FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់បទសម្ភាសន៍ជូន Bloomberg ដោយគូសរំលេចថា កម្ពុជា និងថៃ អាចសាងសន្តិភាពជាមួយគ្នាឡើងវិញ ដើម្បីជំរុញកិច្ចកសាងប្រទេស (Video inside)

09-01-2026 18:14

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានផ្តល់បទសម្ភាសន៍​ជូនភ្នាក់ងារសារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg។ កិច្ចភាក្សានេះ​បានផ្តោតយ៉ាងស៊ីជម្រៅលើបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងយុទ្ធសាស្ត្រពង្រឹង​ឧត្តមភាពប្រកួតប្រជែងក្នុងទីផ្សារធុរកិច្ចអន្តរជាតិ សំដៅបង្កើនការបណ្តាក់ទុនវិនិយោគ​ដោយផ្ទាល់ពីបរទេស នៅក្នុងប្រទេសកម្ពុជា។

ការផ្តល់បទសម្ភាសន៍ជូន Bloomberg ជាការបោះជំហានដ៏សំខាន់មួយ​ដើម្បីពង្រឹង​ទំនុកចិត្តវិនិយោគិនសកល និងផ្សព្វផ្សាយអំពីសក្តានុពលរបស់ប្រទេសកម្ពុជា​នៅលើ​ទីផ្សារធុរកិច្ចអន្តរជាតិ ដោយបង្ហាញឱ្យពិភពលោកបានឃើញថា កម្ពុជាបានត្រៀម​ខ្លួន​រួចជាស្រេច ក្នុងការទទួលស្វាគមន៍រាល់គ្រប់គម្រោងវិនិយោគដោយផ្ទាល់ពីបរទេស និងការផ្តល់នូវបរិយាកាសវិនិយោគដែលប្រកបដោយចីរភាព និងផលចំណេញខ្ពស់។

កិច្ចសម្ភាសន៍នេះ គឺជាវេទិកាឆ្លុះបង្ហាញឱ្យឃើញភាពចាស់ទុំនៃយុទ្ធ​សាស្ត្រការទូត​សេដ្ឋ​កិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដែលនឹងត្រូវផ្សព្វផ្សាយទៅកាន់អ្នកតាមដា​ន​សេដ្ឋ​កិច្ច​រាប់​​លាននាក់នៅទូទាំងពិភពលោក ហើយត្រូវបានរំពឹងថា នឹងជួយជំរុញលំហូរទុន​វិនិ​យោគមកកាន់​កម្ពុជាបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃកិច្ចសម្ភាសន៍នេះ៖

Bloomberg៖ បញ្ហាមួយដែលអាចប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជា ពិតណាស់ គឺ​ស្ថានភាពបច្ចុប្បន្នតាមបណ្តោយព្រំដែន។ ខ្ញុំគិតថា ខ្ញុំគួរយកឱកាសនេះ ដើម្បីសួរ​លោក​។ មានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលកំពុងចូលជាធរមាន។ តើលោកមានអ្វីខ្លះ​ជា​ការ​វាយតម្លៃចុងក្រោយបំផុត ហើយតើស្ថានការណ៍នឹងនៅនឹងទេ?

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ខណៈបទឈប់បាញ់នៅតែផុយស្រួយ ចង់បញ្ជាក់​ជា​ថ្មីប្រាប់លោកថា កម្ពុជា ប្តេជ្ញាប្រកាន់ខ្ជាប់នូវបទឈប់បាញ់។ កម្ពុជា ចង់បានសន្តិភាព ហើយខ្ញុំប្រាកដណាស់ថា ថៃ ក៏ចង់បានសន្តិភាពផងដែរ ដើម្បីកសាងប្រទេសយើង ប្រទេសជាតិដ៏គួរឱ្យគោរពរបស់យើង ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋរៀងៗខ្លួន។

យើងប្តេជ្ញាដោះស្រាយជម្លោះតាមរយៈយន្តការសន្តិវិធី។ យើងមានយន្តការ​ផ្សេងៗគ្នា​ស្រាប់ ដូចជា GBC គណៈកម្មាធិការព្រំដែនទូទៅ ឬ JBC គណៈកម្មាធិការចម្រុះ​ខណ្ឌ​សីមាព្រំដែនគោក។ កម្ពុជា និងថៃ នឹងក្លាយជាប្រទេសជិតខាងគ្នាតទៅមុខ​ទៀតរយៈ​ពេលរាប់ពាន់ឆ្នាំ។ ដូច្នេះ ចូរយើងធ្វើការជាមួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចរបស់យើង ដើម្បីជា​ប្រយោជន៍​សម្រាប់ប្រជាជនយើង និងសម្រាប់ប្រយោជន៍អាស៊ាន។

យើងមិនអាចមានជម្លោះទេ បើមិនដូច្នោះយើងនឹងបាត់បង់ភាពជឿជាក់របស់អាស៊ាន។ ដូច្នេះហើយ ខ្ញុំសង្ឃឹម និងប្រាថ្នាឱ្យជម្លោះនេះ នឹងត្រូវបានដោះស្រាយដោយសន្តិវិធី​ឆាប់ៗ​នេះ ជាជាងពេលក្រោយ។ ហើយខ្ញុំក៏ចង់យកឱកាសនេះ ដើម្បីប្រាប់ថា យើង​ត្រូវ​តែបញ្ចុះកម្តៅនៃភាពតានតឹងរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ។ សូមទុក​ឱ្យរដ្ឋា​ភិបាល​ធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពមួយ។ សូមកុំចាក់សាំងបន្ថែម​ពីលើភ្លើង។

Bloomberg៖ ថៃ បានបោះជំហានដោះលែងកងទ័ពកម្ពុជា ១៨នាក់។ ទោះហាក់ដូច​ជា​មានវឌ្ឍនភាពមួយចំនួនបន្តិចមែន ប៉ុន្តែជាក់ស្តែងការប៉ុនប៉ងបទឈប់បាញ់​ពីមុនៗ​បាន​បរាជ័យ។ ដូច្នេះហើយ ខ្ញុំមានចម្ងល់ថា តើមានអ្វីដែលអាចធ្វើឱ្យបទ​ឈប់បាញ់​លើក​នេះ​នៅស្ថិតស្ថេរ ដែលលោកគិតថា វាមានឱកាសល្អជាងមុនថា បទឈប់បាញ់នឹងនៅបន្ត?

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការដោះលែងទាហានទាំង១៨នាក់ គឺជាការសម្រេច​ចិត្ត​ពិតប្រាកដ ហើយយើងអរគុណសហគមន៍អន្តរជាតិចំពោះការគាំទ្រ​ការសម្រេច​ចិត្ត​នេះ និងអរគុណផងដែរដល់រដ្ឋាភិបាលថៃ ចំពោះការដោះលែងទាហាន​ទាំង១៨នាក់​របស់​យើង ដោយផ្អែកលើលក្ខខណ្ឌបទឈប់បាញ់ ដែលយើងបានព្រមព្រៀងគ្នា។ ចាប់​ពីពេលនោះមក យើងបានបន្តធ្វើការជាមួយគ្នា។ យើងបានស្នើឱ្យរដ្ឋាភិបាលថៃ ចូលរួម​ប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក។ ពួកគេធ្វើវាពីដើមរួចមកហើយ ដូច្នេះត្រូវតែធ្វើវាម្តងទៀត។

Bloomberg៖ ថៃ ដូចជាបានហៅការវាយប្រហារបស់ខ្លួនថ្មីៗថា ជាការបង្ក្រាបលើមជ្ឈ​មណ្ឌលបោកប្រាស់។ ខ្ញុំគ្រាន់តែមានចម្ងល់ថា តើកម្ពុជាមើលឃើញពីការពិត​អ្វីខ្លះនៅ​ក្នុង​នោះ?

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អ្នកមិនអាចប្រើបញ្ហាឆបោក ដើម្បីឈ្លានពាន​ប្រទេ​ស​​ណា​មួយបានទេ នេះជាគំនិតរបស់ខ្ញុំ។ ប្រសិនបើមជ្ឈមណ្ឌលបោកប្រាស់មាននៅក្នុង​ដែនដីរបស់កម្ពុជា។ រដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ច សិទ្ធិ អធិបតេយ្យភាព ដើម្បីដោះ​ស្រាយបញ្ហានេះដោយខ្លួនឯង។ យើងមិនត្រូវការប្រទេសទី៣ ដើម្បីមកដោះស្រាយ​បញ្ហា​មជ្ឈមណ្ឌលបោកប្រាស់ក្នុងប្រទេសកម្ពុជាទេ។ អាជ្ញាធរកម្ពុជា បានចាប់ និង​និរទេស​ខ្លួនលោក ចេន ហ្ស៊ី ប្រធានក្រុមហ៊ុនព្រីនស៍ ទៅកាន់ប្រទេសចិន។ វាប្រើពេល​បន្តិចសម្រាប់យើង ដើម្បីស៊ើបអង្កេត និងប្រមូលព័ត៌មាន បន្ទាប់មកយើងចាត់វិធាន​ការ។ នៅពេលយើងមានគ្រប់ភស្តុតាង យើងចាត់វិធានការតាមច្បាប់ប្រទេស​របស់​យើង។

Bloomberg៖ ឆ្នាំមុន នៅខែមេសា កម្ពុជា គឺជាប្រទេសមួយដែលស្ថិត​លើកំពូលតារា​ង​នៃបញ្ជីអត្រាពន្ធខ្ពស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ អត្រាពន្ធលើកម្ពុជា គឺ​ខ្ពស់ណាស់ រហូតដល់៤០ភាគរយ។ លោក បានដឹកនាំក្រុមចរចាសម្រាប់កម្ពុជា ហើយ​ក្រោយមក អត្រានោះត្រូវបានទម្លាក់ទាបជាងមុនខ្លាំង មកត្រឹម ១៩ភាគរយ។ វាមាន​រយៈ​ពេលជាច្រើនខែហើយ ខ្ញុំចង់សួរថា តើមានផលប៉ះពាល់សេដ្ឋកិច្ចអ្វីខ្លះពីអត្រាពន្ធ​នោះ មកទល់ពេលនេះ?

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ពីរថ្ងៃបន្ទាប់ពីការប្រកាស នាយករដ្ឋមន្ត្រីរបស់យើង បានផ្ញើលិខិតមួយទៅកាន់លោកប្រធានាធិបតី ត្រាំ ដោយផ្តល់ការពិភាក្សាលើការចរចា ដែលប្រកបដោយជំនឿល្អពាក់ព័ន្ធនឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ខ្ញុំជឿថា កម្ពុជា គឺជាប្រទេសទី១ ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ​ជា​មួយអាមេរិក។ បច្ចុប្បន្ននេះ យើងបន្តធ្វើការពិភាក្សាជាមួយការិយាល័យតំណាង​ពាណិជ្ជ​កម្ម​អាមេរិក (USTR) លើវិស័យមួយចំនួន ដែលយើងជឿថា គួរតែទទួលបាន​អត្រាពន្ធ​បដិ​ការទាប។ ជាឧទាហរណ៍ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើ​ដំណើរ​ដែលផ្តល់ការងារដល់ប្រជាជនជិត ១លាននាក់ ភាគច្រើនជាស្ត្រី។ ដូច្នេះហើយ យើងបានស្នើទៅ USTR ឱ្យត្រួតពិនិត្យវិស័យដ៏សំខាន់នេះឡើងវិញ ដោយអាច​បន្ធូរ​បន្ថយ ឬទម្លាក់ពន្ធរហូតដល់ទៅសូន្យភាគរយ ដែលសំខាន់សម្រាប់កម្ពុជា។

Bloomberg៖ មានការវិនិយោគជាច្រើនពីចិនសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ហើយខ្ញុំ​យល់​ថា កម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ទាំងអស់នោះផងដែរ។ តើលោកមើល​ឃើញ​ពីកំណើននៃការវិនិយោគពីចិន គួរឱ្យកត់សម្គាល់អ្វីទេកើត​ចេញពីលទ្ធផល​ពន្ធ​គយនេះ?

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ជាមធ្យម ខ្ញុំគិតថា មាន ៥០ភាគរយនៃការ​វិនិយោគ​ដោយផ្ទាល់ពីបរទេស (FDI) បានមកពីចិន។ យើងកំពុងព្យាយាម​ធ្វើពិពិធកម្មនូវ​ចំណែក FDI របស់យើងតាមរយៈការងាកទៅរកប្រទេសផ្សេងៗ។ ខ្ញុំបានទៅអឺរ៉ុប ២ ទៅ៣ដង ហើយខ្ញុំបានទៅសហរដ្ឋអាមេរិក ២ទៅ៣ដងដែរ បានទៅជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងប្រទេសផ្សេងៗទៀត ដោយព្យាយាមផ្សព្វផ្សាយ និងទាក់ទាញការ​វិនិយោគ​ពីប្រទេសដទៃចូលមកកម្ពុជា។ ដូចបាននិយាយនេះ ច្បាប់របស់យើងស្តីពី​ការវិនិ​យោគ​មិនរើសអើប្រឆាំងនឹងវិនិយោគិនណាមួយទេ ដរាបណាគេគោរពច្បាប់ បទប្បញ្ញត្តិ ច្បាប់​ប្រទេស នោះយើងនឹងត្រួតពិនិត្យ ហើយអនុម័តគម្រោង។ ដូច្នេះហើយ ខ្ញុំសូមយក​ឱកាស​នេះ លើកទឹកចិត្តដល់ក្រុមហ៊ុននានាពីសហរដ្ឋអាមេរិក អឺរ៉ុប និងពីជុំវិញពិភព​លោក ឱ្យពិចារណាចូលមកវិនិយោគនៅកម្ពុជា៕