FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ បន្តជួយកម្ពុជាដោះស្រាយការលំបាកកើតពីសង្គ្រាមកម្ពុជា-ថៃ

10-01-2026 22:51

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវ​ដល់ប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយដល់កម្ពុជាដោះស្រាយ​ការ​លំបាកទាំងឡាយកើតពីសង្គ្រាមកម្ពុជា-ថៃ។

ការអំពាវនាវបានធ្វើឡើងតាមរយៈសារពិសេសនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ។ ក្នុងសារពិសេសនេះ ក្រៅពីបង្ហាញនូវវិធានការដោះស្រាយផលប៉ះពាល់នានាកើតចេញពីសង្គ្រាមកម្ពុជា-ហើយនោះ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក ធនាគារអភិវឌ្ឍន៍អាស៊ី ADB បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍​ដទៃ​ទៀត ដែលបានផ្តល់ជំនួយជាសម្ភារ និងហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយបញ្ហានានាដល់ជនភៀសសឹក ជាពិសេស​ការស្តារជីវភាពរស់នៅរបស់ជនភៀសសឹកនៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ និងការជួសជុលស្តារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាពិសេសសាលារៀន និងមណ្ឌលសុខភាព។

ជាមួយនឹងការថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត នឹងបន្តជួយដល់កិច្ចដំណើរការរបស់កម្ពុជា ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ ជាពិសេសនៅក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ពីជម្លោះព្រំដែន៕