FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង នាំយកអំណោយឧបត្ថមជូនគ្រួសារវីរៈកងទ័ពជួរមុខ ប្រជាការពារ និងពលរដ្ឋដែលមានជីវភាពខ្វះខាត២៥០គ្រួសារ នៅស្រុករុក្ខគិរី

09-01-2026 15:38

(បាត់ដំបង)៖ លោក សុខ លូអភិបាលខេត្តបាត់ដំបង និងក្រុមការងារ ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថម្ភជូនដល់ គ្រួសារវីរៈកងទ័ពជួរមុខឈរជើងការពារព្រំដែនកម្ពុជា-ថៃ, ប្រជាការពារ និងពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៥០គ្រួសារ នៅស្រុករុក្ខគិរី។

លើកឡើងនាឱកាសនេះលោក សុខ លូ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។

លោកអភិបាលខេត្ត បានបន្តទៀតថា ការយកចិត្តទុកដាក់នេះដើម្បីកុំឱ្យបងប្អូនវីរៈកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។

លើសពីនេះ លោក សុខ លូ បានបន្តក្រើនរំលឹកដល់ពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនត្រូវដុតសំរាមនាំឱ្យមានផ្សែងបំពុលបរិស្ថាន និងកាត់បន្ថយការប្រើឧបករណ៍បំពង់សំឡេងខ្លាំងក្នុងភូមិឋាន ដែលបង្កការរំខានដោយសំឡេងប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ និងភ្ញៀវទេសចរ។

អភិបាលខេត្ត ក៏បានអំពាវនាវដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយជឿជាក់លើព័ត៌មានពិតដែលមានប្រភពច្បាស់លាស់ពីអង្គភាពព័ត៌មានរបស់រដ្ឋាភិបាល។

លោក សុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន និងក្រើនរំលឹកបងប្អូនត្រូវរួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកដ៏ឈ្លាសវៃ សម្តេចទ្វេតែងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ច៕