ថ្នាក់ដឹកខេត្តរតនគិរី នាំយកស្បៀងអាហារ និងថវិកា ដែលបានមកពីការគៀរគរពីសប្បុរសជន ជូនពលរដ្ឋភៀសសឹក និងវីរកងទ័ព នៅខេត្តព្រះវិហារ
11-01-2026 12:37
(រតនគិរី)៖ ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំដោយ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បាននាំយកស្បៀងអាហារ និងថវិកា ដែលបានមកពីការគៀគរពីសប្បុរសជននានា ចែកជូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ព សមរភូមិមុខទិសព្រះវិហារ។
អំណោយទាំងនោះ រួមមាន៖
*ឧបត្ថម្ភជូនបងប្អូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចំនួន៥១០គ្រួសារ អង្ករ ចំនួន៥០០ការ៉ុង ស្មើនឹង ៥តោន, ទឹកបរិសុទ្ធ ៥៦៥យួរ, ឃីតគ្រឿងទេស ៣៧០ឃីត និងខោអាវ ចំនួន៣គីប។
*ឧបត្ថម្ភ ថវិកាដល់រដ្ឋបាលខេត្ត ព្រះវិហារ ១០លានរៀល ប្រគេនព្រះសង្ឃ វត្តពើងព្រះគោ ចំនួន ២លានរៀល, អង្ករចំនួន២០តោន, មីចំនួន ៤៥០កេសតូច, ទឹកសុទ្ធចំនួន ២០០០យួរ និងសម្ភារៈ ៣០០ឃីត។
*ថវិកា និងសម្ភារៈគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភ ជូនកងពលលេខ១២៨ ចំណុះភូមិភាគ១ ចំនួន ១៥លានរៀល និងឧបត្ថម្ភជូនកងពលធំ លេខ៣ ថវិកា ២០លានរៀល។
ដោយឡែក គ្រឿងឧបភោគបរិភោគក្នុង ១អង្គភាពទទួលបានអង្ករ ១០តោន, ទឹកសុទ្ធ ៧៥កេស និង៥០០យួរ, ប៉ូការីស្វេត ៣៣កេស, មីចំនួន ១៥៧កេសតូច និង ៣៣កេសធំ, ត្រីខ ១០កេសធំ, ទឹកត្រី ១១កេស, ទឹកស៊ីអុីវ ២៣កេស, ប្រេងឆា ២កេស, សៀង ៣ដប, ទឹកត្រី ៥៧យួរ, ទឹកស៊ីអុីវ ១៨យួរ។ ជូនទីបញ្ជាការស្រាលចំណុះភូមិភាគ១ ចំនួន ១០លានរៀល អង្ករចំនួន ៧តោន, ទឹកសុទ្ធចំនួន ៥០កេស និង ៥០០យួរ, ទឹកប៉ូការីស្វេតចំនួន ៣៣កេស មីចំនួន ១៥៧កេសតូច, មីកេសធំចំនួន ៣៣កេសធំ, ត្រីខចំនួន ១០កេសធំ, ទឹកត្រីចំនួន ១១កេស, ទឹកស៊ីអ៉ីវ ចំនួន ២៣កេស, ប្រេងឆាចំនួន ២កេស, សៀងដប ៣ថង់, ទឹកត្រីចំនួន ៥៧យួរ, ទឹកសុីអុីវចំនួន ១៨យួរ និងឧបត្ថម្ភ លោកឧត្តមសេនីយ៍ទោ កែប ម៉ារ៉ាឌី ៦លានរៀល។
លោក ញ៉ែម សំអឿន បានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាននៅសមរភូមិមុខ ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរព ដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ជាអ្នកនៅសមរភូមិក្រោយ គឺមានតែលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ តាមរយៈការគាំទ្រជាសម្ភារៈស្បៀងក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងក្លៀវក្លា ផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងខេត្តរតនគិរី ដែលបាននាំយកមកផ្ដល់ជូន ក្នុងពិធីជួបសួរសុខទុក្ខនៅថ្ងៃនេះ។ ជាមួយនេះ ក្នុងនាមជាអ្នកនៅសមរភូមិក្រោយ គឺស្ថិតនៅជាមួយកងទ័ព ផ្ដល់នូវកម្លាំងចិត្ត លើកទឹកចិត្ត និងគាំទ្រគ្រប់ពេលវលា ក្នុងបុព្វហេតុ «ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា»។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងលោកស្រីបានអញ្ជេីញចុះសួរសុខទុក្ខវីរកងទ័ព ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្បបង្អែកខេត្ត ១៦មេសា ដោយលោកនិងលោកស្រីបានជូនថវិកាមួយចំនួនដល់វីរកងទ័ព និងឧបត្ថម្ភថវិកាជូនមន្ទីរពេទ្យ ចំនួន ៤លានរៀលផងដែ៕






















