FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំប្រតិ​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ចូលជួបសម្ដែងការគួរសមជាមួយប្រធានសមាគមអតីតយុទ្ធជនវៀតណាម

11-01-2026 12:39

(វៀតណាម)៖ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ដិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រតិភូសមាគម និងធុរជនកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង បេសួន ត្រឿង ប្រធានសមាគមអតីតយុទ្ធជនវៀតណាម នៅទីស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជនវៀតណាម នាទីក្រុងហាណូយ។

ក្នុងជំនួបសម្ដែងការគួរសម និងសំណេះសំណាលអ្នកឧកញ៉ា ម៉ម វណ្ណឌី បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ គន់ គីម ជូនចំពោះឧត្តមសេនីយ៍ឯកបម្រុង បេសួន ត្រឿង ព្រមទាំងបានជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ាក៏បានលើកឡើងពីគោលនយោបាយរបស់សមាគម ក្នុងការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន តាមរយៈការបង្កើតមុខរបរ ឱកាសការងារ និងជំរុញការធ្វើទំនើបកម្មកសិកម្ម ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋានរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនឱ្យកាន់តែប្រសើរ។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯកបម្រុង បេសួន ត្រឿង បានសម្ដែងក្ដីសោមនស្សរីករាយចំពោះវត្តមានប្រតិភូកម្ពុជាក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅទីក្រុងហាណូយ ព្រមទាំងបានជម្រាបរឮកនឹកដល់នាយឧត្តមសេនីយ៍ គន់ គីម ជាមួយនឹងការគោរពអញ្ជើញនាយឧត្តមសេនីយ៍មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម​ ក្នុងវេលាសមស្របណាមួយក្នុងឆ្នាំ២០២៦នេះផងដែរ។

ជាមួយគ្នានេះលោកក៏បានមានប្រសាសន៍អបអរសាទរ អ្នកឧកញ៉ា ម៉ម វណ្ណឌី ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលបន្ទុកធុរកិច្ច និងការងារវិនិយោគរបស់សមាគម។

ប្រធានសមាគមអតីតយុទ្ធជនវៀតណាម ក៏បានជូនពរឱ្យដំណើរទស្សនកិច្ចធុរកិច្ចរបស់ប្រតិភូកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី នៅលើទឹកដីនៃប្រទេសវៀតណាមនាពេលនេះទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យបន្តរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។

ជាការឆ្លើយតប អ្នកឧកញ៉ា ម៉ម វណ្ណឌី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានសមាគម និងសង្ឃឹមជឿជាក់ថា ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីនឹងនៅតែបន្តចាប់ដៃជាមួយគ្នាគ្រប់កាលៈទេសៈ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការធុរកិច្ច ដើម្បីពង្រឹង និងពង្រឹងចំណងមិត្តភាពកម្ពុជា និងវៀតណាមឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា៕