FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងទេសរដ្ឋមន្រ្តី គន់ គីម នាំយកអំណោយរបស់រដ្ឋាភិបាលចិន ចុះចែកជូនប្រជាពលរដ្ឋភៀសសឹក ១,២០០គ្រួសារ នៅខេត្តបាត់ដំបង

04-01-2026 10:24

(បាត់ដំបង)៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋាភិបាលចិន ឧបត្ថម្ភជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,២០០គ្រួសារ នៅក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

នាឱកាសនោះលោក សុខ លូ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់រលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានអញ្ជើញចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក និងប្រគល់អំណោយដ៏ថ្លៃថ្លា នៅមណ្ឌលសុវត្ថិភាពវត្តខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ដែលមកពីបណ្តាស្រុកជាប់ព្រំដែន មានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន និងខេត្តបន្ទាយមានជ័យ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជូនជំនួយមកកម្ពុជា ដែលនេះជាការរួមចំណែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាល ពិសេសជនភៀសសឹក ដែលជានិច្ចកាលភាគីមិត្តចិនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក។

ក្នុងឱកាសដ៏ថ្លៃថ្លានេះលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញក្តីរីករាយដែលបាននាំយកជំនួយមនុស្សធ៌ម ដែលផ្តល់ដោយរដ្ឋាភិបាលចិន មកឧបត្ថមជូនពលរដ្ឋភៀសសឹកជាមួយនឹងលោកកិត្តិសង្គហបណ្ឌិត គង់ គីម ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានជូនពរប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនទាំងឡាយឆាប់បានវិលត្រឡប់ទៅផ្ទះវិញយ៉ាងឆាប់រហ័ស និងឆ្ពោះទៅរកប្រក្រតីភាពជីវភាពយ៉ាងឆាប់រហ័សវិញ។ ក្នុងនាមជាមិត្តដែកថែបនៃប្រទេសកម្ពុជា ភាគីចិននឹងគាំទ្រកម្ពុជារក្សាស្ថិរភាពនិងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿងនិងការស្តារឡើងវិញដូចពេលមុន៕