FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីប្រឹក្សាសម្ដេចតេជោ ចុះទទួលអតីតភ្នាក់ងារ និងអតីតសកម្មជនគាំទ្រគណបក្សភ្លើងទៀន ចំនួន៣៨រូប នៅខេត្តកំពង់ស្ពឺ ដែលគោរពស្នើ សម្ដេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

11-01-2026 15:09

(ខេត្តកំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្ដាលបានដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានីខេត្ត បានចុះទទួលបេក្ខជនភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀន សរុបចំនួន៣៨រូប មកពីឃុំយុទ្ធសាមគ្គី ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។

សកម្មភាពនេះ គឺបន្ទាប់ពីពួកគាត់បានសម្រេចលាឈប់ពីគណបក្សរបស់ខ្លួនឈរឈ្មោះ និងសម្រេចស្ម័គ្រចិត្តគោរពស្នើសុំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។

ដោយយល់ឃើញយ៉ាងច្បាស់នៃតម្លៃសន្តិភាព ភ្នាក់ងារនិងសកម្មជនគាំទ្រ គណបក្សភ្លើងទៀន ចំនួន៣៨រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោក ទី ប៊ុនថេង ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើពួកទណ្ឌិតក្បត់ជាតិដែលរត់ចោលស្រុកដែលមានគំនិតទុច្ចរិក ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរនិងខ្មែរ បំផ្លាញសុខសន្តិភាព ទើបលោក លោកស្រីសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ និងសម្ដេចធិបតីក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា។

ភ្នាក់ងារនិងសកម្មជនគាំទ្រនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ដោយទាំងអស់គ្នាសូមគោរពដឹងគុណដ៏ធំធេងខ្ពស់បំផុតនូវវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលហ៊ានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីប្តូរយកសន្តិភាពជូនជាតិមាតុភូមិ និងគោរពជឿជាក់រដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ លោក លោកស្រី ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។ ពេលនេះលោក លោកស្រី បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ លោក ទី ប៊ុនថេង បានថ្លែងនូវការអបអរសាទរចំពោះវត្តមានបងប្អូនដែលបានចូលរួមថ្ងៃនេះ និងបាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារលោក លោកស្រី ដែលបានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សរបស់ខ្លួនមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពជាក្នុងឱកាសនេះ។ ការសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។

លោក ទី ប៊ុនថេង ក៏បានបន្ថែមទៀតថា«ការប្រកាសចុះទទួលសមាជិកគណបក្សប្រជាជនកម្ពុជា នាពេលនេះសរុបចំនួន៣៨រូប ដែលជាសមាជិក សុទ្ធសឹងតែជាសកម្មជនដែលធ្លាប់មាននិន្នាការនយោបាយផ្សេងៗកន្លងមក ពិសេសជាអតីតគណបក្សភ្លើងទៀន គណ បក្ស សង្គ្រោះជាតិ និងគណបក្សដទៃទៀត»។

លោក ទី ប៊ុនថេង ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ទាំងអស់ដែលបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងដើម្បីបង្ហាញអំពីឆន្ទៈគោរពស្រឡាញ់សន្តិភាព ចូលរួមថែរក្សាស្ថិរភាពនយោបាយ និងបន្តការអភិវឌ្ឍ ព្រមទាំងបដិសេធ គំនិតនយោបាយ ជ្រុលនិយម ដែលនាំប្រទេសជាតិធ្លាក់ក្នុងគ្រោះចលាចល សារជាថ្មីម្តងទៀត។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។ ដូច្នេះសូមបងប្អូនមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ៕