FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមទេសចរណ៍អាសុីប៉ាស៉ីហ្វិកប្រចាំកម្ពុជា នឹងរៀបចំជំនួបធុរកិច្ចជារៀងរាល់ខែ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា មិនពឹងផ្អែកលើប្រទេសជិតខាង

09-01-2026 21:48

(ភ្នំពេញ)៖ លោកបណ្ឌិត ធួន សុីណាន ប្រធានសមាគមទេសចរណ៍អាសុីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATACC) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ បានលើកឡើងថា សមាគមនឹងរៀបចំជំនួបធុរកិច្ចជាមួយសមាជិកជារៀងរាល់ខែ ដើម្បីផ្លាស់ប្ដូរទម្រង់ទាក់ទាញភ្ញៀវទេសចរណ៍កម្ពុជា ដោយមិនរំពឹងលើប្រទេសជិតខាង។

ការលើកឡើងនេះបានធ្វើឡើងក្នុងកម្មវិធី «ជំនួបធុរកិច្ចប្រចាំឆ្នាំ ២០២៦» ដែលធ្វើឡើងក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរៀបចំដោយលោកបណ្ឌិត ធួន សុីណាន ប្រធានសមាគមទេសចរណ៍អាសុីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATACC) ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, សមាជិក សមាជិកា និងភ្ញៀវកិត្តិយសជាច្រើនរូប។

លោកបណ្ឌិត ធួន សុីណាន ប្រធានសមាគមទេសចរណ៍អាសុីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATACC) បានថ្លែងយ៉ាងដូច្នេះថា «គោលដៅបន្ទាប់គឺ លោកនឹងមានជំនួបធុរកិច្ចជារៀងរាល់ខែជាមួយសមាជិក សមាជិកា ដោយផ្លាស់ប្ដូរទម្រង់មួយគឺ កុំចាំគេមកគោះទ្វារផ្ទះយើង គឺយើងត្រូវទៅគោះទ្វារផ្ទះគេ ជាពិសេសយើងត្រូវក្រោកឈរឡើង កុំរំពឹងលើអ្នកជិតខាង»។

លោកបណ្ឌិត ធួន សុីណាន បានគូសរំលេចថា សមាគមទេសចរណ៍អាសុីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATACC) បានចាប់ផ្ដើមតាំងពី២០១១ ដោយមានក្រសួងទេសចរណ៍ជាសេនាធិការរបស់រាជរដ្ឋាភិបាល និងគាំទ្រយ៉ាងពេញទំហឹង រហូតមកដល់ពេលបច្ចុប្បន្ន និងបានសម្រេចការងារក្នុងវិស័យទេសចរណ៍ជាច្រើន។

ក្នុងន័យនេះ លោកបណ្ឌិត ធួន សុីណាន បានថ្លែងថា នាពេលខាងមុខ លោកនឹងអញ្ជើញតំណាងវិស័យទេសចរណ៍ មកពីនេប៉ាល់ និង២៥ក្រុមហ៊ុនពីបង់ក្លាដេស។ ជាមួយគ្នានេះ នៅក្នុងចន្លោះខែកុម្ភៈ និងមីនា ឆ្នាំ២០២៥ លោកនឹងអញ្ជើញវិស័យទេសចរណ៍បរទេសមកធ្វើ Bussiness machine បន្ថែមទៀត ដើម្បីរួមគ្នាប្រែក្លាយកម្ពុជាជាទេសចរណ៍ឯករាជ្យ។

លោកបណ្ឌិត ធួន សុីណាន ប្រធានសមាគម PATA បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួបរួមគ្នាផ្សព្វផ្សាយ ដោយឈរលើ ពាក្យស្លោករបស់ក្រសួងទេសចរណ៍ «បុគ្គលម្នាក់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» និងត្រូវទទួលស្គាល់ចំណុចដែលខ្វះខាត ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើន៕