FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំណងដៃឆ្នាំថ្មី! នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួសជុលផ្លូវលំ ១ខ្សែ ប្រវែងជាង ១២គីឡូម៉ែត្រ ចូលភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប សម្រួលការធ្វើដំណើរពលរដ្ឋប្រើប្រាស់

09-01-2026 14:32

(ព្រះវិហារ)៖ ផ្លូវលំ ១ខ្សែប្រវែង ១២.៣គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ ទៅកាន់ភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ត្រូវបានជួសជុលឡើងវិញរួចរាល់ សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប បានថ្លែងថា ផ្លូវលំ១ខ្សែ ដែលបានជួសជុលរួចរាល់ជូនប្រជាពលរដ្ឋប្រើប្រាស់នេះ ជាចំណងដៃឆ្នាំថ្មី របស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះ មូលដ្ឋានខេត្តព្រះវិហារ ជូនប្រជាពលរដ្ឋភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប តាមរយៈរូបលោក។

លោកថា ផ្លូវ ១ខ្សែនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផ្សេងៗ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើលើផ្លូវនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានធ្វើការណែនាំដល់រូបលោក ដើម្បីជួសជុលផ្លូវនេះជូនប្រជាពលរដ្ឋទុកជាចំណងដៃឆ្នាំថ្មី។

លោក សំ លាងទ្រី បានបន្តថា បន្ទាប់ពីទទួលបានការណែនាំពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ រូបលោកបានបញ្ជូនក្រុមការងារបច្ចេកទេស លោក អ៊ូ សៅឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆែបពីរ និងគ្រឿងចក្រ ដើម្បីចុះអនុវត្តគម្រោងជួសជុលផ្លូវនេះរហូតរួចរាល់១០០ភាគរយ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦នេះ។

ស្របពេលដែលផ្លូវនេះបានជួសជុលរួចរាល់ធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងក្រៃលែង និងគោរពថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប និងក្រុមការងារ ដែលបានជួសជុលផ្លូវនេះជូនពួកគាត់ ជាចំណងដៃឆ្នាំថ្មី។ ហើយពួកគាត់ប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ៕