FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ នឹងនាំកិត្យានុភាពកម្ពុជាទៅកាន់ឆាកអន្តរជាតិ

11-01-2026 14:22

(ភ្នំពេញ)៖ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ នឹងនាំកិត្យានុភាពកម្ពុជាទៅកាន់ឆាកអន្តរជាតិ តាមរយៈកម្មវិធី SSEAYP ជាមួយយុវជននៃប្រទេសអាស៊ាននិងជប៉ុន។

ពិធីបិទវគ្គបណ្ដុះបណ្ដាលមុនចេញដំណើររបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ទៅកាន់ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី ដែលនឹងហោះហើរនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ពិធីនេះ រៀបចំឡើងក្រោមអធិបតី
លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា, កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងភ្ងៀរកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។

ជាកិច្ចចាប់ផ្ដើម កញ្ញា អ៊ឹម រចនា បានលើកឡើងពីសាវតានៃកម្មវិធីដ៏សំខាន់នេះ ដែលបានចម្រើនវ័យបាន៤៩ឆ្នាំហើយក៏ដោយ តែប្រទេសកម្ពុជា ទើបតែបានចូលរួមកម្មនាវា យុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ជាផ្លូវការ ក្នុងឆ្នាំ២០០០តែប៉ុណ្ណោះ។

កញ្ញាបន្តថា ក្រោយការចូលរួមនៅឆ្នាំ២០០០នោះរួចមក អតីតប្រតិភូដែលជារៀមច្បងនៅក្នុងកម្មវិធីនេះ បានរួមគ្នាបង្កើត «កម្មវិធីវគ្គបណ្តុះបណ្តាលមុនចេញដំណើរ» ឬ Pre-Departure Training ជូនដល់ប្អូនៗជំនាន់ក្រោយ ដើម្បីធ្វើយ៉ាងណា ធានាឱ្យបានថា ប្អូនៗដែលត្រូវទៅចូលរួមកម្មវិធី SSEAYP ជាមួយយុវជននៃប្រទេសអាស៊ាននិងជប៉ុន យល់ច្បាស់អំពីកម្មវិធីទាំងអស់ដែលមាននៅលើកប៉ាល់ និងអាចចូលរួមបានយ៉ាងពេញដៃពេញជើង ដោយប្រើប្រាស់ឱ្យអស់នូវសមត្ថភាព និងសក្តានុពលដែលខ្លួនមាន ដើម្បី ស័ក្តិសមជា «យុវជនតំណាងកម្ពុជា»។

កម្មវិធី Pre-Departure Training ដែលចាប់ចេញដំណើរនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។ នៅក្នុងរយៈពេល ៩៥ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមមកដល់ថ្ងៃបិទបញ្ចប់នេះ គណៈកម្មការ ដឹកនាំវគ្គបណ្តុះបណ្តាល បានស្ម័គ្រចិត្តចំណាយអស់ហើយ ទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ហាត់ពត់ លត់ដំ និងដុះខាត់ប្អូនៗ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្អូនៗប្រតិភូយុវជន មានចំណេះដឹង និងបទពិសោធ ជាពិសេសជំនាញទន់ ឬ Soft Skill ដែលត្រូវការជាចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទងនិងចូលរួមសកម្មភាពនៅលើ កប៉ាល់ និយាយដោយឡែក និងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និយាយជារួម។

ក្នុងនាមប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា កញ្ញា អ៊ឹម រចនា សូមគោរពអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី ស្រូយ សុជាតិ ដែលផ្តល់សេចក្តីទុកចិត្តដល់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដឹកនាំ វគ្គបណ្តុះបណ្តាលមុនចេញដំណើរ និងបានតាមដានយ៉ាងទៀងទាត់នូវវឌ្ឍនភាពរបស់ប្អូនៗប្រតិភូយុវជន។

កញ្ញាប្រធាន បានផ្ដាំផ្ញើដល់យុវជនទាំង១៦នាក់ សូមយកបទពិសោធដែលទទួលបានពីវគ្គបណ្តុះបណ្តាលមុនពេលចេញដំណើរ ទៅអនុវត្តនៅលើកប៉ាល់ Nippon Maru ក្រោមការដឹកនាំពីប្រធានប្រតិភូ លោក អ៊ួន បឋម ហៅសាយ ដើម្បីបង្ហាញកិត្យានុភាព សក្តានុពលរបស់យុវជនកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

ជាមួយគ្នានេះដែរ លោកស្រី ស្រូយ សុជាតិ បានចែករំលែកនូវបទពិសោធន៍ដែលលោកស្រីធ្លាប់បានចូលរួមកាលពីឆ្នាំ២០០២ និងបានលើកទឹកចិត្តដល់យុវជនទាំង១៦ ឱ្យរក្សានូវឥរិយាបថថ្លៃថ្នូរ សាមគ្គីភាព ភាពទន់ភ្លន់ របស់ប្រជាជនកម្ពុជា។

លោកស្រី បានក្រើនរំលឹកដល់យុវជនទាំងអស់ថា បើទោះបីស្ថានភាពប្រទេសរបស់យើងស្ថិតក្នុងភាពលំបាក ប៉ុន្តែចូរកុំបង្ហាញនូវអាកប្បករិយាច្រលើសប៉ើសចំពោះជាតិសាសន៍ដទៃឡើយ ព្រោះយើងត្រូវបង្ហាញទៅកាន់អន្តរជាតិពីអារម្មណ៍របស់ប្រជាជនកម្ពុជា ចំពោះពាក្យថា «សន្ដិភាព» ដែលលើសពីសំណេរនៅលើក្រដាស។

សូមជម្រាបថា ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងចេញដំណើរនៅម៉ោង៨និង០០នាទីយប់ ពីព្រលានយន្តហោះអន្តរជាតិតេជោ ទៅកាន់ប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ និងបញ្ចប់បេសកកម្មរបស់ខ្លួននៅប្រទេសសិង្ហបុរី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦៕