FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ត្រូវបានបណ្ឌិត គុណ ញឹម បន្តនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ

10-01-2026 23:11

(ព្រំដែន)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ ម ន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន នៅថ្ងៃសុក្រ ទី៩ និងថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ២២៨៥ គ្រួសារ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ។

ពីធីប្រគល់អំណោយក្នុងខេត្តព្រះវិហារ ប្រព្រឹត្តទៅនៅទីតាំងជំរុំជនភៀសសឹក ២ កន្លែង គឺវត្តគីឡូលេខ ៨ និងវត្តត្រាវគៀត ដែលមាន ប្រជាពលរដ្ឋចំនួន ១ ២២៧ គ្រួសារ និងមានការចូលរួមពីលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន និងព្រះចៅអធិការវត្ត តាមទីតាំងនីមួយៗ។

ដោយឡែក ពីធីប្រគល់អំណោយក្នុងខេត្តឧត្តមានជ័យ ប្រព្រឹត្តទៅនៅទីទួលសុវត្តិភាព «ចុងកាល» ស្រុកចុងកាល ដែលមានប្រជាពលរដ្ឋចំនួន១ ០៥៨ គ្រួសារ និងមានការចូលរួមពី លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងអាជ្ញាធរមូលដ្ឋាន។

លោកអភិបាលខេត្តទាំង ២ បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋភៀសសឹកមួយចំនួន ដែលរស់នៅក្នុងតំបន់ស ជាតំបន់មានសុវត្ថិភាព បានវិលត្រឡប់ទៅគេហដ្ឋានវិញជាបណ្តើរៗហើយ។ ប៉ុន្តែចំពោះប្រជាពលរដ្ឋ ភៀសសឹកផ្សេងទៀត ដែលរស់នៅក្នុងតំបន់លឿង និងតំបន់ក្រហម នៅមិនទាន់អាចត្រឡប់ទៅវិញបាននៅឡើយ ត្រូវរង់ចាំអាជ្ញាធរធ្វើការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យបានរួចរាល់ជាមុនសិន។

ក្នុងពេលនេះ អាជ្ញាធរខេត្តក៏កំពុងខ្នះខ្នែង ក្នុងការរៀបចំស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ជាដើម ដែលរងការខូចខាតក្នុងពេលប្រយុទ្ធគ្នា។ ដោយឡែក ចំពោះប្រជាពលរដ្ឋភៀសសឹកដែលរស់នៅតំបន់ក្រហម រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាននឹងរៀបចំឱ្យមានកន្លែងស្នាក់នៅសមរម្យបន្តទៀត។

លោកអភិបាលខេត្តទាំង២បានថ្លែងអំណរគុណដល់លោកបណ្ឌិត គុណ ញឹម និងសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានយកអំណោយចូលរួម ចំណែកសម្រាល បន្ទុករបស់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរងផលប៉ះពាល់ទាំងផ្នែកជីវភាពនិងស្មារតី ដោយសារសង្គ្រាម ឈ្លានពានដ៏កំរោលរបស់ថៃមកលើកម្ពុជា។

ក្នុងឱកាសនោះ បណ្ឌិត គុណ ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់។

លោកបណ្ឌិតបានលើកឡើងអំពីការលំបាកដែលបងប្អូនជនភៀសសឹកជួបប្រទះមានដូចជា ការខូចខាតឬបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិ ការខកខានមិនបានប្រកបរបរចិញ្ចឹមជីវិត កូនចៅមិនបានទៅសាលារៀន ជាពិសេសគ្រួសារអ្នកមានជំងឺ ស្ត្រីមានផ្ទៃពោះ និងគ្រួសារមានកូនតូច កាន់តែមានការលំបាកថែមទៀត។

លោកបណ្ឌិតបានបញ្ជាក់ថា អំណោយដែលបានយកមកជូននាពេលនេះ គឺស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលដែលតែងតែគិតគូរដល់ សុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹក ហើយចលនានៃចូលរួមផ្តល់ជំនួយនេះ បង្ហាញនូវស្មារតីសាមគ្គីភាពខ្មែរជួយខ្មែរក្នុងគ្រាលំបាក។

លោមបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសេវាចាំបាច់នានា ដូចជាតង់ស្នាក់នៅ បន្ទប់ អនាម័យ ប្រព័ន្ធចំរោះទឹកស្អាត ក្រុមគ្រូពេទ្យសង្គ្រោះបឋម និងកន្លែងរៀនបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក។

លោកបណ្ឌិត ក៏បានណែនាំឱ្យបងប្អូនជនភៀសសឹកត្រូវមានការអត់ធ្មត់ និងត្រូវជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាព ការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យបងប្អូនអាចត្រឡប់ទៅរស់នៅប្រកបដោយសុវត្ថិភាព។

លោកបណ្ឌិតក៏បានក្រើនរំលឹកឱ្យមានការយកចិត្តទុកដាក់រក្សាអនាម័យ ថែទាំសុខភាព ជាពិសេសក្នុងរដូវរងានេះ និងសូមមានភាពកក់ក្តៅក្នុងចិត្តថា ទាំងរាជរដ្ឋាភិបាល និងសប្បុរសជនទូទាំងប្រទេសនឹងនៅរួមសុខរួមទុក្ខជាប់ជានិច្ច ដោយមិនបោះបង់ពួកគាត់ចោលឡើយ។ បន្ថែមពីនេះ ពេលត្រឡប់ទៅវិញនាពេលខាងមុខ ត្រូវមានការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាព ទាំងពេលធ្វើដំណើរតាមដងផ្លូវ និងក្នុងពេលរស់នៅក្នុងភូមិ ស្រុករបស់ខ្លួន ដើម្បីបង្ការពីគ្រោះថ្នាក់ជាយថាហេតុ។ ក្នុងករណីមានការសង្ស័យឬជួបប្រទះអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការដោះស្រាយ។

អំណោយសម្រាប់ចែកជូនគ្រួសារជនភៀសសឹកនាឱកាសនេះ រួមមាន អង្ករ ១១៤២៥ គីឡូក្រាម, ទឹកសុទ្ធ ៩៥៣ កេស, មីកញ្ចប់ ២ ២៨៥ កេស និងកញ្ចប់ (Kits) ចំនួន ២ ២៨៥ (១ កញ្ចប់សម្រាប់ ១ គ្រួសារ) ដោយ ក្នុង Kits នីមួយៗ រួមមានត្រីខ ៤ កំប៉ុង, សាច់ជ្រូកផាត់ ១ កញ្ចប់ស្មើ ២៥៩ ក្រាម, ទឹកស៊ីអ៊ីវ ១ ដប, ទឹកត្រី ១ ដប, ទឹកដោះគោខាប់ ៣ កំប៉ុង, ទឹកដោះគោស្រស់ ១ យួរ ស្មើ ៤ កំប៉ុង, ទឹកក្រូចឬតែក្រូចឆ្មារ ២កំប៉ុង, កាហ្វេ ១០ កញ្ចប់តូច, នំស្រួយ ១ កញ្ចប់ធំ, បាយក្តាំង ២ កញ្ចប់, ស្ករស ១ គីឡូក្រាម, ច្រាសដុសធ្មេញ ២, ថ្នាំដុសធ្មេញ ១, សាប៊ូដុសខ្លួន ១ ដុំ, សំឡីអនាម័យ ១ ដុំ, សាប៊ូម្សៅ 250g ១កញ្ចប់ ឬសាប៊ូម៉ាក ORA 110g ២កញ្ចប់តូច, សារុង ១។

ក្រៅពីនេះ ក៏មានកញ្ចប់ (Kits) ដោយឡែកសម្រាប់ស្រ្តីមានផ្ទៃពោះនិងអ្នកមានក្មេងតូច ចំនួន ១០១ កញ្ចប់ដោយក្នុង Kits នីមួយៗ រួមមាន នំ, ទឹកដោះគោ, សំលៀកបំពាក់ និងសម្ភារៈក្មេងលេង។ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ថវិកាសម្រាប់គ្រួសារប្រជាពលរដ្ឋភៀសសឹក ដោយក្នុង ១គ្រួសារ ទទួល ៥០ ០០០ រៀល និង ថវិកា មួយចំនួនផ្សេងទៀត ដល់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងបច័យកសារវត្តផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានពីសំណាក់ យោធាសៀម មកលើកម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បាននាំ យកអំណោយឧបត្ថម្ភជូនកងទ័ពជួរមុខជាបន្តបន្ទាប់ និងអំណោយជូនប្រជាពលរដ្ឋភៀសសឹក សរុបចំនួន ១០ ១១៤គ្រួសារ ដែលបានជម្លៀសមក ទីសុវត្ថិភាពនានាក្នុងខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, ខេត្តកោះកុង, ខេត្តព្រះវិហារ និង ខេត្តឧត្តមានជ័យ។

ដោយមើលឃើញពីស្ថានភាពដែលបងប្អូនជនភៀសសឹកមួយចំនួននៅមិនទាន់អាចត្រឡប់ទៅវិញបាននៅឡើយ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ប្តេជ្ញានឹងបន្តនាំយកជំនួយឧបត្ថម្ភបន្ថែមទៀត នាពេលខាងមុខ៕