អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈយោគយល់គ្នា ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
09-01-2026 19:39
(កូរ៉េខាងត្បូង)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក Lim Kwanghyun អគ្គនាយក នៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ (Commissioner of National Tax Service, Republic of Korea) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) នៅ Seoul Regional Tax Office) រដ្ឋធានីសេអ៊ូល សារធារណរដ្ឋកូរ៉េ។
ការចុះអនុស្សរណៈយោគយល់គ្នា (MOU) ធ្វើឡើងក្នុងឱកាសលោក គង់ វិបុល អញ្ជើញធ្វើដំណើរទស្សនកិច្ចមកកាន់រដ្ឋបាលសារពើពន្ធសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៦ ។
MOU បានផ្ដោតលើចំណុចមានសារៈសំខាន់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ជាអាទិ៍រួមមាន (១) ការចែករំលែកបទពិសោធន៍រវាងរដ្ឋបាលសារពន្ធនៃប្រទេសទាំងពីរ, (២) ការផ្ដល់ការបណ្ដុះបណ្ដាលនិងសិក្ខាសាលាជូនដល់អ្នកជាប់ពន្ធនិងមន្ត្រីពន្ធដារ, (៣) ការសហការអនុវត្តកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និង(៤) កិច្ចសហការនានាក្នុងការគាំទ្រដល់វិយោគិនជាជនជាតិកូរ៉េដែលវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕














