«សួនច្បារនរោត្តម សីហនុ» ស្ថិតក្នុងក្រុង Fère-en-Tardenois ប្រទេសបារាំង បានសម្ពោធជាផ្លូវការ
09-01-2026 22:11
(ភ្នំពេញ)៖ និមិត្តរូបនៃសន្តិភាព និងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងបារាំង ត្រូវបានចារិកទុកជាថ្មីនៅលើទឹកដីបារាំង តាមរយៈការសម្ពោធជាផ្លូវការនូវ «សួនច្បារនរោត្តម សីហនុ» ស្ថិតក្នុងក្រុង Fère-en-Tardenois ខេត្ត Aisne តំបន់ Hauts-de-France ប្រទេសបារាំង នាថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦។
ពិធីដ៏ឱឡារិកនេះត្រូវបានប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភា ដែលជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី។
ពិធីនេះមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមមាន៖ លោកស្រី Fanny ANOR អភិបាលខេត្ត Aisne, លោកMonsieur Jean-Paul ROSELEUX អភិបាលក្រុង Fère-en-Tardenois, លោកស្រី លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការទូទៅ អមក្រសួង ព្រះបរម រាជវាំង, លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ព្រមទាំង បងប្អូន ប្រជាពលរដ្ឋ ខ្មែររស់នៅប្រទេសបារាំង។
ក្រោមការសម្របសម្រួលពីភាគីម្ចាស់ផ្ទះបារាំង ក្រុង Fère-en-Tardenois បានទទួលជំនួប ចរចា ប្រវត្តិសាស្រ្តជាច្រើនលើករវាងព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រី កម្ពុជា និងភាគី ខ្មែរផ្សេងៗទៀត នាឆ្នាំ១៩៨៧ និង ១៩៨៨។ ជំនួបទាំងនេះ គឺជាពន្លឺដែលនាំទៅ រកការសម្រេច បាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។
សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានមានព្រះបន្ទូល យ៉ាងរំភើបរីករាយថា៖ «ការជ្រើសរើស ទីតាំង នេះ មិនមែនជារឿងចៃដន្យឡើយ។ ព្រះករុណា ព្រះវររាជបិតា ព្រះអង្គ សព្វ ព្រះ រាជ ហឫទ័យយ៉ាងខ្លាំងចំពោះភាពស្ងប់ស្ងាត់នៃប្រាសាទហ្វ៊ែរ (Hostellerie du Château de Fère) ដែល ស្ថិតនៅឃុំ Fère-en-Tardenois នេះ។ គឺនៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ និងភាពស្ងប់ សុខនៃប្រាសាទនេះហើយ ដែលព្រះអង្គ បានចាប់ ផ្តើម ការចរចានាឆ្នាំ១៩៨៧ លើមាគ៌ាដ៏វែងឆ្ងាយដើម្បី នាំមកនូវសន្តិភាព និងការផ្សះ ផ្សារជាតិជូនមាតុភូមិរបស់ព្រះអង្គ»។
ក្នុងឱកាសនោះ ឯកអគ្គរាជទូតកម្ពុជា លុយ ដាវីត ក៏បានគូសបញ្ជាក់ផងដែរថា៖ «ការប្រសិទ្ធនាមសួនច្បារនេះ មិនត្រឹមគ្រាន់តែជាការឧទ្ទិសដល់ ឥស្សរជនឆ្នើមមួយរូបប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការ ចារិកទុកនូវទំព័រប្រវត្តិសាស្រ្ត ស្វែងរក សន្តិភាព ដ៏ សំខាន់ មួយរបស់កម្ពុជា នៅលើទឹកដីបារាំង។ មិនតែប៉ុណ្ណោះ សួនច្បារនេះក៏ជាសក្ខីភាពនៃការរក្សាចំណង ការទូត និងការផ្សារភ្ជាប់គ្នា យ៉ាងស្អិត រមួត រវាងកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូន ដោយកម្តល់នូវតម្លៃមិត្តភាពផងដែរ»។
តាងនាម រាជរដ្ឋាភិបាលកម្ពុជា លោកឯកអគ្គរាជទូតបានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល បារាំង ដែលតែង តែស្ថិត នៅជាមួយកម្ពុជាគ្រប់កាលៈទេសៈ ទាំងក្នុងដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ ការអភិវឌ្ឍនា ពេលបច្ចុប្បន្ន។
អំណឹះតទៅ «សួនច្បារនរោត្តម សីហនុ» ដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាក្រុង Fère-en-Tardenois ក្លាយជាការចងចាំដ៏រស់រវើក និងជាការក្រើនរម្លឹកជានិច្ចថា មិត្តភាពរវាង ប្រជាជាតិ និងប្រជាជាតិ គឺជាមរតកដ៏ឧត្តុង្គឧត្តមបំផុត ដែលយើងអាចបន្សល់ ទុកឱ្យដល់ មនុស្សជំនាន់ ក្រោយ៕






























