ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល សរសើរក្រសួងពាណិជ្ជកម្ម ដែលខិតខំជំរុញឱ្យជញ្ជីងពាណិជ្ជកម្មទទួលបានលទ្ធល្អ គឺការនាំចូលប្រហាក់ប្រហែលនាំចេញ (Video inside)
09-01-2026 17:48
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាទបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការសរសើរចំពោះក្រសួងពាណិជ្ជកម្ម ដែលខិតខំជំរុញឱ្យជញ្ជីងពាណិជ្ជកម្មទទួលបានលទ្ធល្អ ដោយការនាំចូលប្រហាក់ប្រហែលនាំចេញ។
លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា «ខ្ញុំសប្បាយរីករាយណាស់ ដែលការនាំចេញរបស់យើង និងការនាំចូល វាប្រហាក់ប្រហែលគ្នាហើយ ជញ្ជីងពាណិជ្ជកម្មរបស់យើងល្អណាស់ ពីដើមយើងមានតែការនាំចូលវាច្រើន នាំចេញតិចតួច តែឥឡូវនេះនាំចេញបាន ៣១ពាន់លានដុល្លារ នាំចូល ៣៣ពាន់លានដុល្លារ វាប្រហាក់ប្រហែលគ្នា សូមកោតសរសើរ»។
ស្ថានភាពពាណិជ្ជកម្មអន្តរជាតិក្នុងឆ្នាំ២០២៥ សម្រេចបានចំនួន ៦៥.២៤ពាន់លានដុល្លារអាម៉េរិក កើនឡើងក្នុងរង្វង់ ១៨% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ៣១.២៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧%។ ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាម៉េរិក ៤១% អាស៊ាន ១៨% និងសហភាពអឺរ៉ុប ១៦%៕


