FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក គ្រោងមកកម្ពុជា នៅថ្ងៃស្អែក ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព

09-01-2026 17:25

(ភ្នំពេញ)៖ លោក Michael DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងមកដល់កម្ពុជា នៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ស្អែក ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីបានទៅដល់ប្រទេសថៃ នៅថ្ងៃសុក្រនេះ។

ជាមួយ​នឹងដំណើរបេសកកម្មនេះ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយចំនួន ៤៥លានដុល្លារ ដល់កម្ពុជា និងថៃ ដើម្បីពង្រឹងកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការជួយប្រទេសទាំងពីរ កសាងសន្តិភាពឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Michael DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា៖ «សហរដ្ឋអាមេរិក នឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា និងថៃ ស្របពេលដែលភាគីទាំងពីរ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ហើយត្រួសត្រាយផ្លូវ ដើម្បីវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពឡើងវិញ សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល»

គួរបញ្ជាក់ថា បើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Michael DeSombre នឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ថៃ និងកម្ពុជា នៅទីក្រុងបាងកក និងទីក្រុងភ្នំពេញ នាថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ព្រមទាំងកិច្ចប្រឹងប្រែងទូលំទូលាយ ក្នុងការលើកកម្ពស់ផលប្រយោជន៍រួម នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលកាន់តែមានសុវត្ថិភាព រឹងមាំ និងរីកចម្រើនថែមទៀត៕