វិចារណកថា៖ ការឈ្លានពានដោយកម្លាំងយោធា និងការការពារជីវៈចម្រុះ
11-01-2026 13:01
(ភ្នំពេញ)៖ កិច្ចការពារបរិស្ថានដ៏មានប្រសិទ្ធភាពនឹងមិនអាចអនុវត្តទៅបានឡើយប្រសិនជាគ្មានសន្តិភាព។ សង្គមមួយប្រកបដោយសន្តិភាព អាចទាកទាញការវិនិយោគលើផ្នែកបរិស្ថាន រួមមានការអភិរក្សព្រៃឈើដែលជាអាងស្តុកកាបូនរួមចំណែកដល់ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងជាជម្រកសត្វព្រៃសម្បូរបែប រក្សាមិនឱ្យមានការបាត់បង់ជីវៈចម្រុះ។
ជារៀងរាល់ឆ្នាំនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ តែងតែលើកយកបញ្ហានៃការបំផ្លាញបរិស្ថាន ដោយមនុស្ស ដែលនាំឱ្យមានការកើនឡើងសីតុណ្ហភាពពិភពលោក របបទឹកភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត ទឹកជំនន់ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ការបំពុលបរិយាកាស ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងបរិយាកាស ការបាត់បង់ព្រៃឈើ ប្រភេទរុក្ខជាតិនិងសត្វព្រៃមួយចំនួនត្រូវផុតពូជ។
ការឈ្លានពានដោយកម្លាំងយោធាដែលប្រើប្រាស់សព្វាវុធធុនធ្ងន់ ដើម្បីចូលទៅគ្រប់គ្រងទឹកដីរបស់ប្រទេសមួយទៀតរួមទាំងយកតំបន់ការពារធម្មជាតិ ដូចឧទ្យានជាតិ បានដាក់បន្ទុកបន្ថែមដល់វិនាសកម្មបរិស្ថាន និងធ្វើទុក្ខបុកម្នេញដល់ប្រជាជន ដែលជាលទ្ធផលនាំឱ្យមានអស្ថិរភាពនយោបាយ និងខូចខាតដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ផលប៉ះពាល់នៃសង្គ្រាមឈ្លានពានចំពោះធនធានធម្មជាតិ មានរាប់មិនអស់ ពិបាកនឹងស្តារឡើងបានក្នុងរយៈពេលខ្លី ឬក៏ត្រូវបាត់បង់តែម្តង។ សង្គ្រាម និងការកាន់កាប់ដោយយោធាខុសច្បាប់ បានធ្វើឱ្យបាត់បង់ការការពារបរិស្ថាន ដែលនាំឱ្យឈានដល់ការបំផ្លាញប្រព័ន្ធអេកូឡូស៊ី បាត់បង់ជីវៈចម្រុះយ៉ាងឆាប់រហ័ស ។
សង្គ្រាមសម័យទំនើបដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរបំផុតលើការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ។ ដើម្បីសម្រេចមហិច្ឆតាឈ្លានពាន ឧទ្យានជាតិត្រូវបានយកមកធ្វើជាទីតាំងកងទ័ព បានបំផ្ទុះគ្រាប់បែក បាញ់អាវុធធុនធ្ងន់ ចល័តយានយន្តធុនធ្ងន់ៗ និងសាងសង់លេណដ្ឋាន ដោយបំផ្លាញធនធានព្រៃឈើ ធនធានទឹក និងដីកសិកម្ម។ បរិស្ថានរស់នៅរបស់មនុស្ស សត្វទាំងអស់នឹងមិនមានសុវត្ថិភាព ដោយសារការបំពុលដោយសារធាតុគីមី លោហៈធាតុធ្ងន់ និងគ្រាប់កាំភ្លើងមិនទាន់ផ្ទុះ។ ប្រភពទឹកធម្មជាតិ នៅក្នុងទន្លេ ស្ទឹង បឹង អូរ ប្រឡាយ និងទឹកក្រោមដី ត្រូវរងការបំពុលដោយសារធាតុគីមីចេញពីសង្គ្រាម។ ការប្រែប្រួលសណ្ឋានដីបានបំផ្លាញគុណភាពទីជម្រក និងបំបែកប្រព័ន្ធអេកូឡូស៊ី ធ្វើឱ្យសត្វព្រៃ និងប្រភេទរុក្ខជាតិមួយចំនួនរស់នៅបានដោយលំបាក និងការបន្តពូជបានតិច។
ការឈ្លានពានដោយយោធា ក៏រំខានដល់ប្រព័ន្ធគ្រប់គ្រងដែលធម្មតាសម្រាប់ការពារជីវៈចម្រុះផងដែរ។ ក្នុងពេលមានជម្លោះ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដែលគ្រប់គ្រងឧទ្យានជាតិ តំបន់អភិរក្សសត្វព្រៃ និងច្បាប់បរិស្ថាន ជាញឹកញាប់ដួលរលំ ឬដំណើរការមិនមានប្រសិទ្ធភាព។ មន្ត្រីការពារព្រៃអាចត្រូវរងគ្រោះ ឬត្រូវសម្លាប់ ដោយយោធា ធ្វើឱ្យតំបន់អភិរក្សគ្មានការការពារ ដែលបើកឱកាសឲ្យមានការកាប់ឈើខុសច្បាប់ ការជីករ៉ែ ការកាន់កាប់ដី និងការលួចបាញ់សត្វព្រៃ។ នៅក្នុងតំបន់ជម្លោះជាច្រើន សត្វដែលជិតផុតពូជ ដូចជា ដំរី រមាស និងស្វាធំៗ ត្រូវបានប្រមាញ់ធ្វើជាអាហារ និងសម្លាប់ដោយសារគ្រាប់រំសេវ គ្រឿងផ្ទុះជាដើម។
ការផ្លាស់ទីលំនៅរបស់ប្រជាជនដោយសារសង្គ្រាម ក៏បង្កើនសម្ពាធលើបរិស្ថានផងដែរ។ ជនភៀសសឹក និងជនផ្លាស់ទីលំនៅ ត្រូវការអាហារ ឥន្ធនៈ និងទីជម្រក ជាញឹកញាប់នៅក្នុងតំបន់ធម្មជាតិដែលងាយរងគ្រោះ។ ព្រៃឈើអាចត្រូវបានកាប់សម្រាប់ប្រើជាឥន្ធនៈ និងគ្រឿងសំណង់ ហើយសត្វព្រៃត្រូវបានប្រមាញ់សម្រាប់ជាអាហារ។ ទោះបីជាសកម្មភាពទាំងនេះកើតចេញពីភាពចាំបាច់ក៏ដោយ តែជាផលវិបាកបានធ្វើឱ្យការបំផ្លាញទីជម្រកកាន់តែធ្ងន់ធ្ងរ និងជំរុញឱ្យប្រភេទសត្វជិតផុតពូជឈានទៅកាន់ការរលត់ផុតពូជពិតប្រាកដ។
កម្លាំងយោធាផ្ទាល់ ក៏មានផលប៉ះពាល់ដល់អាកាសធាតុ និងជីវៈចម្រុះផងដែរ។ កងទ័ពប្រើប្រាស់ឥន្ធនៈហ្វូស៊ីលយ៉ាងច្រើន បង្កើតសំណល់គ្រោះថ្នាក់ និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាច្រើនទៅក្នុងបរិយាកាស។ មូលដ្ឋានយោធា កន្លែងហ្វឹកហាត់ និងកន្លែងសាកល្បងអាវុធ អាចបំពុលដី និងទឹកក្នុងរយៈពេលយូរ។ ដូច្នេះការឈ្លានពានដោយកម្លាំងយោធា មិនត្រឹមតែបង្កការខូចខាតភ្លាមៗទេ ប៉ុន្តែថែមទាំងបង្កអស្ថិរភាពបរិស្ថានរយៈពេលវែងផងដែរ។
ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា ទទួលស្គាល់ថា បរិស្ថានធម្មជាតិ មិនគួរត្រូវបានបំផ្លាញដោយចេតនា ដោយអាវុធសង្គ្រាមឡើយ។ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ មហាសន្និបាតសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច ដែលទទួលស្គាល់សិទ្ធិនៃការរស់នៅក្នុងបរិយាកាសស្អាត និងចីរភាព ដែលជាសិទ្ធិមនុស្សសម្រាប់ការរស់នៅ។ អង្គការអភិរក្ស និងសហគមន៍មូលដ្ឋានមួយចំនួននៅតែបន្តសកម្មភាពដោយស្ងៀមស្ងាត់ ដើម្បីការពារទីជម្រកសំខាន់ៗ ជួយសង្គ្រោះសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី។ បន្ទាប់ពីសង្គ្រាមបញ្ចប់ ការស្តារបរិស្ថានឡើងវិញ ដូចជាការដាំព្រៃឡើងវិញ ការសម្អាតបរិយាកាស ដី និងទឹកដែលបំពុលដោយសង្គ្រាម និងការស្ថាបនាឡើងវិញនៃតំបន់អភិរក្ស គឺជាកិច្ចការចាំបាច់សម្រាប់មនុស្សជាតិ និងសកលលោក ។
ជារួមមកសន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការរស់រានមានជីវិតរបស់មនុស្ស សត្វ និងបរិស្ថាន។ សង្គមមានសន្តិភាព នឹងបង្កើតបរិយាកាសសម្រាប់ការវិនិយោគដើម្បីកំណើនសេដ្ឋកិច្ច និងការអភិរក្សជីវៈចម្រុះ និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។ ដូច្នេះកម្ពុជា ពិតជាត្រូវការនូវសន្តិភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច កំនើនជីវភាព និងបរិស្ថានស្អាត បៃតង។ សន្តិភាព និងបរិស្ថានស្អាត បៃតង និងចីរភាព គឺជាធាតុមិនអាចខ្វះបាន ដែលត្រូវថែរក្សា ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០៕
ដោយ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន











