FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសតែងតាំងលោក ម៉ននី បណ្ឌិត ជាអភិបាលស្រុកបាភ្នំ ខេត្តព្រៃវែង ជំនួសលោកឡាយ សំអឿន ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារថ្មី

09-01-2026 17:41

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសតែងតាំង លោកម៉ននី បណ្ឌិត ជាអភិបាលស្រុកបាភ្នំថ្មី ជំនួស លោកឡាយ សំអឿន ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារ នៅសាលាខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាស្រុកបាភ្នំ ជាពិសេស លោក ឡាយសំអឿន អតីតអភិបាលស្រុកបាភ្នំ ដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ប្រជាជន ក្នុងមូលដ្ឋានស្រុកបាភ្នំ ក្នុងរយៈកាលកន្លងមក។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ក្នុងស្រុកបាភ្នំបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍ រីកចម្រើនប្រកបដោយ ចីរភាព សមធម៌ និងបរិយាប័ន្ន។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានចូលរួមអបអរសាទរ ចំពោះលោក ម៉ននី បណ្ឌិត ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលស្រុកបាភ្នំជំនួស លោក ឡាយ សំអឿន ដែលត្រូវបានផ្លាស់ប្តូទៅបំពេញការងារកន្លែងថ្មី។

លោកបានបន្តថា ការប្រកាសតែងតាំងអភិបាលស្រុកបាភ្នំនាពេលនេះ គឺជាការបំពេញរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវ ដែលជាភារកិច្ចដឹកនាំបន្តដើម្បីឆ្លើយតប នឹងការងារជាសេនាធិការរបស់ក្រសួងមហាផ្ទៃ និង រដ្ឋបាលខេត្ត។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកអភិបាលស្រុកបាភ្នំ ដែលទើបនឹងទទួលមុខតំណែងថ្មីនេះ ត្រូវយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនតាមរយៈ ចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានស្រុកបាភ្នំ ឱ្យកាន់តែរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេស ត្រូវបង្កើន សាមគ្គីភាព ឯកភាពផ្ទៃក្នុង ទំនាក់ទំនង និងកិច្ចសហការល្អ ដើម្បីបន្តនិរន្តរ៍ភាពដឹកនាំការងាររដ្ឋបាលស្រុកបាភ្នំបន្តទៀត។

បន្ថែមលើសពីនេះ ត្រូវចុះពិនិត្យមើលការងារនៅមូលដ្ឋាន នៅតាមបណ្តាឃុំ ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានញឹកញាប់ និងពិនិត្យលើការបម្រើសេវាសាធារណៈនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាឲ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕