ផ្ទុះគ្រាប់បែកនិងភ្លើងឆេះនៅស្ថានីយប្រេងឥន្ធនៈជាច្រើនកន្លែង ក្នុងខេត្ត Yala, Pattani និង Narathiwat ភាគខាងត្បូងប្រទេសថៃ
11-01-2026 10:08
(បាងកក)៖ នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ មានករណីក្រុមជនមិនទាន់ស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក និងដុតបំផ្លាញស្ថានីយប្រេងឥន្ធនៈសរុប១១កន្លែង នៅខេត្តចំនួន៣នៃភាគខាងត្បូងប្រទេសថៃ គឺ Yala, Pattani និង Narathiwat។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។
អាជ្ញាធរថៃនាពេលនេះ កំពុងបើកការស៉ើបអង្កេតជាប្រញាប់ ហើយបានហ៊ុមព័ទ្ធតំបន់ដែលបានរងការប៉ះពាល់។ អង្គភាពប្រតិបត្តិការពិសេសរបស់ប៉ូលិសប្រចាំខេត្ត Yala បានឱ្យដឹងថា ក្រុមជនដែលបានធ្វើសកម្មភាពខាងលើ មិនទាន់ច្បាស់ថាជាក្រុមមួយណា និងមានគ្នីគ្នាប៉ុន្មាននាក់នៅឡើយទេ។
គួរបញ្ជាក់ថា ក្នុងចំណោមកន្លែងរងការប៉ះពាល់ទាំងនោះ រួមមានស្ថានីយប្រេងឥន្ធនៈ៤កន្លែង នៅក្នុងខេត្ត Yala, ៥កន្លែងក្នុងខេត្ត Narathiwat និង២កន្លែងក្នុងខេត្ត Pattani។ យ៉ាងណាមិញ អាជ្ញាធរថៃបានអះអាងថា ហេតុការណ៍នោះ បានបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ៕





