ក្រសួងបរិស្ថាន ដាក់ចេញវិធានការឈ្នះឈ្នះ ដើម្បីការពារប្រជាពលរដ្ឋ បរិស្ថាន និងអ្នកវិនិយោគ
09-01-2026 15:43
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការឈ្នះឈ្នះ ដើម្បីការពារសុមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងអ្នកវិនិយោគបរទេសនៅកម្ពុជា ប្រកបដោយតម្លាភាព និងគណនេយ្យភាពក្នុងសង្គម។ ការដាក់ចេញវិធានការឈ្នះឈ្នះនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី និងប្រតិភូក្រុមវិនិយោគិនជប៉ុន នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
នៅក្នុងជំនួបសម្តែងការគួរសមនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងនូវការស្វាគមន៍ និងរីករាយចំពោះវត្តមានរបស់ប្រតិភូក្រុមវិនិយោគិនជប៉ុន ក្នុងជំនួបនាថ្ងៃនេះ ដែលជាការបង្ករឱកាសងាយស្រួលសម្រាប់អ្នកវិនិយោគិនបរទេសទាំងអស់ដោយស្មើភាព និងតម្លាភាព។
លើសពីនេះ លោករដ្ឋមន្រ្តីក៏បានដាក់ចេញនូវការប្រើប្រាស់ Checklist សាកល្បង តាមប្រព័ន្ធអនឡាញដែលមាននៅលើវេបសាយរបស់ក្រសួងបរិស្ថាន ដើម្បីជួយការពារដល់វិនិយោគិនបរទេសទាំងអស់ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងវិស័យបរិស្ថាននៅកម្ពុជា។ ក្រសួងបរិស្ថានបានអំពាវនាវ និងស្នើឱ្យក្រុមហ៊ុន និងអ្នកវិនិយោគទាំងអស់ប្រើប្រាស់ Checklist តាមប្រព័ន្ធអនឡាញរបស់ក្រសួងបរិស្ថានដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានជាក់លាក់ តម្លាភាពការងារ ប្រកបដោយគណនេយ្យភាព។
ឆ្លើយតបនឹងការលើកឡើងនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងអំណរគុណលោករដ្ឋមន្រ្តី និងកោតសរសើរក្រសួងបរិស្ថានដែលបានយកចិត្តទុកដាក់ចំពោះអ្នកវិនិយោគបរទេសទាំងអស់រួមទាំងអ្នកវិនិយោគជប៉ុនផងដែរ។
ឯកអគ្គ រដ្ឋទូតជប៉ុនមានជំនឿថា ការបង្កឱកាសដ៏ល្អនេះនឹងជួយឱ្យកម្ពុជាទទួលបានអ្នកវិនិយោគិនបរទេសច្រើន។ ជាពិសេសការគោរពច្បាប់វិនិយោគនៅកម្ពុជា គឺជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគដោយតម្លាភាព និងគណនេយ្យភាពសង្គម៕












