រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អនុញ្ញាតឱ្យសមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីលទ្ធភាពបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការ
11-01-2026 11:22
(ភ្នំពេញ)៖ សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក) បានទទួលនូវការអនុញ្ញាត ពីលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូសមាគម ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីលទ្ធភាពបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការ នៅទីស្តីការក្រសួង នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦។
គណៈប្រតិភូសមាគម ដឹកនាំដោយ លោកស្រី កែវ ឡាំងចេង សហស្ថាបនិក និងប្រធានសមាគម រួមជាមួយថ្នាក់ដឹកនាំ គណៈកម្មការប្រតិបត្តិ ទីប្រឹក្សា និងសមាជិកសមាគម ដែលសុទ្ធសឹងជាអ្នកជំនាញផ្នែកច្បាប់ និងកម្មសិទ្ធិបញ្ញា បានបង្ហាញចក្ខុវិស័យ បេសកកម្ម និងទិសដៅសកម្មភាពសំខាន់ៗរបស់សមាគម ក្នុងការចូលរួមគាំទ្រ និងសម្របសម្រួលបន្ទុករដ្ឋាភិបាល លើវិស័យកម្មសិទ្ធិបញ្ញា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាផ្តោតលើការលើកកម្ពស់ប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា ការផ្សព្វផ្សាយច្បាប់ និងគោលនយោបាយពាក់ព័ន្ធ ការអភិវឌ្ឍធនធានមនុស្សជំនាញ និងការបង្កើនសមត្ថភាពស្ថាប័ន ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងការវិនិយោគក្នុងបរិបទជាតិ និងអន្តរជាតិ។
លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះបេសកកម្មរបស់សមាគម ដោយលើកទឹកចិត្តឱ្យមានការសហការជិតស្និទ្ធជាមួយអ្នកជំនាញនៃក្រសួង ក្នុងការសិក្សា និងរៀបចំផែនការសកម្មភាពរួម ដែលអាចអនុវត្តបានជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងរយៈពេលខាងមុខ។
ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពជាគោលការណ៍លើទិសដៅសហការ ក្នុងការលើកស្ទួយវិស័យពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ការកសាងទំនុកចិត្តពីសាធារណជន វិស័យឯកជន និងដៃគូអន្តរជាតិ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជា៕










