លោកស្រី លីម ដារ៉ែន ជួនណារិន្ទ ឧបត្ថម្ភជ្រូក២០ក្បាល ដល់កម្លាំងនគរបាល និងកងទ័ពឈរជើងជួរមុខទិសប្រាសាទព្រះវិហារ, តាថាវ និងភ្នំ៣៩៨
09-01-2026 12:28
(ព្រះវិហារ)៖ លោកស្រី លីម ដារ៉ែន ភរិយាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ដឧបត្ថម្ភសាច់ជ្រូកចំនួន២០ក្បាល ដល់កម្លាំងនគរបាល និងកម្លាំងកងទ័ពជើងនៅជួរមុខទិសប្រាសាទព្រះវិហារ។
សាច់ជ្រូកចំនួន២០ក្បាលនេះ ត្រូវបានភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះវិហារ នាំយកទៅប្រគល់ជូនតាមបណ្ដាគោលដៅរួចរាល់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ។
ជ្រូកដែលបានប្រគល់ជូននោះ រួមមាន ៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសតាថាវ និងភ្នំពេញ៣៩៨, ៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ, ១០ក្បាល ជូនកម្លាំងនគរបាលឈរជើងលើភ្នំប្រាសាទព្រះវិហារ (ក្នុងនោះ កម្លាំងនគរបាលអន្ដរាគមន៍, កម្លាំងនគរបាលទេសចរណ៍, កម្លាំងនគរបាលបេតិកភណ្ឌ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៧៩៥)។
ជំនួសមុខឲ្យកម្លាំងនគរបាល និងកម្លាំងកងទ័ព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី លីម ដារ៉ែន ភរិយាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភសាច់ជ្រូក២០ក្បាល ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់កម្លាំងជួរមុខ។
សូមជម្រាបថា ជានិច្ចកាលលោកស្រី លីម ដារ៉ែន ជួនណារិន្ទ តែងតែឧបត្ថម្ភទាំងគ្រឿងឧបភោគ បរិភោគ និងថវិកាជាបន្ដបន្ទាប់ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងប្រកៀកស្នាគ្នាយ៉ាងរឹងមាំ ការពារបូរណភាពទឹក និងដែនអធិបតេយ្យជាតិ។ ក្រៅពីកម្លាំងជួរមុខ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកស្រី លីម ដារ៉ែន ក៏តែងសួរសុខទុក្ខដោយផ្ទាល់កម្លាំងនគរបាល និងកងទ័ពដែលសម្រាកនៅតាមមន្ទីរពេទ្យផងដែរ៕









