វិភាគអន្តរជាតិ៖ តើលោក ត្រាំ មានមធ្យោបាយអ្វីខ្លះដើម្បីគ្រប់គ្រង Greenland?
09-01-2026 20:42
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគិតគូរជាយូរណាស់មកហើយចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងដែនដី Greenland ជាគំនិតមួយដែលធ្វើឱ្យបណ្ដាមេដឹកនាំអឺរ៉ុប និងប្រជាជន Greenland ខឹងសម្បារផង និងសើចចំអកផង។ ប៉ុន្តែនៅបន្ទាប់ពីសហរដ្ឋអាមេរិកវាយប្រហារលើវ៉េណេស៊ុយអេឡា និងចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃទី៣ ខែមករា វាបានបង្ហាញថាមហិច្ឆតារបស់លោក ត្រាំ ចង់គ្រប់គ្រងដែនដីក្នុងតំបន់អាក់ទិកមួយនេះហាក់មានភាពប្រាកដប្រជាជាងពេលណាៗទាំងអស់។
Greenland ដែលជាតំបន់ស្វយ័តមួយរបស់ដាណឺម៉ាក និងមានប្រជាជនរស់នៅ ៥៧០០០នាក់ បានទទួលឱ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានទ័ពមួយរួចទៅហើយ។ តែរដ្ឋបាលលោក ត្រាំចង់បាន សិទិ្ធអំណាចគ្រប់គ្រងបន្ថែមលើដែនដីមួយនេះ ដោយសារតែ Greenland មានទីភូមិសាស្ត្រយុទ្ធសាស្ត្រយ៉ាងសំខាន់នៅក្នុងតំបន់អាក់ទិកដើម្បីការពារផលប្រយោជន៍សន្តិសុខសហរដ្ឋអាមេរិក និង NATO។ «យើងត្រូវការ Greenland សម្រាប់ការការពារ»។ នេះជាអ្វីដែលលោក ត្រាំ បានប្រាប់កាសែតអាមេរិក The Atlantic កាលពីថ្ងៃទី៤ ខែមករា ជាមួយការអះអាងថា Greenland កំពុងត្រូវបានហ៊ុមព័ទ្ធដោយកប៉ាល់ចិន និងរុស្ស៉ី។ Greenland ក៏សម្បូរផងដែរធនធានធម្មជាតិ ក្នុងនោះរួមមានឧស្ម័នធម្មជាតិ ប្រេង និងរ៉ែដែលត្រូវបានប្រើក្នុងបច្ចេកវិទ្យា និងយោធាដែលកំពុង ក្លាយជាចំណុចក្ដៅមួយក្នុងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
តែទោះជាបែបនេះក្ដី រដ្ឋបាលលោក ត្រាំ កំពុងប្រឈមនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងពីបណ្ដាមេដឹកនាំ NATO ក្នុងនោះមានទាំងដាណឺម៉ាដែលនៅតែមានសិទ្ធិអំណាចចាត់ចែងគោលនយោបាយ ការពារជាតិ និងការបរទេសរបស់ Greenland។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី៦ ខែមករា មេដឹកនាំដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៉ីតាលី ប៉ូឡូញ និងចក្រភពអង់គ្លេសបាននិយាយថា មានតែប្រជាជនដាណឺម៉ាក និងប្រជាជន Greenland តែប៉ុណ្ណោះដែលអាចសម្រេចចិត្តលើបញ្ហាពាក់ព័ន្ធនឹងដាណឺម៉ាក និង Greenland។ ដូច្នេះតើលោក ត្រាំ អាចមានវិធីសាស្ត្រអ្វីខ្លះដើម្បី គ្រប់គ្រង Greenland?
* គាំទ្រចលនាគាំទ្រឯករាជ្យរបស់ Greenland
ក្នុងអាណត្តិទី២របស់លោក ត្រាំ រដ្ឋបាលរបស់លោកបាន និងកំពុងព្យាយាមទាញយកផលប្រយោជន៍ពីចលនាគាំទ្រឯករាជ្យនៅលើទឹកដី Greenland ដើម្បីជំរុញការគាំទ្រសហរដ្ឋអាមេរិក។ អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានបំពេញទស្សនកិច្ចទៅកាន់ Greenland កាលពីខែមីនា ឆ្នាំ២០២៥ ហើយបានបង្ហាញការគាំទ្រដល់ឯករាជ្យភាពរបស់ Greenland ពីដាណឺម៉ាក។ លោក Vance បានលើកឡើងអំឡុងទស្សនកិច្ចនៅពេលនោះថា «ប្រជាជន Greenland កំពុងឆ្ពោះទៅរកភាពជាម្ចាស់ការធ្វើការសម្រេចចិត្តដោយខ្លួនឯង។ យើងសង្ឃឹមថាពួកគេ នឹងជ្រើសរើសធ្វើជាដៃគូជាមួយសហរដ្ឋអាមេរិក ពីព្រោះយើងគឺជាប្រទេសតែមួយនៅលើភពផែនដីដែលនឹងគោរពអធិបតេយ្យ និងសន្តិសុខរបស់ពួកគេ»។ តាមលោកអនុប្រធានាធិបតីអាមេរិក សហរដ្ឋអាមេរិកមានគម្រោងបើកកិច្ចចរចាដាច់ដោយឡែកជាមួយ Greenland។ តែក្នុងពេលបច្ចុប្បន្ន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ Greenland នៅត្រូវការការយល់ព្រមពី ដាណឺម៉ាកជាមុនសិន។
កាលពីខែធ្នូ ឆ្នាំ២០២៥ លោក ត្រាំ បានតែងតាំងអភិបាលរដ្ឋមកពីខាងបក្សសាធារណរដ្ឋនៃរដ្ឋ Louisiana លោក Jeff Landry ជាបេសកជនពិសេសទទួលបន្ទុកកិច្ចការ Greenland ជាមុខនាទីមួយបង្កើតឡើងដោយលោក ត្រាំ និងជាសញ្ញាបញ្ជាក់ពីចេតនារបស់សហរដ្ឋអាមេរិកដែលចាត់ទុក Greenland ជាដែនដីមួយដាច់ដោយឡែកពីដាណឺម៉ាក។ សហរដ្ឋអាមេរិកត្រូវបាន រាយការណ៍ថាបាន និងកំពុងធ្វើសកម្មភាពស៊ើបការណ៍ និងធ្វើប្រតិបត្តិការជាសម្ងាត់ដើម្បីបញ្រ្ជាបឥទ្ធិពលរបស់ខ្លួនលើចលនាគាំទ្រឯករាជ្យរបស់ Greenland ហើយដាណឺម៉ាកក៏បានកោះហៅ ឯកអគ្គរដ្ឋទូតអាមេរិកកាលពីឆ្នាំ២០២៥ ផងដែរជុំវិញសេចក្ដីរាយការណ៍ពីប្រតិបត្តិការសម្ងាត់នេះ។ ការស្ទង់មតិបានបង្ហាញថាប្រជាជន Greenland ភាគច្រើនបាននិយាយថាពួកគេនឹងបោះឆ្នោត គាំទ្រឯករាជ្យភាពពីដាណឺម៉ាក ប្រសិនបើត្រូវបានផ្ដល់សិទ្ធិក្នុងការបោះឆ្នោតប្រជាមតិ។ បើរឿងបែបនេះពិតជាកើតឡើងមែន Greenland ក៏នឹងត្រូវតម្រូវឱ្យមានការអនុម័តនៃកិច្ចព្រមព្រៀងមួយ រវាងរដ្ឋាភិបាលរបស់ខ្លួន និងដាណឺម៉ា ដើម្បីអាចប្រកាសឯករាជ្យបាន។ តែ ៨៥ភាគរយនៃប្រជាជន Greenland នៅក្នុងការស្ទង់មតិកាលពីឆ្នាំមុនបាននិយាយថាពួកគេប្រឆាំងជំទាស់នឹង Greenland ចាកចេញពីដាណឺម៉ាក ដើម្បីក្លាយជាផ្នែកមួយនៃទឹកដីអាមេរិក។
* ចរចាស្វែងរកកិច្ចព្រមព្រៀង
ជម្រើសផ្សេងទៀតដែលត្រូវបានរាយការណ៍ដែរនោះ គឺការទិញយកដែនដី Greenland។ តាមសែតអាមេរិក Wall Street Journal រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់ក្រុមអ្នកតំណាងរាស្រ្តអាមេរិកថារដ្ឋបាលលោក ត្រាំ ចង់ទិញយក Greenland ពីដាណឺម៉ាក។ Wall Street Journal បានឱ្យដឹងទៀតថា លោក Rubio ក៏បាននិយាយដែរថា ការសម្លុតគំរាមរបស់សេតវិមានប្រឆាំងនឹង Greenland គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចរចា មិនមែនជាសញ្ញានៃការឈ្លានពានភ្លាមៗណាមួយនោះទេ។ ទាំង Greenland និងដាណឺម៉ាកបានឱ្យដឹង ថាពួកគេចង់ជួបលោក Rubio ដើម្បីបញ្ជាក់ឱ្យច្បាស់ពីការអះអាងរបស់សហរដ្ឋអាមេរិកលើ Greenland។
ក្រុមមន្ត្រីអាមេរិកត្រូវបានរាយការណ៍ថាបានលើកឡើងពីកិច្ចព្រមព្រៀង Compact of Free Association ឬ COFA។ COFA ជាកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធ អាមេរិកធ្វើប្រតិបត្តិការនៅលើដែនដីណាមួយ ជាថ្នូរឱ្យសហរដ្ឋអាមេរិកផ្ដល់ការការពារ សេវាមួយចំនួន និងការលើកលែងពន្ធគយជាដើម។ សព្វថ្ងៃសហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀង COFA ជាមួយ ប្រទេសដែនកោះ Micronesia Marshall Islands និង Palau។ ប៉ុន្តែកិច្ចព្រមព្រៀងរបៀបនេះត្រូវតម្រូវឱ្យ Greenland ក្លាយជារដ្ឋឯករាជ្យមួយពីដាណាម៉ាក ជាមុនសិន។ លោក Landry ធ្លាប់បានប្រាប់ទូរទស្សន៍ CNBC ថាលោកផ្ទាល់គិតថាលោក ត្រាំ គាំទ្រឯករាជ្យភាពរបស់ Greenland ហើយអាមេរិកអាចផ្ដល់កិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ល្អមួយឱ្យ Greenland ជាងដាណឺម៉ាក ឬអឺរ៉ុប។
* យោធាតែងតែជាជម្រើស
«ប្រសិនបើជម្រើសផ្សេងៗបរាជ័យ នោះការប្រើប្រាស់យោធាធាមេរិកតែងតែជាជម្រើសជានិច្ច ឱ្យតែមានបញ្ជាពីអគ្គមេបញ្ជាការកងទ័ពអាមេរិក (ប្រធានាធិបតីអាមេរិក)»។ នេះជាការបញ្ជាក់របស់ សេតវិមានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី៦ ខែមករា។ នេះមិនមែនជាលើកទី១ទេដែលរដ្ឋបាលលោក ត្រាំ សម្លុតគំរាមពីការប្រើកម្លាំងយោធាជាមធ្យោបាយសម្រេចគោលដៅរបស់ខ្លួន។ កាលពី ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានផ្ដល់សក្ខីកម្មទៅកាន់សភាអាមេរិក ដោយនិយាយថាមន្ទីរបញ្ចកោណត្រៀមរួចជាស្រេចនូវផែនការដើម្បីគ្រប់គ្រង Greenland ឬប៉ាណាម៉ាដោយប្រើកម្លាំងបាយនៅក្នុងករណីចាំបាច់។ ក្រុមសមាជិកសភាអាមេរិកបានព្រមានថាការឈ្លានពានណាមួយលើ Greenland នឹងក្លាយជាទង្វើបំពានច្បាប់អាមេរិក និងច្បាប់អន្តរជាតិ។ ណាមួយការបញ្ជូនកងទ័ពអាមេរិកចូលរួមក្នុងសង្រ្គាម ឬជម្លោះប្រដាប់អាវុធ ក្នុងនោះរួមមានទាំងគ្រប់គ្រងដោយយោធាលើពី៦០ថ្ងៃ នឹងតម្រូវឱ្យមានការយល់ព្រមពីសភាទាំង២ របស់សហរដ្ឋអាមេរិក។
សូម្បីតែប្រធានសភាតំណាងរាស្ត្រអាមេរិកមកពីខាងគណបក្សសាធារណរដ្ឋ លោក Mike Johnson ដែលតែងតែការពារលោក ត្រាំ ជាញឹកញាប់ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៦ ខែមករាថាលោកមិនជឿនោះទេថាការដណ្ដើមយក Greenland ដោយកម្លាំងបាយជារឿងត្រឹមត្រូវ។ ក៏ប៉ុន្តែរដ្ឋបាលលោក ត្រាំ បានមិនខ្វល់ពីការជំទាស់របស់នរណានោះទេ តួយ៉ាងអាមេរិក បានធ្វើប្រតិបត្តិការយោធាប្រឆាំងវ៉េណេស៊ុយអេឡា ដឹកនាំការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនក្នុងតំបន់ Caribbean និង Pacific ទោះជាទង្វើនោះត្រូវបានក្រុមអ្នកច្បាប់ និងសម្ព័ន្ធមិត្ត មួយចំនួនរបស់អាមេរិក ចាត់ទុកថាជាការបំពានច្បាប់អន្តរជាតិក៏ដោយ។
ក្រុមអ្នកវិភាគបាននិយាយថាការប្រើកម្លាំងយោធាណាមួយដើម្បីគ្រប់គ្រង Greenland អាចនឹងធ្វើឱ្យបក្សសម្ព័ន្ធយោធា NATO និងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្តរង្គោះរង្គើរ។ មាត្រា ៥ របស់ NATO បានចែងថាការវាយប្រហារលើសមាជិកណាមួយនឹងត្រូវបានចាត់ទុកជាការវាយប្រហារលើ NATO ទាំងមូលដែលតម្រូវឱ្យមានការចាត់វិធានការឆ្លើយតប។ តែទាំងអាមេរិក និងដាណឺម៉ាកសុទ្ធតែជាសមាជិក NATO ដូចគ្នា។ ដូច្នេះប្រសិនបើសមាជិក NATO វាយប្រហារលើគ្នាឯង តើមាត្រា ៥នេះដែលជាមូលដ្ឋានគ្រឹះរបស់បក្សសម្ព័ន្ធយោធាធំជាងគេបំផុតនៅលើ ពិភពលោកមួយនេះនឹងទៅជាយ៉ាងណា? ប៉ុន្តែប្រសិនបើលោក ត្រាំ សម្រេចចិត្តថាត្រូវតែធ្វើសកម្មភាពដើម្បីយក Greenland នោះវាគ្មានអ្វីជាឧបសគ្គសម្រាប់លោកឡើយ។ NATO មិនអាចធ្វើការ ឆ្លើយតបដោយយោធាដោយមិនមានសំឡេងឯកច្ឆន្ទ ក្នុងនោះរួមមានទាំងការយល់ព្រមពីសហរដ្ឋអាមេរិកបាននោះទេ។ ខណៈជាទ្រឹស្ដី បណ្ដាប្រទេសអឺរ៉ុបអាចចេញមុខការពារ Greenland សហរដ្ឋអាមេរិកដែលជាកំពូលមហាអំណាចយោធាលេខ១របស់ពិភពលោក មានកងទ័ពឈរជើងរួចជាស្រេចទៅហើយនៅលើទឹកដី Greenland។
លោក Thomas Crosbie ជាអ្នកជំនាញម្នាក់ខាងប្រតិបត្តិការយោធា មកពីសាកលវិទ្យាល័យ Royal Danish Defense College បាននិយាយថាសហរដ្ឋអាមេរិកមានសមត្ថភាពបញ្ជូនកងទ័ព ក្នុងចំនួនណាមួយទៅកាន់ Greenland មិនថាតាមផ្លូវអាកាស ឬផ្លូវទឹកទេ។ លោកស្រី Lin Mortensgaard ជាអ្នកស្រាវជ្រាវម្នាក់ពីវិទ្យាស្ថាន Danish Institute for International Studies បានបន្ថែមថាប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកអាចនឹងចំណាយពេលត្រឹមតែកន្លះម៉ោង ឬលឿនជាងនេះទៀតក៏ថាបាន៕





