ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នាំអំណោយ និងថវិកា ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤, កងពលធំអន្តរាគមន៍លេខ២ និងជនភៀសសឹក
09-01-2026 13:42
(សៀមរាប)៖ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប, លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងមានការចូលរួមពីអនុប្រធានសាលាដំបូង ចៅក្រម លោកព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋានរដ្ឋបាល ប្រធានអង្គភាពអាជ្ញាសាលា ក្រឡាបញ្ជី និងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បាននាំយកថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤, កងពលធំអន្តរាគមន៍លេខ២ និងជនភៀសសឹក។
អំណោយនេះតាមរយៈអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប។
បន្ថែមលើនេះសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ក៏បានពាំនាំ និងប្រគល់នូវអំណោយជាថវិកា អង្ករគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងកងពលធំអន្តរាគមន៍លេខ២ ដើម្បីយកទៅប្រើប្រាស់បម្រើឱ្យ អង្គភាពទាំងពីរតាមភាពជាក់ស្ដែង។ ម្យ៉ាងជាការចូលរួមចែករំលែករវាងសមរភូមិមុខ និងសមរភូមិក្រោយ ជាកម្លាំងគាំទ្រ ជាការលើកទឹកចិត្ត ដល់វីរជនកងទ័ព ដែលបានពលីកម្ម ឈាមស្រស់ សាច់ស្រស់ ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ការពារប្រជាពលរដ្ឋ។
នាឱកាសនោះផងដែរ ប្រធានសាលាដំបូងខេត្តសៀមរាប និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងគណៈប្រតិភូ ក៏បានផ្តាំផ្ញើរជូនពរដល់វីរកងទ័ពឱ្យមានសុខភាពល្អ ជោគជ័យលើសមរភូម កំចាត់ខ្មាំងសត្រូវ ហើយជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយុទ្ធភូមិភាគទី៤, លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំលេខ២ និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាងអភិបាលខេត្តបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជាការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប និងសប្បុរសជនមួយចំនួនដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ។ កម្មវិធីនេះត្រូវបានបញ្ចប់នៅរសៀលថ្ងៃ ខែ ឆ្នាំដដែល ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕























