FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យនៃក្រសួងការងារ៖ កម្មករ-កម្មការិនីរោងចក្រ យូ ជា ឆេង បានចូលធ្វើការជាធម្មតាវិញ

08-01-2026 13:05

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កម្មករ-កម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយករណីតវ៉ារបស់ពួកគាត់បញ្ចប់សព្វគ្រប់ កាលពីថ្ងៃម្សិលមិញ។

លោក ស៊ុន មេសា បានឱ្យដឹងថា៖ «នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ យូ ជា ឆេង បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានដោះស្រាយករណីតវ៉ារបស់ពួកគាត់ចប់សព្វគ្រប់ និងយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់»

បន្ថែមពីនេះ អ្នកនាំពាក្យដដែលរូបនេះ បានអះអាងថា រាល់បញ្ហានានារបស់បងប្អូនកម្មករ-និយោជិត មិនថាតែក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ គឺក្រសួងការងារ តែងតែយកចិត្តទុកដាក់ដោះស្រាយដោយលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពដោយមិនព្រងើយកន្តើយនោះឡើយ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់អាចប្តឹង ឬផ្តល់ដំណឹងមកលេខHotline “១២៨៦” ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួង ដោះស្រាយបញ្ហាជូន៕