មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកថវិកា សម្ភារ គ្រឿងបរិភោគជូនព្រឹន្ទបាលឯក ឃឹម ថុល វីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសតាថាវ ដែលរងគ្រោះដោយសារផ្សែងពុល
09-01-2026 14:45
(កំពង់ស្ពឺ)៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស និងយកគំរូដឹកនាំប្រកបដោយគុណធម៌របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ព្រមទាំងមានចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកនូវថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ ជូនលោកព្រឹន្ទបាលឯក ឃឹម ថុល វីរៈកងទ័ពឈរជើងសមរភូមិជួរមុខ ទិសតាថាវ ខេត្តព្រះវិហារ។
វីរៈកងទ័ពរូបនេះ បានរងគ្រោះដោយសារផ្សែងពុលរបស់ទាហានថៃ និងកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជាការលើកទឹកចិត្ត, លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួន ចំនួន ១,០០០,០០០រៀល ព្រមទាំងសម្ភារគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ ៣បាវ, មីជាតិ ៣កេស, ទឹកសុទ្ធ ៣កេស, ទឹកក្រូច ៣កេស, ទឹកត្រី ៣យួរ និងទឹកស៊ីអ៉ីវ ៣យួរ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់កម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិ ចំនួន ៥នាក់ សរុបចំនួន ១០០,០០០រៀលផងដែរ។
ស្របពេលជាមួយគ្នានេះដែរ ក៏មានការអញ្ជើញចូលរួមចុះសួរសុខទុក្ខពីសំណាក់លោក ទួន ផាវ បាននាំយកនូវអំណោយជាសម្ភារដែលសប្បុរសជនក្នុងមូលដ្ឋានបានចូលរួមសហការគ្នាឧបត្ថម្ភដល់វីរៈកងទ័ពលោកព្រឹន្ទបាលឯក ឃឹម ថុល រួមមានថវិការចំនួន ១០០,០០០រៀល, អង្ករ ១បេ (៥០គីឡូក្រាម), មី ១កេស, ទឹកបរិសុទ្ធវីតាល ១កេស, ទឹកត្រី ១យួរ និងទឹកស៊ីអ៉ីវ ១យួរថែមទៀតផង។
ឆ្លៀតក្នុងពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ចំពោះវីរៈកងទ័ពលោកព្រឹន្ទបាលឯក ឃឹម ថុល ព្រមទាំងកម្លាំងជួរមុខ ទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ជាចុងក្រោយក៏បានជូនពរឲ្យឆាប់បានជាសះស្បើយ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លាន ពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល៕
































