FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសាមគ្គីជាតិខ្មែរ! រដ្ឋបាលក្រុងបាវិត និងក្រុងស្វាយរៀង នាំអំណោយចែកជូនដល់ពលរដ្ឋភៀសសឹក ១ ០០០គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ

09-01-2026 14:31

(ឧត្តរមានជ័យ)៖ ក្នុងស្មារតីសាមគ្គីភាព និងការរួមសុខរួមទុក្ខជាមួយជនរួមជាតិ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារនាំយកស្បៀងអាហារ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១០០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។

សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្នុងមណ្ឌលសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលជាទីតាំងប្រមូលផ្ដុំបងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់ជួរមុខ។

ក្នុងឱកាសជួបសំណេះសំណាលនោះ អភិបាលក្រុងបាវិត បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ «ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការគំរាមកំហែងលើបូរណភាពទឹកដី ស្មារតី ខ្មែរតែមួយ រួមគ្នាជួយខ្មែរ» គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងត្រូវរួបរួមសាមគ្គីគ្នា ក្នុងគ្រាលំបាកត្រូវមានទុក្ខរួមទុក្ខ មានសុខរួមសុខ ដើម្បីការពារសន្តិភាព និងទឹកដីរបស់យើង។

លោកអភិបាលក្រុងបាវិត បានគូសបញ្ជាក់ថា ចំពោះសកម្មភាពនេះមិនត្រឹមតែជាការផ្ដល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដោយមិនឱ្យពួកគាត់នៅឯកោឡើយ។

លោកអភិបាលក្រុងបានបន្តថា ចំពោះអំណោយស្បៀង និងសម្ភារទាំងនេះរដ្ឋបាលក្រុងបានរៀបចំគៀងគរពី បងប្អូនសប្បុរសជនក្នុងខេត្តស្វាយរៀង ដោយស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នា៕