូចជាអាអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ។
បន្ថែមលើសពីនេះ លោកបណ្ឌិត សម តារា បានលើកទឹកចិត្តឱ្យបងប្អូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋទាំងអស់ ត្រូវសាមគ្គីភាពគ្នា និងបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបណ្ឌិតបានបន្តថា ក្នុងនាមសមាជិកព្រឹទ្ធសភា និងសមាជិកសភាមណ្ឌលស្វាយរៀង សូមគោរពដឹងគុណដល់វីរកងទ័ពដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពាន និងសូមអរគុណប្រជាជនយើងទាំងអស់គ្នាបានខិតខំតស៊ូក្នុងគ្រាដ៏លំបាក ក្នុងនាមជាអ្នកជួរក្រោយ ក៏បានលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ ដើម្បីគាំទ្រដល់គម្រូវីរភាពដ៏អង់អាចរបស់វីរកងទ័ពជួរមុខទាំងអស់ផងដែរ។
សូមបញ្ជាក់ថា សរុបថវិកា និងសម្ភារ របស់សម្តេច ម៉ែន សំអន ដែលបានឧបត្ថម្ភជូនដល់គ្រួសារវីរកងទ័ព និងអ្នកចូលរួម មានចំនួនសរុប ២ ២០០ ០០០រៀល៕




