លោក ចាយ បូរិន អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម នៅគេហដ្ឋាន
07-01-2026 09:09
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាសមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាន បូរីឧទ្យានបាសាក់ មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌច្បារចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលសម្ដេច និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់ទីកន្លែងគ្រប់ពេលវេលា។
កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ សូមសម្ដែងកតញ្ញុតាធម៌ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានចាត់ប្រតិភូមកសួរសុខទុក្ខខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយសនិងការរំភើបរីករាយក្រៃលែង ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់ របស់ជាតិបន្តពីសម្តេចតេជោ ហ៊ុន សែន ដោយយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ»។
កិត្តិនីតិកោសលបណ្ឌិត ក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗបន្តទៀត ពិសេសជឿជាក់លើទេពកោសល្លដឹកនាំរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយទំនាស់ជាមួយថៃដោយសន្តិវិធី តាមរយៈយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» និងតាមផ្លូវការទូត ច្បាប់អន្តរជាតិ ព្រមទាំងជឿជាក់លើវីរៈកងទ័ព វីរនគរបាលជាតិ ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី។
ទន្ទឹមនេះ កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ បម្រើគណបក្សប្រជាជនកម្ពុជាក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ដើម្បីជាបទពិសោធចែកជូនដល់យុវជនជំនាន់ក្រោយ។
កិត្តិនីតិកោសលបណ្ឌិត បានសិក្សាទាំងក្នុងនិងក្រៅប្រទេស ដូចជា ការទូត ការងារដីធ្លី នគរូបនីយកម្ម និងសំណង់ ដោយបានបង្កើត ដឹកនាំបង្កើតបានស្នាដៃជាច្រើន ពិសេសច្បាប់ គោលនយោបាយ ជាអាទិ ច្បាប់ភូមិបាលនិងបទដ្ឋានបច្ចេកទេសសម្រាប់គ្រប់គ្រងការងារចុះបញ្ជីដីធ្លី និងការងារនគរូបនីយកម្មនិងសំណង់។
កិត្តិនីតិកោសលបណ្ឌិត បានចូលបម្រើការងារក្នុងវិស័យអប់រំតាំងពីឆ្នាំ១៩៦១ ដល់១៩៧៥ ហើយក្នុងសម័យប៉ុលពត ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងគ្រួសារត្រូវបានជន្លៀសទៅតំបន់២១ ឃុំត្រមូងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រោយឆ្នាំ១៩៧៩ កិត្តិនីតិកោសលបណ្ឌិត បានបំពេញតួនាទីជាច្រើន ជាប្រធានការិយាល័យទទួលជំនួយមនុស្សធម៌នៃក្រសួងសុខាភិបាលនិងសង្គមកិច្ច ជាអនុប្រធានគណៈកម្មាធិការជាតិទទួលជំនួយមនុស្សធម៌ ជាអនុប្រធាននាយកដ្ឋានបូកសរុបក្រសួងការបរទេស ជាអនុប្រធាននិងជាប្រធាននាយកដ្ឋានបូកសរុប នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល ជាអនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអគ្គនាយកវិទ្យុនិងទូរទស្សន៍ជាតិ ជារដ្ឋមន្ត្រីក្រសួងអប់រំជាតិ ជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា SNC (ភាគីរដ្ឋកម្ពុជា) ជាសមាជិករដ្ឋសភានីតិកាលទី១ មណ្ឌលភ្នំពេញ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុករដ្ឋបាលស៊ីវិល ជារដ្ឋមន្ត្រី បន្ទាប់មកជាទេសរដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងចាប់ពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៦ ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៩ឆ្នាំ ហើយបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៅទៀត ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានចែករំលែកបទពិសោធន៍ និងផ្ដល់អនុសាសន៍មួយចំនួន ដល់យុវជនគណបក្ស ដូចខាងក្រោម៖
១. កត្តាសាមគ្គីភាព ជាកម្លាំង យុវជនទាំងអស់គ្នាត្រូវចូលរួម លើកកម្ពស់មនសិការស្នេហាជាតិឱ្យបានរឹងមាំ ដើម្បីជាខឿនការពារជាតិ និងជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោធិបតី។
២. សូមគាំទ្រ សកម្មភាពរបស់យុវជនគណបក្សថ្នាក់កណ្ដាល សូមឱ្យបន្តសកម្មភាព សួរសុខទុក្ខដ៏ប្រពៃនេះ ឱ្យបានទូលំទូលាយពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។
៣. ព្រះរាជាណាចក្រកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ជាស្នូលដឹកនាំ ជាខ្នងបង្អែករបស់ជាតិ ហើយបច្ចុប្បន្ន សម្ដេចមហាបវរធិបតី បាននិងកំពុងបន្តដឹកនាំ នាវាកម្ពុជាឈានឆ្ពោះទៅសម្រេច ចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
៤. ពិភពលោកមានការវិវឌ្ឍយ៉ាងលឿន ដូច្នេះយុវជនត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព សិក្សារៀនសូត្រគ្រប់មុខវិជ្ជា ជាពិសេសវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីដើរឱ្យទាន់ការវិវឌ្ឍរីកចម្រើននៃពិភពលោក។
៥. យុវជនត្រូវបន្តថែរក្សាស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបង្កើតបង្កើនសមិទ្ធផលថ្មីៗ ជាការផ្សារភ្ជាប់ បទពិសោធរបស់ យុវជនជំនាន់មុន និងជាត្រីវិស័យសម្រាប់ការអនុវត្តរបស់យុវជនជំនាន់ក្រោយ។
៦. ក្នុងបរិបទបច្ចុប្បន្ននេះ យុវជនត្រូវរួមគ្នាបង្កើនស្នាដៃ ពង្រីកសេដ្ឋកិច្ចក្នុងស្រុក បំពេញតម្រូវការរបស់ប្រជាជន ដើម្បីឱ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការវិវឌ្ឍរបស់ពិភពលោក។
ប្រធានប្រតិភូ បានសម្ដែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណកោតសរសើរចំពោះ វីរភាព និងស្នាដៃជាច្រើន ដែលកិត្តិនីតិកោសលបណ្ឌិត បានចូលរួមចំណែកបម្រើគណបក្សក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ កន្លងមក ព្រមទាំងបានប្រគល់ជូនវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម និងសូមបួងសួងដល់ វត្ថុសក្ដិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា កិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕










