FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រៃក្រសាំង និងពិធីបញ្ចូលសមាជិកថ្មី ឃុំព្រៃក្រសាំង និងឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ

11-01-2026 14:06

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្នាក់ការគណបក្សឃុំព្រៃក្រសាំង និងប្រកាសបញ្ជូលសមាជិកគណបក្សថ្មីចំនួន ៣៥៤នាក់ មកពីឃុំព្រៃក្រសាំង និងឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ការអញ្ជើញចូលរួមមានវត្តមាននៃកម្មវិធីនេះរួមមាន លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំព្រៃក្រសាំង និងឃុំយុទ្ធសាមគ្គី និងសមាជិកថ្មីសរុប៣៥៤នាក់។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មីរួចមក លោក ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ ជាពិសេសឃុំព្រៃក្រសាំង និងឃុំយុទ្ធសាមគ្គី ដែលមានវត្តមានក្នុងពិធីនេះ។

បន្ថែមពីលើនេះ លោកបានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតពោរពេញទៅដោយថាមពលក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាស នៃពិធីផងដែរ ដោយមានវត្តមាន តំណាងស្ថានទូតចិន ចូលរួមស្វែងយល់ និងសង្កេតកម្មវិធីផងដែរ ឯកឧត្តមប្រធានក៏បានរំឭក និងថ្លែងអំណរគុណដល់មិត្តចិន ដែលបានរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតចិន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងកម្ពុជា និងនិយាយដោយឡែក ក្នុងខេត្តកំពង់ស្ពឺក៏ទទួលបាននូវសមិទ្ធផលជាច្រើនពីមិត្តចិន ដែលរួមមាន៖ បណ្ណាល័យ អគារមន្ទីរពេទ្យ អណ្តូងទឹក ព្រមទាំងសមិទ្ធផលដទៃថែមទៀតតាមរយៈក្រុមការងារឯកឧត្តម។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរងគ្រោះពីជម្លោះព្រំដែន កម្ពុជា-ថៃ រដ្ឋាភិបាល និងប្រជាជនក៏បានផ្តល់ថវិកាជំនួយដើម្បីជួយសម្រាលការលំបាករបស់បងប្អូនជនភៀសសឹកតាមបន្ទាត់ព្រំដែនផងដែរ។

នាចុងបញ្ចប់ លោក ហ៊ុន ម៉ានី បានអំពាវនាវសូមឱ្យសមាជិក សមាជិកាគណបក្ស បន្តការជឿជាក់លើរាជរដ្ឋាភិបាលលើការដឹកនាំ គ្រប់គ្រងសភាពការណ៍ និងប្តេជ្ញាការពារឱ្យបានជាដាច់ខាតនូវបូរណភាពដែនដី មិនឱ្យបាត់បង់ ១មីល្លីម៉ែត្រឡើយ៕