FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី កែវ រតនៈ៖ កម្ពុជាកំពុងជំរុញបង្កើតស្ថានីយ៍បញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់ទូទាំងប្រទេស សម្រាប់បម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋ និងការធ្វើអាជីវកម្ម

09-01-2026 12:32

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កម្ពុជាបាននិងកំពុងជំរុញបង្កើតស្ថានីយ៍បញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់នៅទូទាំងប្រទេស សម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម ជាពិសេសសហគ្រាសដឹកជញ្ជូន តាមរយៈនៃការកាត់បន្ថយនូវការចំណាយខ្ពស់ និងការចូលរួមលើកកម្ពស់ថាមពលស្អាត។

ការលើកឡើងបែបនេះរបស់ លោក កែវ រតនៈ បានធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវស្ថានីបញ្ចូលថាមពលរបស់ ក្រុមហ៊ុន ហ្សូ ម៉ូធ័រ ខេមបូឌា។

លោក កែវ រតនៈ បានថ្លែងថា ការដាក់ឱ្យដំណើរសាកល្បង ស្ថានីយ៍បញ្ចូលថាមពលដ៏ធំមួយនៅរាជធានីភ្នំពេញ គឺជាការឈានទៅអនុវត្ដគោលនយោបាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើយ៉ាងណាយកផលប្រយោជន៍ បានមកពីការកែទម្រង់របស់វិស័យអគ្គិសនី ហើយយកមកចែកផលឱ្យដល់សេដ្ឋកិច្ច និងសង្គម ពីព្រោះក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះតាំងពី សម្តេចតេជោ ហ៊ុន សែន ដែលបានកសាងមូលដ្ឋានគ្រឹះឱ្យប្រទេសកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជា មានស្ថិរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេសអគ្គិសនីដើរដោយថាមពលស្អាត។

លោករដ្ឋមន្ត្រី បានថ្លែងបន្ដថា ឥឡូវនេះ សម្តេចបវរធិបតី បានបន្ដការកែទម្រង់នេះ ក្នុងល្បឿនមួយដែលលឿនបន្ថែមទៀត ដែលធ្វើឱ្យប្រទេសកម្ពុជា នៅឆ្នាំ២០២៥ មានថាមពលស្អាតប្រមាណ៦៣% នៃថាមពលសរុបនៅក្នុងបណ្ដាញជាតិ មានន័យថា លើសលប់នៅក្នុងបណ្តាញជាតិ គឺប្រើថាមពលស្អាត ដូច្នេះនេះមិនមែនតែជាជោគជ័យក្នុងវិស័យអគ្គិសនីទេ ប៉ុន្តែយើងយកផលប្រយោជន៍នេះមកជំរុញឲ្យវិស័យដទៃទៀត។

លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ ថ្ងៃនេះជាក់ស្ដែងការយកផលនូវការកែទម្រង់វិស័យអគ្គិសនី មកចែកផលឲ្យវិស័យដឹកជញ្ជូន មានន័យថា ការប្រើប្រាស់ថាមពលស្អាត មិនត្រឹមតែជួយកាត់បន្ថយនូវការបំភាយឧស្ម័នទៅបរិយាកាសនោះទេ ប៉ុន្តែការប្រើប្រាស់រថយន្តអគ្គិសនី នឹងជួយកាត់បន្ថយចំណាយក្នុងការធ្វើអាជីវកម្ម ចំពោះក្រុមហ៊ុនសហគ្រាស ដែលធ្វើការដឹកជញ្ជូន ធ្វើភស្តុភារកម្ម គឺជាឱកាសក្នុងការទម្លាក់ថ្លៃ ដើម្បីសន្សំសំចៃនៅក្នុងអាជីវកម្មរបស់ខ្លួន ចំពោះបងប្អូនប្រជាពលរដ្ឋជាលក្ខណៈគ្រួសារ ពេលដែលប្រើប្រាស់រថយន្តអគ្គិសនី មិនត្រឹមតែចូលរួមចំណែកក្នុងការបង្កើតឲ្យបរិស្ថានរបស់យើងកាន់តែស្អាតដោយសារគ្មានការបំភាយឧស្ម័ននោះទេ ប៉ុន្តែគឺជាការសន្សំសំចៃ ក្នុងការចំណេញដល់ថវិការបស់ខ្លួន ដោយយកថវិកានេះទៅជួយកូនចៅរៀនសូត្រ ឬមួយក៏ធ្វើការវិនិយោគផ្សេងៗ។

លោករដ្ឋមន្រ្ដីបានថ្លែងអំណរគុណដល់ការចង្អុលទិសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ដែល ជាក្រសួងសំខាន់មួយក្នុងការធ្វើគោលនយោបាយផ្នែកដឹកជញ្ជូននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ជាក្រសួងមួយសំខាន់រួមគ្នាជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានជួយគាំទ្រការវិយោគក៏ដូចជាផ្ដល់គោលនយោបាយលើកទឹកចិត្តផ្សេងទៀត ដល់ការដំណើរការនៃគោលនយោបាយផ្នែករថយន្តអគ្គិសនីដើរដោយអគ្គិសនី ដើរដោយអាគុយយហើយក៏ដូចជាការវិយោគក្នុងការតម្លើងរថយន្ដជាដើម។

លោកបណ្ឌិត អ៉ីម សុធារិទ្ធ នាយកប្រតិបត្តិ ហ្សូ ម៉ូធ័រ ខេមបូឌា បានឱ្យដឹងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងការជួយជ្រោមជ្រែងក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ បានធ្វើឱ្យ ហ្សូ ម៉ូធ័រ ខេមបូឌា បានអភិវឌ្ឍស្ថានីយ៍បញ្ចូលថាមពលគ្រប់ទីកន្លែងនៅកម្ពុជា ក្នុងនោះសម្រាប់ជាផែនការ នឹងជំរុញពង្រាយស្ថានីយ៍បញ្ចូលថាមពលល្បឿនលឿនឱ្យបានចំនួន ៣០០ ទីតាំង នៅទូទាំងប្រទេស ក្នុងនោះនៅឆ្នាំ២០២៥ បានបង្កើតស្ថានីយ៍បញ្ចូលថាមពល មានចំនួន៣០ ទីតាំង ចំណែកនៅក្នុងឆ្នាំ២០២៦នេះ គ្រោងសាងសង់ចំនួន២០០ ទីតាំង និងនៅក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងប្រមាណ៧០ ទីតាំងបន្ថែមទៀត ដើម្បីចូលរួមបង្កើតនូវ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍បញ្ចូលថាមពលឱ្យកាន់តែទូលាយ នៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបដែរថា ហេដ្ឋរចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលដ៏ទូលំទូលាយ នឹងផ្តល់ប្រយោជន៍ជាច្រើនដូចជា៖
១៖ ផ្តល់ទំនុកចិត្តកាន់តែខ្លាំងឡើងដល់អ្នកកំពុងប្រើប្រាស់ និងអ្នកមានបំណងប្រើប្រាស់យានយន្តអគ្គិសនី
២៖ ជួយសម្រួលដល់អាជីវកម្មលក់ និងចែកចាយយានយន្តអគ្គិសនី ឲ្យកាន់តែមានចីរភាព
៣៖ ជួយប្រើប្រាស់ថាមពលអគ្គិសនីដែលផលិតក្នុងស្រុក
៤៖ កាត់បន្ថយលំហូសាច់ប្រាក់ចេញក្រៅប្រទេសដើម្បីទិញឥន្ធនៈពីបរទេស
៥៖ ជួយប្រជាពលរដ្ឋសន្សំសំចៃថវិកា ដោយប្តូរមកប្រើយានយន្តអគ្គិសនី
៦៖ លើកកម្ពស់ថាមពលស្អាតតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកខ្វក់ទៅលើអាកាស
៧៖ ជួយធ្វើឲ្យប្រសើរដល់សុខភាពសាធារណៈ តាមរយៈការបន្ថយជាតិពុលក្នុងបរិយាកាស
៨៖ ធ្វើឲ្យទំនិញចុះថោក តាមរយៈតម្លៃដឹកជញ្ជូនទាបជាងមុន៕