វិធានការចំពោះមុខសំខាន់៣ ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីដោះស្រាយផលប៉ះពាល់កើតចេញពីសង្គ្រាមទល់ដែនកម្ពុជា-ថៃ
10-01-2026 22:50
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវវិធានការចំពោះចាំបាច់ចំនួន៣ ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីដោះស្រាយផលប៉ះពាល់ទាំងឡាយបណ្តាលមកពីសង្គ្រាមទល់ដែនរវាងកម្ពុជា-ថៃ។
តាមរយៈសារពិសេសនៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី បានគូសរំលេចថា វិធានការចាំបាច់ទាំង៣នេះ រួមមានការដោះស្រាយសម្រាប់ជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលខូច។
វិធានការទាំង៣នេះ ត្រូវបានសម្តេចមហាបវរធិបតី បញ្ជាក់លំអិតដូចខាងក្រោម៖
ទី១៖ សម្រាប់ជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន៖
ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។
ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ សម្តេចប្រមខុរាជរដ្ឋាភិបាល អំពាវនាវដល់បងប្អូនជនភៀសសឹកទាំងអស់បន្តសហការឱ្យបានស្អិតល្មួតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានយោគយល់ចំពោះការរង់ចាំវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូនវិញ ខណៈដែលការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងអនុវត្តន៍។
ជាមួយការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ។
ក្រុមការងារចំពោះកិច្ចនេះ កំពុងចុះបំពេញការងារនៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ទាំងអស់ ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងសេចក្តីត្រូវការ ដើម្បីដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ សម្រាប់គាំពារជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹកនៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ សម្តៅស្តារជីវភាព និងជំរុញដំណើរការសកម្មភាពរស់នៅប្រចាំថ្ងៃឡើងវិញឱ្យបានឆាប់រហូស។ ទន្ទឹមនឹងនេះ ដើម្បីជំរុញការស្តារឡើងវិញជីវភាពរបស់បងប្អូន រាជរដ្ឋាភិបាល បាននិងកំពុងវាយតម្លៃលើទិដ្ឋភាពសំខាន់ៗចំនួន៣ ទី១) ផលប៉ះពាល់ទៅលើផលដំណាំ, ទី២) ស្ថានភាពបំណុល និងទី៣) ការស្តារឡើងវិញបន្ទាន់នូវសេវាសាធារណៈចាំបាច់ ជាពិសេសបណ្តាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ រួមទាំងបណ្តាញស្ថិតនៅក្រោមការវិនិយោគរបស់ប្រតិបត្តិករឯកជន។
សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានដាក់ចេញនូវវិធានការជួយសម្រួលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការផ្ទាល់នៅសមរភូមិ ក៏ដូចជាប្រជាពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែន ដែលរួមមានការលើកលែងកម្រៃ និងការផាកពិន័យពាក់ព័ន្ធឥណទាន ការទូតទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម និងការរៀបចំឥណទានឡើងវិញជាដើម បន្ថែមពីលើការលុបចោលឥណទានរហូតដល់ ១០លានរៀលដល់យោធិនពិការលើសមរភូមិ និង ៨០លានរៀល ដល់យោធិនដែលពលី។
សម្តេចមហាបវរធិបតី អំពាវនាវដល់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពជួយដល់បងប្អូនជនរងគ្រោះជាបន្តទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន។
ទី២៖ ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន៖
ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹងលើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្ន។
រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។ ជាមួយគ្នានេះសម្រាប់រយៈពេលបន្ទាប់ ក្រសួងមហាផ្ទៃ កំពុងដឹកនាំស្រង់ស្ថិតិរបស់បងប្អូន ហើយនៅពេលប្រមូលបានទិន្នន័យ និងព័ត៌មានចាំបាច់ រាជរដ្ឋាភិបាល តាមរយៈគណៈកម្មការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងដាក់ចេញវិធានការដោះស្រាយជូនបងប្អូនតាមនីតិវិធីជាធរមាន និងការចាប់បាច់ជាក់ស្តែងក្នុងពេលឆាប់ៗខាងមុខនេះ។ បច្ចុប្បន្នដោយមិនរង់ចាំដល់ការស្រង់ស្ថិតិធ្វើរួចរាល់នោះទេ ក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ គណៈកម្មការអន្តរក្រសួងកំពុងរៀបចំនូវកិច្ចប្រជុំ និងពិភាក្សាលើជម្រើសនានា ដើម្បីពិភាក្សារកដំណោះស្រាយសមស្រប ជាក់ស្តែង និងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋ។
ទី៣៖ ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាតមានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង៕



