FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ផ្តល់អំណោយជាស្បៀអាហារ និងសម្ភារៈប្រើប្រាស់ ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ

10-01-2026 17:48

(បន្ទាយមានជ័យ)៖ ក្រោមស្មារតីរួមគ្នាជម្នះការលំបាករបស់ជាតិព្រោះ​សង្គ្រាមឈ្លានពាន​ពី​សំណាក់កងទ័ពថៃ, លោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកស្រី ចម ក្រស្នា បានផ្តល់អំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់នានា ជូនទៅដល់​រដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ ទុកចាត់ចែងជូនដល់ជនភៀសសឹក និងវីរៈកងទ័ព។

អំណោយទាំងនេះ ត្រូវបានលោក លីវ សុភក្ត្រា រដ្ឋលេខាធិការក្រសួងអធិការកិច្ច តំណាង​លោក សុខ សុកេន នាំទៅប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយ​មានជ័យ​នាព្រឹកថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២៦នេះ។

លោក លីវ សុភក្ត្រា បានឱ្យដឹងថា អំណោយទាំងនេះ ជាការរៀបចំដោយលោក សុខ សូកេន និងលោកស្រី ចម ក្រស្នា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអធិការកិច្ច និងសប្បុរសជននានា។ អំណោយជាគឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ទាំង​នេះ គឺជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ចាត់ចែងចែកជូន​ដល់​ជនភៀសសឹក និងវីរៈកងទ័ពដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារជាតិមាតុ​ភូមិ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តបន្ទាយមានជ័យនៅមានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារទៀត ដែលអាជ្ញាធរបន្តយក​ចិត្ត​ទុកដាក់ និងដោះស្រាយជូនពួកគាត់។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងភរិយា ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ក៏ដូចជាសប្បុរសជន ដែលបានរួមគ្នាផ្តល់នូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ដល់រដ្ឋបាលខេត្ត។ លោកអភិបាលខេត្ត ចាត់ទុកការផ្តល់អំណោយនេះ ជាកាយវិការប្រកបដោយស្មារតីខ្ពស់ចូលរួមដោះស្រាយការលំបាករបស់ខេត្ត ក៏ដូចជាប្រជាពលរដ្ឋ៕