អភិបាលស្រុកតាំងគោក នាំយកអំណោយចុះចែកជូនជនចាស់ជរា ៤០គ្រួសារ នៅឃុំពង្រ
07-01-2026 14:19
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហនគរព្រមទាំងអាជ្ញាធរឃុំនាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ លោកតា លោកយាយ ចាស់ជរាចំនួន ៤០គ្រួសារ នៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បាននាំនូវការផ្តាំផ្ញើសួរទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ក៏ដូចជាលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងបានបញ្ជាក់ថា លោកទាំងទ្វេតែងតែបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណព្រះចៅអធិការវត្តគុហនគរ ដែលតែងតែចូលរួមជាមួយរដ្ឋបាកស្រុក និងរដ្ឋបាលឃុំនូវសកម្មភាពចុះសួរសុខទុក្ខបងប្អូនភៀសសឹក និងគ្រួសារកងទ័ព ដែលបានភៀសសឹកមកនៅទីសុវត្ថិភាពស្រុកតាំងគោកកន្លងមក និងសកម្មភាពជាច្រើនដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ។
បន្ថែមពីនេះទៀតលោក ហាក់ ម៉ុងហួត ក៏បានផ្តាំផ្ញើដល់លោកតា លោកយាយទាំងអស់ ស្ថិតនៅក្នុងរដូវត្រជាក់នេះត្រូវចេះថែ រក្សាសុខភាពឱ្យបានជាប់ជាប្រចាំ ខណៈដែលខែត្រជាក់បានចូលមកដល់ ជាពិសេស នោះគ្រួសារដែលមានសមាជិកចាស់ៗ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុខភាពដោយការត្រៀមសម្លៀកបំពាក់ក្រាស់ៗ ភួយ ជាដើម។
អភិបាលស្រុកតាំងគោក ក៏ បាន ក្រើនរំលឹកដល់ប្រជាជនគ្រប់រូបយកចិត្តទុកដាក់ ក្នុងការតាមដានសុខភាព ដោយការពិនិត្យនៅតាមមណ្ឌលសុខភាព ពេទ្យបង្អែក ដែលនៅជិតបំផុត ខណៈដែលសព្វថ្ងៃនេះសេវាសុខាភិបាលកាន់តែទំនើប និងមានក្រុមគ្រូពេទ្យជំនាញៗផងដែរ។
ជាមួយគ្នានោះដែរ លោក ហាក់ ម៉ុងហួត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំភូមិឃុំធ្វើការតាមដាន និងចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ដើម្បីដឹងពីបញ្ហាផ្សេងៗ និងត្រូវសូមរាយការណ៍ដល់ ថ្នាក់លើដើម្បីដោះស្រាយ និងអន្តរាគនម៍ឲ្យទាន់ពេលវេលា។
សូមបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូនលោកតា លោកយាយ ទាំង៤០គ្រួសារនោះរួមមាន៖ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ សារ៉ុង រួមទាំងថវិកា មួយចំនួនទៀតផងដែរ៕
















